v9
V9BET

NOCC ចោទប៉ុស្តិ៍លេខ៥ ថា មិនបានគោរពកិច្ចសន្យា លើការរៀបចំប្រដាល់ Khmer Fight

8 months ago​ | ដោយ V-Dr

ការសម្ពោធដាក់ឲ្យប្រើប្រាស់ នៅឈ្មោះកម្មវិធីប្រដាល់ខ្មែរហ្វៃ (Khmer Fight) ដែលត្រូវបានធ្វើឡើង ដើម្បីអបអរសាទរពិធីសម្ពោធវិមានឈ្នះឈ្នះ កាលពីរាត្រីថ្ងៃចន្ទ ឆ្លងឆ្នាំ២០១៨ នៅពហុកីឡដ្ឋានមរតកតេជោ កន្លងមកនេះ បានដំណើរការទៅដោយភាពរកាំរកូស ខណៈអ្នកគ្រប់គ្រងកម្មវិធី បានចោទប្រកួតទូរទស្សន៍ប៉ុស្តិ៍លេខ៥ ដែលទទួលបានសិទ្ធិរៀបចំ និងផ្សាយផ្ទាល់ការប្រកួតនេះ មិនបានគោរពកិច្ចសន្យានោះ។

ភាពផុយស្រួយទៅលើលទ្ធផលនៃការប្រកួត ដែលកីឡាករម្ចាស់ផ្ទះកម្ពុជា៥នាក់ សុទ្ធតែបានផ្តួលកីឡាករបរទេសឲ្យសន្លប់នោះ បានធ្វើឲ្យមហាជន និងអ្នកទស្សនា ធ្វើការរិះគន់ទៅលើការរៀបចំព្រឹត្តិការណ៍ Khmer Fight នេះ គឺបានយកលំនាំតាមកម្មវិធី Thai Fight របស់ថៃ ដែលការរៀបចំមានលក្ខណៈជាតិនិយមជ្រុលពេក ដោយយកកីឡាករបរទេស មកប្រកួតសម្រាប់តែចាញ់ កីឡាករម្ចាស់ផ្ទះ ក្នុងលក្ខណៈផុយស្រួយ មិនស័ក្តិសមទៅនឹងឈ្មោះព្រឹត្តិការណ៍ប្រកួត។

បន្ថែមលើនេះ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងជាប្រធានអនុគណៈកម្មាការកីឡា ដែលជាអ្នកគ្រប់គ្រងព្រឹត្តិការណ៍កីឡាក្នុងពិធីសម្ពោធវិមានឈ្នះឈ្នះនេះ ចោទសង្វៀនប៉ុស្តិ៍លេខ៥ បានប្រើប្រាស់ការប្រកួត Khmer Fight ខុសទៅនឹងគោលការកីឡា ដែលបានព្រមព្រៀងគ្នា មុនការប្រកួត។

លោក វ៉ាត់ ចំរើន បានប្រាប់ប្រព័ន្ធផ្សាយថា៖ «តាមការព្រមព្រៀងពីដំបូង គ្រប់សកម្មភាពកីឡាទាំងអស់ក្នុងកម្មវិធី គឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្ញុំផ្ទាល់ ដើម្បីអបអរសាទរពិធីសម្ពោធវិមានឈ្នះឈ្នះ ហើយប៉ុស្តិ៍លេខ៥ អាចដាក់ចូលប្រដាល់ Khmer Fight បាន ដោយគ្រប់គ្រងរួមគ្នា ប៉ុន្តែជាក់ស្តែងប៉ុស្តិ៍លេខ៥ សហការមិនល្អ ដោយអះអាងមុនប្រកួតប្រើប្រាស់ខ្លឹមសារ Khmer Fight ជាព្រឹត្តិការណ៍ផ្ទាល់ខ្លួន គ្មាន NOCC ឬប្រដាល់គុនខ្មែរ ជាដៃគូសហការនោះឡើយ»។

លោកបានបន្ថែមថា៖ «តាមគោលការណ៍កីឡា ការប្រើឈ្មោះ Khmer Fight ត្រូវប្រើក្នុងទម្រង់កីឡា ដើម្បីទាំងអស់គ្នា ជាលក្ខណៈជាតិទាំងមូល មិនមែនផ្តាច់មុខរបស់សង្វៀនប៉ុស្តិ៍លេខ៥ តែឯកឯងនោះទេ! បើសិនចង់ធ្វើបែបណាមួយតាមចិត្តនោះ គប្បីយកព្រឹត្តិការណ៍ផ្សេងឬទីតាំងឯកជនរបស់ខ្លួនផ្ទាល់ ប៉ុន្តែត្រូវធ្វើដោយតម្លាភាព យុត្តិធម៌ មិនប៉ះពាល់ដល់កិត្តិយសសេចក្តីថ្លៃថ្នូររបស់ជាតិ»។

តាមរយៈការប្រកួត Khmer Fight កាលពីរាត្រីថ្ងៃចន្ទនោះ កីឡាករកម្ពុជា បានផ្តួលគូប្រកួតឲ្យសន្លប់យ៉ាងផុយស្រួយស្ទើរតែទាំងអស់ ក្នុងនោះ ពេជ្រ ម្ទេសខ្មាំង បានផ្តួលកីឡាករថៃ សាន់ ឆៃ ឲ្យសន្លប់ទឹកទី២ ឡៅ ចិត្រា ផ្តួលកីឡាករប៉ូឡូញ Tomas ឲ្យសន្លប់ទឹកទី៣ ឯ ឡៅ ចន្ទ្រា ផ្តួលកីឡាករ Riveres របស់បារាំងឲ្យសន្លប់ទឹក១ ខណៈ ឡុង សំណាង ផ្តួល Mohamed Labdy ឲ្យសន្លប់ទឹក១ ហើយ ឃីម ឌីម៉ា ផ្តួលកីឡាករថៃ Meun Neun Phoum PooMeun ទឹកទី៣ គឺមានតែ ឯម ឡេងលី ម្នាក់ទេ ដែលត្រូវបានទាញឲ្យស្មើថៃ Napakhav sirirak ទាំងរូបគេមានប្រៀបឈ្នះថៃម្នាក់នេះ។

យ៉ាងណាក៏ដោយ លោក សេង កដិកា នាយកគ្រប់គ្រងកម្មវិធីប្រដាល់ប៉ុស្តិ៍លេខ៥ បានបកស្រាយទៅលើការរិះគន់ទាំងនេះថា៖ «ការផ្គូផ្គងកីឡាករ មានលក្ខណៈមិនទាន់បានល្អប្រសើរនោះ ដោយសារកីឡាករខ្មែរមានកម្រិតក្បាច់គុនលើកីឡាករបរទេសមែន ព្រោះនៅចុងឆ្នាំ យើងលំបាករកកីឡាករនៅក្រៅប្រទេសមកប្រកួត ដ្បិតអី គេជាប់ចូលឆ្នាំសកល»៕

កែសម្រួលដោយ៖ Camobsport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.