v9
V9BET

កម្ពុជា គ្រោងបញ្ជូនអត្តពលិកជាង ១០០នាក់ ទៅហាត់នៅក្រៅប្រទេស ក្នុងឆ្នាំនេះ

8 months ago​ | ដោយ V-Dr

មន្រ្តីជំនាញរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានបង្ហើបឲ្យដឹងថា កម្ពុជា នឹងត្រូវបញ្ជូនកីឡាករ កីឡាការិនីវ័យក្មេងមានទេពកោសល្យ ចាប់ពី១០០ទៅ២០០នាក់ ដើម្បីទៅហ្វឹកហាត់រយៈពេលវែង នៅក្រៅប្រទេស ត្រៀមការប្រកួតស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC បានថ្លែងថា៖ «ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២៣ គឺយើងត្រូវរៀបចំយុទ្ធសាស្រ្តឲ្យហើយ ដើម្បីជំរុញកម្រិតបច្ចេកទេសឲ្យដល់កម្រិតកំពូល ចង់និយាយថា យើងរៀបចំការហ្វឹកហាត់ ការបណ្តុះបណ្តាល និងរៀបចំអត្តពលិក រហូតដល់ឆ្នាំ២០២៣ ដើម្បីយើងឈានដល់កម្រិតកំពូល»។

«ឆ្នាំ២០១៩នេះ ជាឆ្នាំពិសេស ដែលយើងរៀបចំដំណាក់កាលទី១ ក្នុងការពង្រឹង សមត្ថភាពបច្ចេកទេស និងគុណផលបច្ចេកទេស ដោយយើងនឹងត្រូវធ្វើការងារយ៉ាងជិតស្និតជាមួយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីជួយក្រសួងអប់រំ លើផ្នែកបច្ចេកទេស ក្នុងការផ្តល់ទៅឲ្យមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺន និងជំរុញក្នុងការចេញទៅហ្វឹកហាត់រយៈពេលវែង នៅក្រៅប្រទេស ដែលយើងត្រៀមលក្ខណៈពី១០០ទៅ២០០នាក់»។

លោក វ៉ាត់ ចំរើន បានបន្ថែមថា៖ «នៅឆ្នាំ២០១៩នេះ គឺធ្វើម៉េចរុញអត្តពលិករបស់យើង ទៅហ្វឹកហាត់នៅក្រៅប្រទេសឲ្យបាន ហើយរឿងនេះ មិនមែនងាយស្រួលប៉ុន្មានទេ ដោយយើងត្រូវមានការសម្របសម្រួលជាមួយនឹងផ្នែកហិរញ្ញវត្ថុ សម្របសម្រួលការងារបច្ចេកទេសជាមួយសហព័ន្ធកីឡាជាតិ ដើម្បីជ្រើសរើសអត្តពលិក មានសមត្ថភាព ទៅហ្វឹកហាត់រយៈពេលវែងនៅក្រៅប្រទេស អ៊ីចឹងគោលដៅនេះសំខាន់ណាស់ សម្រាប់អនុវត្តផែនការមេស៊ីហ្គេមរបស់យើង នៅឆ្នាំ២០២៣»៕

កែសម្រួលដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.