v9

សាំង សុខសេរី អ្នកចម្រៀងរ៉េបស្រីបង្ហើបថានាងក្លាហានខ្លាំងក្រោយបានហាត់ក្បាច់គុន

2 weeks ago​ | ដោយ V-Dr

នៅពេលដែលអ្នកចំរៀងរេបខ្មែរ សាង សុខសេរី ឡើងឆាកតន្រ្តីម្តងៗ នាងមានភាពក្លាហាន និងទំនុកចិត្តខ្ពស់ ហេតុផលដោយសារបានប្រឡូកក្នុងការសម្តែងជាយូរឆ្នាំមក ហើយក៏មកពីបានហាត់ក្បាច់គុននៅក្លឹប Cambodian Top Team (CTT)ផងដែរ។

ប៉ុន្មានពីរទៅបីខែនេះ កញ្ញាវ័យ ២៦ឆ្នាំនេះ បានចូលហាត់ក្បាច់គុននៅក្លឹបប្រដាល់កំពុងតែមានឈ្មោះល្បីនៅភ្នំពេញ ដែលមានជើងខ្លាំងអាជីពល្បីៗជាច្រើនរូបប្រចាំ ONE Championship ដូចជា រិន សារត្ន័ និងនៅ ស្រីពៅ ជាដើមកំពុងហ្វឹកហាត់ប្រចាំការនៅទីនោះ។ កាលពីក្មេង សុខសេរី ធ្លាប់បានត្រូវគេធ្វើបាប ដូច្នេះនាងមិនសូវជាហ៊ានជាមួយគេទេ នាងមានអារម្មណ៍ថាចាប់តាំងពីនាងបានហាត់ក្បាច់គុនមក វាបានផ្តល់ភាពវិជ្ជមានច្រើនដល់ផ្នែកស្មារតី និងរាងកាយរបស់នាង។

នាងប្រាប់ថា៖ «ហាត់ក្បាច់គុនបានផ្លាស់ប្តូរខ្ញុំខ្លាំងមែនទែន។ កាលនៅក្មេងខ្ញុំខ្សោយណាស់ អីចឹងក្មេងដ៏ទៃគេធ្វើបាបខ្ញុំ។ តែឥឡូវ គ្មានអ្នកណាហ៊ានទេ!» ចាប់តាំងពីក្លឹបកីឡារ CTT បានបើកទ្វារស្វាគមន៍ Tiny Toones ដែលអង្គការក្រៅរដ្ឋាភិបាលមួយធ្វើការយ៉ាងសកម្មក្នុងការជួយកុមារទទួលរងហានិភ័យខ្ពស់ រីឯកញ្ញា សាំង សុខសេរី ក៏មានចំណែកដើរតួយ៉ាងសំខាន់នៅក្នុងកម្មវិធីនោះដែរ។

Tiny Toones ប្រើប្រាស់តន្រ្តី និងការរាំ ជាការបំផុសគំនិត និងជាការអប់រំសម្រាប់ក្មេងៗដែលបានចុះឈ្មោះចូលកម្មវិធី ជាមួយការជួយជ្រំជ្រែងពីក្លឹប CTT ផង ឥឡូវគេបានដាក់បញ្ចូលក្បាច់ការពារខ្លួនក្នុងវគ្គសិក្សា។ សុខសេរី និយាយថា៖ «វាល្អត្រង់ថាយើងអាចប្រាប់ពួកគាត់ពីរបៀបប្រើក្បាច់ខុសៗគ្នា និងបង្រៀនគាត់ពីរបៀបការពារខ្លួនឯង។ ដូច្នេះពេលគាត់ជួបអ្នកធ្វើបាប គាត់ចេះដោះខ្លួនបាន»។

