v9
V9BET

ព្រឹត្តិការណ៍កីឡា«ថ្មើរជើងប្រវត្តិសាស្រ្ត» នឹងត្រូវធ្វើជាលើកដំបូង នៅលើភ្នំដងរែក

8 months ago​ | ដោយ V-Dr

ព្រឹត្តិការណ៍ប្រកួតកីឡាថ្មីមួយឈ្មោះថា «ថ្មើរជើងប្រវត្តិសាស្រ្ត» ត្រូវបានក្រសួងទេសចរណ៍ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) រដ្ឋបាលខេត្តឧត្តរមានជ័យ សាលាស្រុកអន្លង់វែង និងមជ្ឈមណ្ឌលសន្តិភាពអន្លង់វែងនៃមជ្ឈមណ្ឌលឯកសារកម្ពុជា រួមគ្នាបង្កើតឲ្យមានឡើងជាលើកដំបូងនៅកម្ពុជា។

ព្រឹត្តិការណ៍ថ្មីនេះ នឹងត្រូវធ្វើនៅ លើភ្នំដងរែក ក្នុងស្រុកអន្លង់វែង នាថ្ងៃសៅរ៍ ទី៥ ខែមករា ខាងមុខនេះ ដោយត្រូវចេញដំណើរ នៅម៉ោង៦ព្រឹក នៅសារមន្ទីរប្រវត្តិសាស្ត្រអន្លង់វែង ឬសារមន្ទីរអតីតផ្ទះតាម៉ុក និងច្រកអន្តរជាតិជាំ។

ថ្មើរជើងប្រវត្តិសាស្ត្រ គឺជាព្រឹត្តិការណ៍សង្គមដំបូងបង្អស់ ដែលត្រូវបានរៀបចំឲ្យមានឡើង ដើម្បីប្រារព្ធខួបទី២០ឆ្នាំ នៃការទទួលបានសន្តិភាពពេញលេញនៅក្នុងប្រទេសកម្ពុជា បន្ទាប់ពីការធ្វើសមាហរណកម្មចុងក្រោយ នៅស្រុកអន្លង់វែង ក្នុងឆ្នាំ១៩៩៨។

គួររំឭកថា នៅពេលដែលរបបខ្មែរក្រហម បានដួលរលំ នៅខែមករា ឆ្នាំ១៩៧៩ ប្រទេសកម្ពុជា បានគ្របដណ្តប់ទៅដោយរណ្តៅសាកសពរួមជាច្រើន។ បើទោះជារបបនេះត្រូវបានបណ្តេញចេញពីអំណាចនៅឆ្នាំ១៩៧៩យ៉ាងណាក៏ដោយ ក៏សមាជិកខ្មែរក្រហមជាច្រើនបន្តធ្វើសង្គ្រាមទ័ពព្រៃ។

អស់រយៈពេលជិត២ទសវត្សរ៍ ចលនាខ្មែរក្រហម បានគ្រប់គ្រងតំបន់មួយចំនួននៅក្នុងប្រទេសកម្ពុជា ហើយន្លង់វែង ត្រូវបានស្គាល់ថា ជាតំបន់តស៊ូចុងក្រោយរបស់ចលនាខ្មែរក្រហមនេះ។ អន្លង់វែងបានបន្សល់ទុក នូវស្លាកស្នាម នៃការគ្រប់គ្រងរបស់ខ្មែរក្រហម ហើយអតីតកម្មាភិបាលជាច្រើនបន្តរស់នៅក្នុងតំបន់នេះរហូតដល់សព្វថ្ងៃនេះ៕

កែសម្រួលដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.