v9
V9BET

ក្រុមចំបាប់កម្ពុជា កំពុងហ្វឹកហាត់ពង្រឹងសមត្ថភាព ជាមួយក្រុមកូរ៉េ ត្រៀមប្រជែងយកមេដាយនៅស៊ីហ្គេម ឆ្នាំនេះ

4 weeks ago​ | ដោយ V-Dr

ក្រុមចំបាប់ជម្រើសជាតិកម្ពុជា បាននឹងកំពុងហ្វឹកហាត់យ៉ាងយកចិត្តទុកដាក់ជាមួយក្រុមចំបាប់មកពីកូរ៉េខាងត្បូង នៅក្នុងសាលដំបូលទូកនៃពហុកីឡដ្ឋានជាតិ ដើម្បីត្រៀមប្រជែងរកមេដាយ សម្រាប់ការវិលមកកាន់ការប្រកួតកីឡាស៊ីហ្គេម ជាថ្មីនៅប្រទេសហ្វីលីពីន ឆ្នាំ២០១៩នេះ។

ការធ្វើដំណើរមកហាត់រួមគ្នា របស់ក្រុមចំបាប់នៃសាកលវិទ្យាហាណាំ ប្រទេសកូរ៉េ ដែលមានកីឡាករ៩នាក់ និងគ្រូបង្វឹក១នាក់នេះ គឺត្រូវបានធ្វើឡើង ក្រោមកិច្ចសហការរវាងសហព័ន្ធកីឡាចំបាប់កម្ពុជា និងសហព័ន្ធកីឡាចំបាប់កូរ៉េខាងត្បូង ដែលតែងតែមានទំនាក់ទំនងល្អជាមួយគ្នា។

នៅក្នុងជំនួបសំណេះសំណាល និងបាយជុំគ្នាជាមួយក្រុមប្រតិភូចំបាប់កូរ៉េ លោក Casey Barnett អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា បានថ្លែងថា យើងបានអញ្ជើញក្រុមកីឡាករចំបាប់ មកពីប្រទេសកូរ៉េ ហើយក្រុមនេះ ត្រូវចូលរួមហ្វឹតហាត់ជាមួយក្រុមកីឡាករ កីឡាការិនីជម្រើសជាតិកម្ពុជា រយៈពេល១សប្តាហ៍។

លោក Casey បានបន្ថែមថា៖ «តាមរយៈការហ្វឹកហាត់រួមគ្នានេះ យើងចង់ឲ្យអត្តពលិកចំបាប់របស់យើង ទទួលបានបទពិសោធ និងបច្ចេកទេសបន្ថែមពីក្រុមចំបាប់កូរ៉េ សម្រាប់ត្រៀមចូលរួមការប្រកួតស៊ីហ្គេម ឆ្នាំ២០១៩ នៅហ្វីលីពីន ដែលខ្ញុំមានការជឿជាក់ថា ក្រុមចំបាប់របស់យើង នឹងដណ្តើមបានមេដាយ ដើម្បីជាកិត្តិយស និងមុខមាត់ជូនប្រទេសជាតិ»។

បើតាមលោក ធិន វិចិត្រ អគ្គលេខាធិការសហព័ន្ធកីឡាចំបាប់កម្ពុជា បានឲ្យដឹងថាក្រុមចំបាប់កូរ៉េ និងក្រុមចំបាប់កម្ពុជា បានធ្វើការហ្វឹកហាត់រួមគ្នាតាំងពីថ្ងៃពុធ គឺ១ថ្ងៃហាត់តែ២ម៉ោង។

លោកបានបញ្ជាក់ថា៖ «ដោយសារក្រុមចំបាប់កូរ៉េ មកនេះ មានកម្រិតសមត្ថភាពខ្ពស់ជាងក្រុមជម្រើសជាតិ នៅតាមបណ្តាប្រទេសក្នុងតំបន់អាស៊ាន អ៊ីចឹងការហ្វឹកហាត់រួមគ្នានេះ នឹងជួយឲ្យក្រុមចំបាប់របស់យើងទទួលបានបទពិសោធ និងបច្ចេកទេសថ្មីៗបន្ថែមទៀត ដើម្បីជួយឲ្យយើងមានបច្ចេកទេសកាន់តែល្អប្រសើរ សម្រាប់ត្រៀមការប្រកួតស៊ីហ្គេម ឆ្នាំ២០១៩ នៅហ្វីលីពីន ដែលយើងរំពឹងថា យើងនឹងដណ្តើមបានមេដាយ»៕

កែសម្រួលដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.