v9
V9BET

គង់ សំបូរ ចង់ប្រាប់ទៅពិភពលោកនៅសង្វៀន ONE ថាក្បាច់គុនខ្មែរនៅតែខ្លាំង

5 months ago​ | ដោយ V-Dr

កីឡាករតំណាងក្លឹបអាណាចក្រប្រយុទ្ធ គង់ សំបូរ ថ្មីៗនេះបានបង្ហាញកាលបរិច្ឆេទត្រូវប្រកួតនៅ ONE Championship ហើយ។

អ្នកប្រដាល់រូបស្រស់ចំនូលថ្មីរូបនេះ ត្រូវប៉ះជាមួយជើងខ្លាំងមកពីចិន Zhang Chenglong ក្នុងការប្រដាល់សេរីកម្មវិធី ONE Super Series នៅឯប្រទេសសិង្ហបុរី ត្រូវនឹងថ្ងៃសុក្រ ទី២២ ខែកុម្ភះ ព្រឹត្តិការណ៍ ONE: CALL TO GREATNESS។ ក្នុងនោះក៏មានកីឡាករតំណាងកម្ពុជាមួយរូបទៀតគឺ ខុន ស៊ីចាន់ ដែលនឹងបញ្ចេញស្នាដៃក្នុងកម្មវិធីជាមួយគ្នាដែរ។

ថ្វីបើ គង់ សំបូរ ដឹងថាការប្រកួតមួយនេះមិនងាយស្រួលដូចការប្រកួតធម្មតានៅក្នុងស្រុកមែន ប៉ុន្តែសម្រាប់គាត់ គាត់នឹងធ្វើឲ្យអស់ពីសមត្ថភាពយកជ័យជន្នះពីសិង្ហបុរីមកឲ្យកម្ពុជាឲ្យបាន។ គាត់ពន្យល់ថា៖ «ការប្រកួតមួយនេះវាសំខាន់ណាស់សម្រាប់ខ្ញុំ។ ខ្ញុំនឹងហាត់ឲ្យខ្លាំងហើយវាយឲ្យល្អ ពីព្រោះឥឡូវខ្ញុំវាយតំណាងឲ្យខ្មែរនៅបរទេស ទោះចាញ់ក៏ដោយ ឈ្នះក៏ដោយ ខ្ញុំមានមោទនភាពខ្លាំង ដោយសារខ្ញុំនឹងប្រើឲ្យពីកម្លាំងកាយចិត្ត»។

សព្វថ្ងៃ សំបូរ រស់នៅនិងហ្វឹកហាត់នៅខេត្តសៀមរាប កំពុងសម្រុកហាត់រឹតតែខ្លាំងដើម្បីត្រៀមបានត្រឹមត្រូវមុនចូលសង្វៀនប្រដាល់ធំជាងគេនេះ។ សំបូរ ជាមួយគ្រូបង្វឹកផ្ទាល់នៅក្លឹបអាណាចក្រប្រយុទ្ធ ក៏កំពុងរៀបចំស្នៀតតទល់ភាគីចិនឲ្យទស្សនិកជនមើលសប្បាយភ្នែកតែម្តង។ ម្យ៉ាងក្នុងរដូវកាលបុណ្យណូអែល ក៏ដូចជាបុណ្យឆ្លងឆ្នាំកន្លងទៅ សំបូរ មិនបានយកពេលសម្រាក ឬធ្វើដំណើរកំសាន្តទៅណានោះទេ ពីព្រោះគាត់ចង់យកពេលនោះផ្តោតទៅលើការហ្វឹតហាត់ជាង។

គាត់បង្ហើប៖ «ខ្ញុំហាត់ខ្លាំងសម្រាប់ប្រកួតនេះ ខ្ញុំអត់បានទៅណាទេពេលឆ្លងឆ្នាំហ្នឹង»។ ក្រៅពីហាត់នៅក្លឹបគាត់ក៏ព្យាយាមបង្កើនសកម្មភាពផ្សេងៗទៀតផងដែរដើម្បីជួយដល់រាងកាយកាន់តែពិសេសទៅទៀត។ «បន្ទាប់ពីហាត់នៅក្លឹបហើយ ខ្ញុំទៅទាត់បាល់។ ទាត់ផ្ទប់ជញ្ជាំងចុះឡើងៗ លេងបាល់វាជួយខាងចលនា ហើយឲ្យសរសៃដៃជើងបត់បែនល្អជាងមុន»។

រីឯ Zhang គូប្រកួតភាគីចិនវិញជាកីឡាករម្នាក់មានកេរ្តិ៍ឈ្មោះល្អ និងបទពិសោធន៍ច្រើនសរុបប្រហែលជាង ៥០ប្រកួតរួចមកហើយនៅស្ថាប័នប្រដាល់ដូចជា Gloryជាដើម។ អ្នកប្រដាល់តំណាងក្លឹបអាណាចក្រប្រយុទ្ធរូបនេះ ជឿថាឱកាសដែលបានប្រកួតជាមួយជើងខ្លាំងមួយរូបដូចជា Zhang នេះជាកត្តាជម្រុញគាត់ឲ្យកាន់តែល្អជាងមុន។ គាត់ទន្ទឹងរង់ចាំឡើងបង្ហាញសមត្ថភាពដែលគាត់មានឲ្យគ្រប់គ្នាឃើញ។ សំបូរ និយាយថា៖ «(Zhang) គាត់ខ្លាំងដែរ ប៉ុន្តែប៉ះជាមួយអ្នកខ្លាំង បានធ្វើឲ្យយើងល្អ ប៉ះអ្នកខ្សោយៗ វាអត់សូវល្អទេ យើងមិនសូវសប្បាយខ្លាំង។ ខ្ញុំដឹងគាត់ល្អតែប្រើដៃ តែជើងគាត់អត់សូវល្អទេ។ អញ្ចឹងឥឡូវកំពុងហាត់ការពារច្រើន»។

សំបូរ តែងតែលើកពីអតីតកាលតំណរដូនតាក្បាច់គុនរបស់ខ្មែរ ព្រមទាំងមានជំនឿថាជុំរុំក្បាច់គុនអន្តរជាតិដែលគាត់នឹងមានវត្តមាននោះ ជាកន្លែងដ៏ល្អឥតខ្ចោះដើម្បីបង្ហាញពិភពលោកពីបេះដូងអ្នកប្រដាល់ខ្មែរដែលកំពុងតែរីកដុះដាលខ្លាំងជាងមុន។ «ខ្ញុំមានមោទនភាពខ្លាំងមែនទែនដែលឡើងបញ្ចេញសមត្ថភាពនៅ ONE Championship ចង់បង្ហាញគេគ្រប់គ្នាក្បាច់គុនខ្មែរនៅតែខ្លាំង – មិនបានចុះខ្សោយឡើយ។ ខ្ញុំចង់ប្រាប់ទៅបងប្អូនខ្មែរគ្រប់រូបដែលរង់ចាំមើលការប្រកួតរបស់ខ្ញុំនៅ ONE ថាខ្ញុំនឹងប្រកួតឲ្យអស់ពីលទ្ធភាព និងមិនធ្វើឲ្យបងប្អូនបាក់ទឹកចិត្តលើរូបខ្ញុំឡើយ»។

កែសម្រួលដោយ៖ Cambosport
អត្ថបទ៖ Matias Andres

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.