v9

លោក វ៉ាត់ ចំរើន ថា ការកែទម្រង់របស់សហព័ន្ធកីឡាជាតិ នៅមានភាពយឺតយ៉ាវ

3 weeks ago​ | ដោយ V-Dr

មន្រ្តីជំនាញរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានធ្វើការវាយតម្លៃជារួមថា ការកែទម្រង់ និងជំរុញការដឹកនាំអភិវឌ្ឍ និងបណ្តុះបណ្តាលធនធានមនុស្សរបស់សហព័ន្ធកីឡាជាតិ ជាទូទៅ ដើម្បីត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះ ការប្រកួតស៊ីហ្គេម ឆ្នាំ២០២៣ នៅមានភាពយឺតយ៉ាង ដែលមិនទាន់ឆ្លុះបញ្ជាំងឲ្យឃើញពីការចូលរួមជាធ្លុងមួយ និងការលះបង់ដ៏ពិតប្រាកដ នៅឡើយទេ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC បានថ្លែងថា៖ «ការកែទម្រង់ និងជំរុញការដឹកនាំអភិវឌ្ឍ និងបណ្តុះបណ្តាលធនធានមនុស្សរបស់សហព័ន្ធកីឡាជាតិ នៅឆ្នាំ២០១៨ យើងឃើញថា មានសកម្មភាពច្រើន ទាំងលើការហ្វឹកហាត់ ប្រកួត និងការបណ្តុះបណ្តាល ដោយសារសហព័ន្ធកីឡាជាតិមួយចំនួនធំ ទទួលបានការគាំទ្រហិរញ្ញវត្ថុពីក្រសួងអប់រំ យុវជន និងកីឡា ហើយមានការតម្រង់ទិសនូវសហព័ន្ធមួយចំនួន ដែលនៅមានបញ្ហាផងដែរ ប៉ុន្តែភាពជោគជ័យទាំងនេះ នៅមានភាពយឺតយ៉ាវ និងនៅមានចំណុចខ្សោយ»។

លោកបានបញ្ជាក់ថា៖ «ភាពយឺតយ៉ាវ និងចំណុចខ្សោយនេះ ដោយសារសហព័ន្ធកីឡាជាតិ ជាទូទៅ មិនទាន់បានសស្រាកសស្រាំទេ មិនទាន់ដាក់ខ្លួនចូលមកកែទម្រង់ ពិតប្រាកដទេ ចំណែកការលះបង់ គឺស្ថិតនៅក្នុងរបត់មួយ នៃការប៉ះផលប្រយោជន៍គេច្រើន អ៊ីចឹងការសម្រេចនៅលើការកែទម្រង់ និងការចូលរួមនេះ យើងនៅមានកម្រិតនោះឡើយ អ៊ីចឹង NOCC នឹងដាក់ទិសដៅនេះទៅឆ្នាំ២០១៩ទៀត»។

ជុំវិញការចូលរួមកែទម្រង់មិនទាន់ពិតប្រាកដរបស់សហព័ន្ធកីឡាជាតិនេះ លោក វ៉ាត់ ចំរើន បានពន្យលថា៖ «ការចូលរួមពិតប្រាកដ ចង់និយាយថា គឺយើងចង់ឲ្យសហព័ន្ធនិយាយ និងបកអាក្រាតលើការងារបច្ចេកទេស និងការងារផ្ទៃក្នុង ថាវាមានចំណុចខ្សោយអ្វីខ្លះ ធ្វើឲ្យសហព័ន្ធ មិនដើរទៅមុខ ហើយការចូលរួមហ្នឹង ត្រូវមានឆន្ទៈនយោបាយក្នុងការលះបង់ និងការកែប្រែនូវការប៉ះពាល់របស់គេផ្សេងៗ អ៊ីចឹងនៅក្នុងចំណុចទាំងនេះ នៅមានភាពលូតលាស់សន្សឹមៗទេ មិនមានភាពលូតលាស់ដោយល្អទេ គឺយើងចង់បាន១០០ភាគរយ តែបានត្រឹម២០ទៅ៣០ភាគរយទេ»៕

កែសម្រួលដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.