v9
V9BET

ឯម សុវណ្ណារី អាចនឹងបានប្រកួតនៅ ONE Championship មុនការគ្រោងទុក

4 months ago​ | ដោយ V-Dr

កីឡាការិនីខ្មែរ-អាមេរិក ឯម សុវណ្ណារី យកបានជោគជ័យធំមួយសម្រាប់អបអរឆ្លងឆ្នាំ២០១៨ សម្រាប់ឆ្នាំនេះវិញនាងនឹងបន្តកសាងសមិទ្ធផលរឹតតែអស្ចារ្យថែមទៀត។ កញ្ញាគុនចម្រុះវ័យ ២៦ឆ្នាំរូបនេះ បានប៉ះអ្នកប្រដាល់ស្រីជើងចាស់ជនជាតិអ៊ុយក្រែននាង Iryna Kyselova កាលពីព្រឹត្តិការណ៍ទីក្រុងកូឡាឡាំពួរ ONE: DESTINY OF CHAMPIONS ដោយក៏បានផ្តួលភាគីប្រើរយៈពេលមិនដល់ ៨១ វិនាទីផង ពេលនោះហើយដែលអាជីពរបស់នាងចាប់ផ្តើមមានសន្ទុះឡើងនៅស្ថាប័នប្រដាល់ ONE Championship។

ការបង្ហាញសមត្ថភាពដ៏ប៉ិនប្រសព្វរបស់នាងក្រោមដំបូលផ្ទះពិភពក្បាច់គុន សុវណ្ណារី ដែលមានទីលំនៅឯរដ្ឋកាលីហ្វ័រញ៉ា បានជម្រុញស្មារតីខ្លួនមិនឲ្យចុះញ៉មឡើយ ព្រោះគ្រប់ការប្រកួតទាំងអស់របស់នាង នាងបានផ្តួលដៃគូឲ្យចាញ់មុនចប់ទឹកទាំងអស់។ បន្ទាប់ពីត្រលប់មកពីវិសម្សកាលវិញ នាងទន្ទឹងចាំចាប់ផ្តើមត្រៀមហ្វឹកហាត់ឲ្យកាន់តែខ្លាំង។

សុវណ្ណារី រៀបរាប់ពីវិស្សមកាលខ្លួន៖ «ខ្ញុំទើបមកពីលេងភ្នំ អីចឹងខ្ញុំចង់ឆាប់បានមកហាត់វិញឲ្យពេញម៉ោងតែម្តង។ ខ្ញុំបានសម្រាកពេញលេញ…មានអារម្មណ៍ធូស្រាលពីស្ត្រេស»។

ថ្វីបើនាងតែងតែប្រាប់គេថា នាងជាមនុស្សខ្មាសអៀនច្រើនមែន ប៉ុន្តែឃើញថាពេលនាងបង្ហាញខ្លួនដើរសំដៅទៅសង្វៀនធំជាងគេលើពិភពលោកជាលើកដំបូង នាងដូចជាមិនបញ្ចេញភាពភ័យខ្លាច ឬអៀនច្រើនអ្វីសោះ។ ដោយមានជំនួយពីគ្រូបង្វឹកផ្ទាល់របស់នាងគឺលោក Justen Hamilton ពីរនាក់គ្រូនិងសិស្ស បានត្រៀមស្នៀតប្រយុទ្ធបំប៉នក្បាច់វាយឈរ និងក្បាច់ចាប់ក្រោមរបស់នាង បានល្អឥតខ្ចោះ ហើយជាលទ្ធផលឃើញថានាងបានផ្តួលខាងអ៊ុយក្រែនបានទាំងមិនមានរបួសអ្វីទាំងអស់។