Tiny Toones នៅតែកន្លែងមួយដែលពិសេសដក់ជាប់បេះដូងនាង ហើយនាងនឹងព្យាយាមត្រលប់មកជួយកន្លែងនេះតាមលទ្ធភាពដែលអាចធ្វើបាន។ នាងចែករំលែកប្រវត្តិថា៖ «ខ្ញុំធ្លាប់ជាសិស្សនៅទីនោះ។ ពេលខ្ញុំរៀនចប់ ខ្ញុំបានជួយដើរប្រមូលថវិការឲ្យពួកគាត់។ ពីមុន ខ្ញុំមកធ្វើការស្ម័គ្រចិត្តជួយប្រមែប្រមូលក្មេងៗក្រីក្រពីសហគមន៍នានាដើម្បីឲ្យពួកគាត់មករៀននៅ Tiny Toones»។

អ្នកចំរៀងរ៉េបស្រីរូបនេះ កំពុងមានប្រជាប្រិយភាពខ្ពស់ក្នុងវិស័យសិល្បៈនៃព្រះរាជាណាចក្រកម្ពុជា ដោយសារយើងឃើញនាងមានវត្តមានសម្តែងសឹងគ្រប់ទីកន្លែង។ តែទោះយ៉ាងណាក្តី នាងមិនដែលភ្លេចថាជោគជ័យដល់សព្វថ្ងៃនេះ គឺមានប្រភពមកពីណាឡើយ។ «ខ្ញុំចេះក្បាច់ហ៊ីបហប និងច្រៀងរ៉េបពីក្រុម Tiny Toones។ តាមពិតទៅខ្ញុំចាប់រៀនរាំ Breakdance មុន បន្ទាប់មកបានរៀនច្រៀងរ៉េប។ សព្វថ្ងៃខ្ញុំសរសេរបទភ្លេងដោយខ្លួនតែម្តង។»

ទន្ទឹមនឹងមានភាពល្បីល្បាញខ្លាំង នាងរំលឹកថាក្បាច់គុនបានជួយបង្កើនជំនឿចិត្តនាងច្រើន ហើយនាងចង់ណែនាំមិត្តនារីៗទាំងឡាយឲ្យហាត់រៀនដូចគ្នា។ «ខ្ញុំមានអារម្មណ៍ថាខ្លាំងជាងមុន ហើយខ្ញុំចេះស្នៀតការពារខ្លួនទៀត អីចឹងវាធ្វើឲ្យខ្ញុំមានជំនឿចិត្តខ្ពស់។ ជាធម្មតាយើងដូចជាអត់ត្រូវប្រើកម្លាំងច្រើនទេ ប៉ុន្តែត្រូវចេះប្រើស្នៀតដើម្បីការពារខ្លួនយើងពេលយើងស្លន់ស្លោ!»

ប៉ុន្មានខែចុងក្រោយនេះ យើងសង្កេតឃើញថាមានស្រ្តីខ្មែរជាច្រើនរូបចាប់ផ្តើមមានឈ្មោះបោះសំលេងឡើងក្នុងវិស័យកីឡារ ក្នុងនោះមានកញ្ញា ឯម សុវណ្ណារី ដែលបានបញ្ចេញថ្វីដៃកក្រើកសង្វៀន ONE Championship ក៏ដូចជាកីឡាការិនី នៅ ស្រីពៅ ថ្មីៗនេះទើបបានពានរង្វាន់ «អ្នកប្រដាល់ស្រីប្រចាំឆ្នាំ» ពីកម្មវិធី Lethwei World Championship ជាដើម។

សុខសេរី ជឿជាក់ថាក្បាច់គុនដើរតួយ៉ាងសំខាន់ដើម្បីជួយលើកតម្កើងនារីៗទៅថ្ងៃមុខ។ នាងបន្ថែមថា៖ «ខ្ញុំគិតថាក្បាច់គុនគឺល្អណាស់ ពីព្រោះស្រីៗខ្លះពូកែភ័យខ្លាចច្រើន ដូច្នេះក្បាច់គុនអាចជួយឲ្យគាត់ហ៊ានឡើង និងបាត់ភ័យខ្លាច។ យ៉ាងហោចណាស់យើងចេះការពារខ្លួនឯង នោះហើយជាការជម្រុញទឹកចិត្តល្អមួយ!»។

កែសម្រួលដោយ៖ Cambosport
អត្ថបទ៖ Matias Andres

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.