v9

PPC Bank បានផ្តល់ការឧបត្ថម្ភ ដើម្បីជួយសម្រេចក្តីសុបិនរបស់កីឡាការិនី ស្រួង ភាវី

1 week ago​ | ដោយ V-Dr

ធនាគារ PPC Bank បានឈានដល់ការឧបត្ថម្ភរយៈពេល១ឆ្នាំពេញ ទៅដល់កីឡាការិនីស្នូកឃ័រដ៏ឆ្នើមរបស់កម្ពុជា ស្រួង ភាវី ដើម្បីជួយសម្រួលទៅលើការហ្វឹកហាត់ និងការចេញទៅប្រកួតនៅលើឆាកអន្តរជាតិរបស់កីឡាការិនីរូបនេះ ក្នុងការស្វែងរកមេដាយឲ្យកម្ពុជា ពិសេសជួយឲ្យ ស្រួង ភាវី អាចឈានទៅដល់ការសម្រេចបាននៅក្តីសុបិន គឺប្រជែងដើម្បីក្លាយជាកីឡាការិនីលេខ១លំដាប់ពិភពលោក។

បើទោះបីជា លោក Shin Chang Moo ប្រធានធនាគារ PPC Bank បានបដិសេធ ក្នុងការបង្ហាញចំនួនទឹកប្រាក់ពិតប្រាកដ ដែលបានឧបត្ថម្ភទៅលើកីឡាការិនី ស្រួង ភាវី រយៈពេល១ឆ្នាំនេះ ប៉ុន្តែលោកបានបញ្ជាក់ នៅក្នុងពិធីចុះហត្ថលេខា កាលពីថ្ងៃពុធ លោក Shin Chang Moo បានអះអាងថា ទឹកប្រាក់ឧបត្ថម្ភនោះ គឺធានាថា គ្រប់គ្រាន់ សម្រាប់ការហ្វឹកហាត់ ការប្រកួត និងការធ្វើសកម្មភាពកីឡាផ្សេងៗទៀតរបស់ ស្រួង ភាវី ក្នុងរយៈពេល១ឆ្នាំនេះ។

លោក Shin Chang Moo បានថ្លែងថា៖ «យើងធ្លាប់បានឧបត្ថម្ភដល់កីឡាការិនី ស្រួង ភាវី ម្តងហើយ ពេលគាត់ទៅប្រកួត នៅប្រទេសទួកគី កាលពីខែកញ្ញា ឆ្នាំ២០១៨ ប៉ុន្តែលើកនេះជាការឧបត្ថម្ភជាប្រចាំឆ្នាំដល់គាត់ ដើម្បីជួយសម្រេចក្តីសុបិនរបស់គាត់ ក្នុងការប្រកួតប្រជែងនៅលើឆាកអន្តរជាតិ និងដើម្បីបង្ហាញឲ្យពិភពលោកឃើញថា ប្រទេសកម្ពុជា មានអត្តពលិកនារី ដែលមានសមត្ថភាព អាចឈ្នះពាន់រង្វាន់ធំ នៅក្នុងការប្រកួតប្រជែងលើឆាកអន្តរជាតិ»។

កីឡាការិនី ស្រួង ភាវី ដែលបានរៀបការជាមួយស្វាមី ជាជនជាតិកូរ៉េខាងត្បូង និងបានចាប់អាជីពជាអ្នកលេងស្នូកឃ័រ នៅកូរ៉េនោះ បានសម្តែងពីភាពសប្បាយរីករាយ ចំពោះការទទួលបានការឧបត្ថម្ភរយៈពេលពេញ១ឆ្នាំពីធនាគារ PPC Bank លើកនេះ។

បើទោះបីជា ភាវី ធ្លាប់បានឈ្នះពាន និងមេដាយមាស ប្រាក់ និងសំរឹទ្ធ ជាច្រើន ពីការប្រកួតនៅកូរ៉េ និងលើឆាកអន្តរជាតិ ដែលធ្វើឲ្យអ្នកស្រីជាប់ជាកីឡាការិនីឆ្នើមលេខ១នៅកូរ៉េ និងការប្រកួតកម្រិតអាស៊ី ប៉ុន្តែ ស្រួង ភាវី មានការរំពឹងថា ការឧបត្ថម្ភ នឹងជួយឲ្យគាត់ អាចឈានទៅសម្រេចក្តីសុបិននៃការចង់ក្លាយជាកីឡាការិនីឆ្នើមលំដាប់លេខ១ពិភពលោក ខណៈការប្រកួតជើងពិភពលោក នៅទួកគី កាលពីឆ្នាំ២០១៨ ភាវី បានឈ្នះមេដាយត្រឹមមេដាយសំរឹទ្ធ។

កីឡាការិនីវ័យ២៨ឆ្នាំ ស្រួង ភាវី បាននិយាយថា៖«ខ្ញុំពិតជាអរគុណដល់ធនាគារ PPC Bank ដែលបានផ្តល់ភាពកក់ក្តៅដល់រូបខ្ញុំ ដើម្បីឲ្យខ្ញុំអាចឈានមួយជំហានទៀត ឆ្ពោះទៅរកការសម្រេចបាននូវក្តីសុបិន្តរបស់ខ្ញុំ ក្នុងការក្លាយជាកីឡាករឆ្នើមលំដាប់លេខ១ នៅលើពិភពលោក គឺខ្ញុំនឹងមិនធ្វើឲ្យប្រជាជនកម្ពុជា និងម្ចាស់ឧបត្ថម្ភ មានការខកចិត្តនោះគឡើយ»៕

កែសម្រួលដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.