v9
V9BET

អ្នកស្រុកអន្លង់វែង ធ្វើឲ្យអ្នកចូលរួមការរត់កម្សាន្ត និងដំណើរថ្មើរជើងប្រវត្តិសាស្រ្ត ភ្ញាក់ផ្អើល

8 months ago​ | ដោយ V-Dr

ការចូលរួមប្រកបដោយឆន្ទៈរបស់អ្នកស្រុកអន្លង់វែងនៃខេត្តឧត្តរមានជ័យ ក្នុងការប្រកួតរត់កម្សាន្ត និងដំណើរថ្មើរជើងប្រវត្តិសាស្រ្ត កាលពីចុងសប្តាហ៍មុន បានធ្វើឲ្យមន្រ្តីកីឡារបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) រួមជាមួយភាគីពាក់ព័ន្ធ និងអ្នកចូលរួមផ្សេងទៀត មានការភ្ញាក់ផ្អើលខ្លាំង ព្រោះសកម្មភាពចូលរួមនោះ ពិតជាមានភាពផុសផុលខ្លាំង ជាងព្រឹត្តិការណ៍កីឡា ដែលបានរៀបចំនៅទីប្រជុំជន និងនៅភ្នំពេញ ទៅទៀត។

បើទោះបីជា អន្លង់វែង ជាស្រុកដាច់ស្រយាល និងជាតំបន់បញ្ចប់សង្រ្គាមចុងក្រោយរបស់ខ្មែរក្រហម ប៉ុន្តែតាមរយៈការរៀបចំព្រឹត្តិការណ៍រត់កម្សាន្ត និងដំណើរថ្មើជើងប្រវត្តិសាស្រ្ត ជាលើកដំបូង ដោយមានការរត់៣គីឡូម៉ែត្រ នៅអតីតផ្ទះតាម៉ុក និងការដើរចម្ងាយជាង៥គីឡូម៉ែត្រ ពីច្រកអន្តរជាតិជាំ ទៅពយតាម៉ុក លើភ្នំដងរែកនោះ គឺមានសិស្សានុសិស្ស ក្រុមយុវជន និងក្មេងៗ ចូលរួមជាង១៣០០នាក់ ហើយភាគីថៃ ក៏បានចូលរួមជិត១០០នាក់ផងដែរ។

ការរត់ និងនាំគ្នាដើរថ្មើជើងក្រោមពន្លឺថ្ងៃក្តៅហែង កាលពីថ្ងៃសៅរ៍ កន្លងមកនេះ បានធ្វើឲ្យអ្នកចូលរួម និងអ្នករៀបចំព្រឹត្តិការណ៍នេះ ពិសេសមន្រ្តីតំណាងឲ្យក្រសួងទេសចរណ៍ និង NOCC មានការភ្ញាក់ផ្អើល និងបានវាយតម្លៃខ្ពស់ទៅលើភាពផុសផុលរបស់អ្នកស្រុកអន្លង់វែង។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC និងជារដ្ឋលេខាធិការក្រសួងទេសចរណ៍បានថ្លែងក្រោយការប្រកួតថា៖ «យើងមិននឹកស្មានថា ព្រឹត្តិការណ៍នេះ មានការចូលរួមយ៉ាងច្រើនកុះករពីប្រជាពលរដ្ឋ សិស្សានុសិស្ស និងយុវជន បែបនេះទេ ពិសេសយើងឃើញមានការចូលរួមពីភាគីថៃ ជាច្រើនរយនាក់ ដែលដឹកនាំដោយអភិបាលរងខេត្តស៊ីសាកេត អ៊ីចឹងយើងធ្វើការវាយតម្លៃខ្ពស់ថា ការចូលរួមរបស់ប្រជាពលរដ្ឋ នៅស្រុកអន្លងវែង មានភាពផុសផុលខ្លាំង ធ្វើឲ្យយើងទទួលបានជោគជ័យណាស់ សម្រាប់ការរៀបចំព្រឹត្តិការណ៍ រត់កម្សាន្ត និងដំណើរថ្មើរ ប្រវត្តិសាស្រ្ត ជាលើកដំបូង នៅពេលនេះ»។

ជាមួយគ្នានេះ លោក វ៉ាត់ ចំរើន បានចាត់ទុកការចូលរួមយ៉ាងច្រើននេះ ជាចលករយ៉ាងសំខាន់ ក្នុងការជំរុញឲ្យគម្រោងរៀបចំព្រឹត្តិការណ៍ រត់កម្សាន្ត និងដំណើរថ្មើរប្រវត្តិសាស្រ្ត ទៅជាព្រឹត្តិការណ៍អន្តរជាតិ នៅឆ្នាំក្រោយៗទៀត ដើម្បីធ្វើឲ្យទីតាំងប្រវត្តិសាស្រ្ត នៅក្នុងស្រុកអន្លង់វែងនេះ ក្លាយទៅជាកន្លែងទេសចរណ៍មួយដ៏ទាក់ទាញ តាំងថ្នាក់ជាតិ និងអន្តរជាតិ។

លោក បានបន្ថែមថា៖ «ឥឡូវនេះយើងទទួលបានជោគជ័យមួយជំហានហើយ អ៊ីចឹងនៅឆ្នាំក្រោយយើងដាក់ទិសដៅថា ការរត់កម្សាន្ត និងដំណើរថ្មើរជើងប្រវត្តិសាស្រ្តនេះ ទៅជាលក្ខណៈអន្តរជាតិតែម្តង គឺជាព្រឹត្តិការណ៍កីឡាទេសចរណ៍អន្តរជាតិមួយ នៅអន្លង់វែងនេះ ព្រោះតាមអនុសាសន៍ណែនាំរបស់ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ គឺយើងត្រូវធ្វើយ៉ាងណា រកព្រឹត្តិការណ៍កីឡា ដើម្បីរៀបចំនៅតាមគោលដៅទេសចរណ៍ ដែលមិនទាន់មានការទាក់ទាញ»៕

កែសម្រួលដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.