v9

លោក ថោង ខុន ថា ការបង្គំកៅអីនៅពហុកីឡដ្ឋានជាតិមរតកតេជោ មានភាពទំនើបបំផុត

2 weeks ago​ | ដោយ V-Dr

ពហុកីឡដ្ឋានធំ ឬស្តាតធំ (Main Stadium) នៃពហុកីឡដ្ឋានជាតិមរតកតេជោ បានឈានដល់ការដាក់បង្គំកៅអី ដែលត្រូវបានសម្ពោធជានិមិត្តរូបកាលពីព្រឹកថ្ងៃពុធ ហើយនៅក្នុងពិធីនោះ លោក ថោង ខុន ប្រធានគណៈគម្មាធិការជាតិអូឡាំពិកកម្ពុជា បានអះអាងថា ការដាក់បង្គំកៅអីនេះ មានភាពទំនើបបំផុត។

លោក ថោង ខុន បានថ្លែងថា៖ «តាំងពីការចាប់ផ្តើមសាងសង់បាន១៦ខែ គឺនេះជាដំណាក់កាល១ទៀត ដែលក្រុមហ៊ុនសាងសង់ និងតំណាងក្រសួងពាណិជ្ជកម្មចិន បានរៀបចំពិធីអបអរសាទរការបង្គំកៅអី ដើម្បីជានិមិត្តរួមនៃការលេចចេញរូបរាងរបស់ពហុកីឡដ្ឋានធំមរតកតេជោតែម្តង ចំណែកការសាងសងទាំងមូលបាន៤០ភាគរយហើយ ហើយស្តាតធំនេះ នឹងបញ្ចប់នៅចុងឆ្នាំ២០២០»។

រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក ថោង ខុន បានបន្ថែមថា៖ «ការបង្គំកៅអីនៅស្តាតធំ នេះ មានភាពទំនើបណាស់! ការចាក់ស៊ីម៉ង់ដ៍ ចេញមកឃើញថា ស្អាតតែម្តង ហើយការធ្វើមានការប្រុងប្រយ័ត្នបំផុត គឺមានបំពាក់ QR កូដ ក្រែងថា ការដាក់ស៊ីម៉ង់ដ៍ ឬដែកអ្វីមួយ មិនច្បាស់លាស់ ហើយនេះជាដំណាក់កាលមួយសំខាន់ណាស់ ដើម្បីឆ្លងទៅបង្ហាញរូបភាពស្តាតយើងទាំងមូល»។

ចំណែកក្រុមវិស្វករចិន ដែលជាអ្នកសាងសាងពហុកីឡដ្ឋានជាតិមរតកតេជោនេះ បានប្រាប់ថា ការបង្គំកៅអីទាំងអស់ មានចំនួនជាង៧ពាន់ ហើយការដំឡើងបង្គំកៅអីនីមួយៗ មានភាពលម្អៀង បូក ឬដកពីគ្នាតែ២សង់ទីម៉ែត្រប៉ុណ្ណោះ គឺការសងសាងមានការយកចិត្តទុកដាក់ខ្លាំងបំផុត ពិសេសការបង្គំកៅអីនេះ មានសភាពរលោង រចនាឡើងជាមួយបច្ចេកវិទ្យាទំនើបចុងក្រោយរបស់ចិន និងមានបំពាក់ QR កូដ ដើម្បីត្រួតពិនិត្យពីគុណភាពកៅអីទៀតផង។

គួររំឭកថា ពហុកីឡដ្ឋានជាតិមរតកតេជោនេះ ជាជំនួយឥតសំណង់ពីប្រទេសចិន ក្នុងគម្រោងទឹកប្រាក់ជិត១៦០លានដុល្លារ ហើយបានអនុម័តឲ្យសាងសង់ តាំងពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៦ ដែលចែកចេញជា៣ដំណាក់ការ ចំណែកការកសាងដំណាក់កាលទី២នេះ គឺបន្ទាប់ពីដំណាក់កាលទី១ ដែលមានទីលានហែលទឹក និងទីលានកីឡាក្នុងសាល ព្រមទាំងអគារស្នាក់នៅរបស់កីឡាករ កីឡាការិនី បានកសាងរួច កាលពីឆ្នាំ២០១៧។

តាមការគ្រោងទុក ការកសាងពហុកីឡដ្ឋានជាតិមរតកតេជោ ក្នុងដំណាក់កាលទី២នេះ នឹងប្រើពេលសាងសង់រយៈពេល៣ឆ្នាំកន្លះ ទើបរួចរាល់ជាស្ថាពរ រួចទើបបន្តទៅសាងសង់ដំណាក់កាលទី៣ ដែលផ្តោតទៅលើទីលានកីឡាផ្សេងៗទៀត ដែលនៅសេសសល់ ដោយគ្រោងបញ្ចប់នៅចុងឆ្នាំ២០២០៕

កែសម្រួលដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.