v9

ក្លិបគិរីវង់សុខសែនជ័យ យកគ្រូថៃមកពង្រឹងក្រុម ត្រៀមលេងលីកកំពូលកម្ពុជា

2 weeks ago​ | ដោយ V-Dr

ក្លិបបាល់បាត់មានមូលដ្ឋាននៅខេត្តតាកែវ គឺគិរីវង់សុខសែនជ័យ បាននាំយកគ្រូបង្វឹកជនជាតិថៃ មកជួយបង្វឹក និងពង្រឹងគុណភាពលេងរបស់ក្រុម ដើម្បីត្រៀមចូលលេងនៅលីកកំពូលកម្ពុជា ដោយក្លិបមួយនេះរំពឹងថា គណៈកម្មាធិការប្រតិបត្តិនៃសហព័ន្ធកីឡាបាល់ទាត់ នឹងដាក់ឲ្យពួកគេចូលលេងនៅឆ្នាំ២០១៩នេះ ជំនួសទីតាំងរបស់ក្រុមវេស្ទើន។

បើទោះបីជា ពេលនេះ ក្លិប Forza របស់ខេត្តសៀមរាប និងខេត្តកំពង់ចាមបានដាក់មកគណៈកម្មាធិការប្រតិបត្តិនៃសហព័ន្ធកីឡាបាល់ទាត់ ដើម្បីបានជាប់ជាបេក្ខភាពចូលរួមការប្រកួតលីកកំពូលកម្ពុជា នៅឆ្នាំ២០១៩នេះដែរ ប៉ុន្តែគ្រូបង្វឹកក្រុមគិរីវង់សុខសែនជ័យ មានការជឿជាក់ថា ក្រុមរបស់លោក នឹងត្រូវជ្រើសរើសដាក់ឲ្យចូលលេងនៅលីកកំពូលកម្ពុជា នៅឆ្នាំនេះ ជាមិនខាន។

លោក ផាន់ ចាន់ផាត គ្រូបង្វឹកក្រុមគិរីវង់សុខសែនជ័យ បានប្រាប់កាលពីថ្ងៃពុធម្សិលមិញថា៖ «យើងមានសង្ឃឹមរហូតដល់៩០ភាគរយថា នឹងបានចូលលេងនៅលីកកំពូល នៅឆ្នាំនេះ ចំណែកក្លិបនៅតាមខេត្ត ខ្ញុំគិតថា គាត់អាចនឹងមានការពិបាកបន្តិច»។

ការសង្ឃឹមបែបនេះ ត្រូវបានលោក ផាន់ ចាន់ផាត អះអាងថា ដោយសារក្លិបគិរីវង់សុខសែនជ័យ មានកីឡដ្ឋានផ្ទាល់ខ្លួន មានរចនាសម្ព័ន្ធគ្រប់គ្រងត្រឹមត្រូវ និងមានធនធានកីឡាករគ្រប់គ្រាន់ ព្រោះក្នុងរយៈពេល២ខែមកនេះ គិរីវង់ បាននាំយកគ្រូបង្វឹកជនជាតិថៃ មកជួយបង្វឹកក្រុម ហើយក៏ត្រៀមនាំយកកីឡាករបរទេស៤នាក់ទៀត មកជួបក្លិបមួយនេះផងដែរ។

លោក ចាន់ផាត បានបន្ថែមថាថា៖ «យើងបានត្រៀមខ្លួនល្អ ទាំងក្រុមកីឡាករ និងក្រុមការងារ ដូចជាគ្រូបង្វឹក គឺយើងមានគ្រូបង្វឹកជនជាតិថៃ ដែលគាត់បានមកជួយពង្រឹងដល់ក្លិបរបស់យើង បាន២ខែហើយ ហេតុនេះបើសិនជាយើងបានចូលលេងនៅលីកកំពូលកម្ពុជានៅឆ្នាំនេះវិញ គឺពួកខ្ញុំមានការជឿជាក់ថា ក្រុមរបស់យើង នឹងមានភាពប្រសើរជាងឆ្នាំកន្លងៗទៅ»។

បើតាមលោក ចាន់ផាត បានឲ្យដឹងទៀតថា គ្រូបង្វឹកជនជាតិថៃ ដែលបាននឹងកំពុងជួយក្រុមគិរីវង់សុខសែនជ័យ ជាគ្រូបង្វឹកមានបទពិសោធច្រើន និងធ្លាប់បានដឹកនាំក្រុម Lao Leonardo Vitorino របស់ឡាវ បន្ទាប់ពីលោក Leonardo Vitorino ដែលបានចាកចេញមកដឹកនាំក្រុមជម្រើសជាតិកម្ពុជាវិញ កាលពីឆ្នាំ២០១៧។

ជាមួយគ្នានេះ គ្រូបង្វឹកថៃរូបនេះ គ្រោងនាំយកកីឡាករប្រេស៊ីល២នាក់ និងថៃ២នាក់ មកជួយក្រុមគិរីវង់ បន្ថែមទៅលើកីឡាករជនជាតិកាប៉ុង១នាក់ ដែលបានចូលជាសមាជិកក្រុមគិរីវង់ រួចហើយ ហើយសម្រាប់ការប្រកួតមិត្តភាព កាលពីថ្ងៃពុធ ក្រុមគិរីវង់ បានស្មើ ១-១ ជាមួយក្រុមម្ចាស់ផ្ទះអគ្គិសនីកម្ពុជា៕

កែសម្រួលដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.