នាងប្រាប់ថា៖ «ដំបូងឡើយពួកខ្ញុំគិតថាយ៉ាងឆាប់បំផុតគឺខែមេសាដែលយើងអាចបានគូប្រកួតមួួយ។ តែស្តាប់មើលទៅ ប្រហែល ONE អាចរៀបចំឲ្យវាយក្នុងខែកុម្ភះនេះឯង។ ខ្ញុំអត់មានត្រូវរបួសអីទេកាលពីប្រកួតលើកមុន អីចឹងខែកុម្ភះគឺល្អតែម្តង»។

ONE Championship បានប្រកាសជាផ្លូវការថានឹងមានព្រឹត្តិការណ៍ធំៗសរុបចំនួន ៤៥ ព្រឹត្តិការណ៍លក្នុងឆ្នាំ ២០១៩ ដែលនឹងប្រារព្ធនៅលើទឹកដីថ្មីៗដូចជាប្រទេសជប៉ុន និងកូរ៉េខាងត្បូងជាដើម។ តែគួរឲ្យសោកស្តាយ សង្វៀនធំៗទាំងនោះមិនមានធ្វើនៅកម្ពុជាឡើយឆ្នាំ ២០១៩នេះ មិនដូចអ្វីដែល សុវណ្ណារីរំពឹងទុកឡើយ តែយ៉ាងណាកីឡាករខ្មែរ-អាមេរិករូបនេះ ក៏នៅតែរំភើបចិត្តដើម្បីបានឡើងប្រកួតតាមប្រទេសដ៏ទៃដូចគ្នា។ សុវណ្ណារី ប្រាប់៖ «ខ្ញុំចង់ឃើញប្រទេសហ្វីលីពីន និងប្រទេសសិង្ហបុរី ។ មានប្រទេសច្រើន ខ្ញុំគិតថាគ្រប់កន្លែងសុទ្ធតែពិសេសទាំងអស់»។

ទោះបីជា ONE Championship មិនបានរៀបចំសង្វៀននៅព្រះរាជាណាចក្រកម្ពុជាក៏ដោយ សុវណ្ណារី នៅតែប៉ុនប៉ងថាមកលេងទឹកដីដូនតា និងស្គាល់បន្ថែមពីរឹសគល់របស់ខ្លួនឲ្យបាន។

សព្វថ្ងៃពុំទាន់មានដំណឹងថាត្រូវប្រកួតពេលណានោះទេ ប៉ុន្តែកីឡាការិនីប្រភេទទម្ងន់ស្រាល រូបនេះនៅតែខិតខំបន្តហ្វឹកហាត់ ហើយស្វែងរកឱកាសមកលេងកម្ពុជា ហើយបើបានមកមែនគឺនឹងហាត់ជាមួយជើងខ្លាំងកម្ពុជា ចាន់ រតនា ព្រមទាំងគ្រូបង្វឹកផ្ទាល់ Lorenzo Lanzafame
តែម្តង។ «ពួកគាត់រួសរាយរាក់ទាក់មែនទែន កាលទៅប្រកួតនៅម៉ាឡេស៊ី យើងស្គាល់មិត្តភក្តិច្រើនដូចជា Lorenzo និង រតនា ជាដើម»។

សម្រាប់ឆ្នាំ២០១៩ សុវណ្ណារី សង្ឃឹមថាអាចប្រកួតបានច្រើនដងជាងមុនដើម្បីលើកទង់ជាតិប្រទេសកម្ពុជា ក៏ដូចជាកសាងកេរ្តិ៍ឈ្មោះខ្លួនឯងមួយកំរិតទៀតលើសង្វៀនក្បាច់គុនអន្តរជាតិពិភពលោកនេះ។ «តាមចិត្តខ្ញុំ ខ្ញុំចង់ប្រកួតយ៉ាងតិចឲ្យបាន ៣ដង តែចាំមើលសិនថា ONE អាចរៀបចំបានប៉ុន្មានឲ្យខ្ញុំ»។

កែសម្រួលដោយ៖ Cambosport
អត្ថបទ៖ Matias Andres

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.