v9

ធន់ សុភា សុំឲ្យការប្រកួតផ្តាច់ព្រ័ត្ររវាង តាញ់ មករា និង សេរីវ៉ាន់ថង កាត់ក្តីដោយសុក្រឹត

2 weeks ago​ | ដោយ V-Dr

អតីតកីឡាករជើងខ្លាំង និងជាគ្រូបង្វឹករបស់សមាគមកីឡាប្រដាល់ក្រសួងការពារជាតិ ធន់ សុភា បានធ្វើការទទូចសុំទៅដល់គណៈកម្មការអាជ្ញាកណ្តាលចៅក្រមរបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ត្រូវកាត់សេចក្តីឈរលើវិជ្ជាជីវៈ កុំធ្វើការទៅតាមមនោសញ្ចេតនា ឬការស្រឡាញ់ទៅលើកីឡាករម្នាក់ ដែលធ្វើឲ្យប៉ះពាល់ដល់លទ្ធផលនៃការប្រកួត។

ការឡើងរបស់លោក ធន់ សុភា ត្រូវបានធ្វើឡើង ដើម្បីការពារភាពមិនប្រក្រតីទៅលើការដាក់ពិន្ទុរបស់ចៅក្រម ដែលនឹងត្រូវដាក់ឲ្យកាត់សេចក្តី ក្នុងការប្រកួតផ្តាច់ព្រ័ត្រដណ្តើមប្រាក់លានអន្តរជាតិ កំពូលអ្នកប្រដាល់កណ្តាប់ដៃដែក ISI Palm ទម្ងន់៥៧គីឡូក្រាម រវាងសិស្សរបស់លោក តាញ់ មករា និងជើងខ្លាំងវ័យក្មេង ឈុត សេរីវ៉ាន់ថង នៅលើសង្វៀន CNC នារសៀលថ្ងៃអាទិត្យនេះ។

លោក ធន់ សុភា ដែលជាអាជ្ញាកណ្តាល ចៅក្រមម្នាក់ដែរ របស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរនោះ បានប្រាប់ថា៖ «រឿងការប្រកួតខ្ញុំមិនសូវបារម្ភនោះទេ ព្រោះ តាញ់ មករា ត្រៀមខ្លួនបានល្អហើយ ប៉ុន្តែខ្ញុំសំណូមពរទៅគណៈកម្មការអាជ្ញាកណ្តាល និងចៅក្រម សុំឲ្យធ្វើការងារ ដោយវិជ្ជាជីវៈ និងមានភាពសុក្រឹត កុំលម្អៀងទៅខាងណា គឺខ្ញុំសុំតែឲ្យមានយុត្តិធម៌»។

លោកបានបន្ថែមថា៖ «ខ្ញុំនៅតែមិនទាន់ទុកចិត្តលើចំណុចនេះ ហេតុនេះហើយទើបខ្ញុំសុំឲ្យដាក់ពិន្ទុឲ្យសុក្រឹត និងយុត្តិធម៌ ព្រោះគណៈកម្មការរបស់យើងភាគច្រើន ដាក់ពិន្ទុទៅតាមការស្រឡាញ់ គឺគាត់ស្រឡាញ់កីឡាករណា គាត់ផ្តល់ពិន្ទុល្អឲ្យតែកីឡាករនោះ ឯកីឡាករគាត់មិនចូលចិត្ត វ៉ៃចូល២ទៅ៣ដៃ គាត់មិនចង់ដាក់ពិន្ទផង អ៊ីចឹងខ្ញុំសុំរឿងហ្នឹង ដើម្បីកុំឲ្យលទ្ធផលប្រែជាកាឡាប់ចាក់ អ្នកត្រូវឈ្នះ បែជាចាញ់ ឯអ្នកត្រូវចាញ់ បែជាឈ្នះ គឺវាមិនល្អនោះទេ»។

គួររំឭកថា នៅក្នុងការប្រកួតពានរង្វាន់ដណ្តើមប្រាក់លានអន្តរជាតិនេះ ឈុត សេរីវ៉ាន់ថង មកពីខេត្តបាត់ដំបូង បានឈ្នះគ្រប់ការប្រកួតទាំងអស់ ហើយការប្រកួតវគ្គពាក់កណ្តាល់ផ្តាច់ព្រ័ត្រ គេបានទាត់ឲ្យកីឡាករថៃ Phou Takvann ឲ្យខូចជើង នៅទឹកទី២ រីឯ តាញ់ មករា បានឈ្នះ៣ និងចាញ់១ ក្នុងវគ្គវិលជុំ តែគេបានឈ្នះពិន្ទុថៃ Phit Bunmeiy នៅវគ្គ១/២ផ្តាច់ព្រ័ត្រ។

តែទោះបីជាយ៉ាងណា លោក ឈុត សេរី ជាគ្រូបង្វឹក និងជាឪពុកបង្កើតរបស់ ឈុត សេរីវ៉ាន់ថង នៅតែមានការប្រកួត ចំពោះការប្រកួតផ្តាច់ព្រ័ត្រនេះ។ លោកបាននិយាយថា៖ «សេរីវ៉ាន់ថង ត្រៀមខ្លួនបានពេញលេញល្អណាស់ ប៉ុន្តែខាងគេក៏ល្អមួយកំប្លេដូចយើងដែរ ពិសេសស្នៀតជង្គង់របស់ តាញ់ មកតា តែយើងក៏មានវិធីទប់ទល់ក្បាច់នេះហើយដែរ ហេតុនេះចំពោះខ្ញុំសង្ឃឹមត្រឹម៦០ភាគរយសិនបានហើយ»។

ចំណែកកីឡាករថៃ Phou Takvann និង Phit Bunmeiy នឹងត្រូវប្រកួតគ្នាដណ្តើមយកចំណាត់ថ្នាក់លេខ៣ នៅថ្ងៃអាទិត្យ នោះដែរ ចំណែកជើងខ្លាំង រឿង សោភ័ណ្ឌ ក៏ត្រូវដាក់ឲ្យប្រកួតមិត្តភាពអន្តរជាតិ ក្នុងទម្ងន់៦៩គីឡូក្រាមជាមយយ Julien Tor អមការប្រកួតផ្តាច់ព្រ័ត្រពានអន្តរជាតិនេះផងដែរ៕

កែសម្រួលដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.