v9
V9BET

ប្រដាល់គុនខ្មែរពិភពលោក បន្សល់ទុកការរិះគន់ ខណៈផ្ទៃក្នុងមានការប្រេះឆា

3 months ago​ | ដោយ V-Dr

ការប្រកួតប្រដាល់គុនខ្មែរពិភពលោក ឬ Second World Kun Khmer ដែលត្រូវបានរៀបចំឡើង ដើម្បីអបអរពិធីសម្ពោធវិមានឈ្នះឈ្នះ នៅពហុកីឡដ្ឋានមរតកតេជោ កាលពីចុងឆ្នាំ២០១៨ បានបន្សល់ទុកនូវការរិះគន់ច្រើនពីមហាជន ខណៈផ្ទៃក្នុងរវាងសហព័ន្ធកីឡាគុនខ្មែរ និងសហព័ន្ធកីឡាប្រដាល់គុនខ្មែរអន្តរជាតិ មានការប្រេះ និងមិនចុះសម្រុកគ្នា។

បើទោះបីជាព្រឹត្តិការណ៍នេះ មានការសហការច្រើនភាគី រវាងសហព័ន្ធកីឡាប្រដាល់គុនខ្មែរ សហព័ន្ធកីឡាប្រដាល់គុនខ្មែរអន្តរជាតិ ក្រោមការគ្រប់គ្រងរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងមានស្ថានីយទូរទស្សន៍កងយោធពលខេមរភូមិន្ទប៉ុស្តិ៍លេខ៥ ជាអ្នកផ្សាយផ្ទាល់ ប៉ុន្តែស្ថានភាពប្រកួតជាក់ស្តែង មានការមិនចុះសម្រុងនឹងគ្នា ហើយលទ្ធផលនៃការប្រកួតគឺកីឡាករម្ចាស់ផ្ទះកម្ពុជា បានឈ្នះយ៉ាងផុយស្រួច ស្ទើរគ្រប់គូ។

តាមរយៈការប្រកួត៣ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៨នោះ ត្រូវបានគេមើលឃើញថា អ្នករៀបចំការប្រកួត បានយកកីឡាករបរទេសមានសមត្ថភាពអន់ៗមកប្រកួត ដើម្បីគ្រាន់តែជាការកម្សាន្ត ដែលធ្វើឲ្យកីឡាករកម្ពុជាជាម្ចាស់ផ្ទះ ឈ្នះស្ទើរទាំងអស់ និងឈ្នះយ៉ាងផុយស្រួយបំផុត។

នៅក្នុងការប្រកួតជាក់ស្តែងចំនួន២៤គូ គឺកីឡាករកម្ពុជា បានឈ្នះចំនួន២១នាក់ ក្នុងនោះបានឈ្នះ ដោយវាយអ្នកប្រដាល់បរទេសឲ្យសន្លប់រហូតដល់២០នាក់ និងឈ្នះពិន្ទុត្រឹម១នាក់ ហើយកម្ពុជាបានចាញ់ត្រឹម៣នាក់ទេ តែការចាញ់នោះ ដោយសារកីឡាករកម្ពុជា២នាក់វាយល្មើសបទបញ្ជាប្រកួត គឺមានតែ ឌុន រដ្ឋា ម្នាក់ទេ បានចាញ់កីឡាករបរទេសដោយពិន្ទុ។

ជាមួយលទ្ធផលប្រកួតនេះ ធ្វើឲ្យអ្នកទស្សនាមានការរិះគន់ខ្លាំង និងមានការមិនពេញចិត្ត ទៅលើការរៀបចំ និងការផ្គូផ្គងកីឡាករ ដែលយកតែកីឡាករបរទេសមានសមត្ថភាពខ្សោយៗមកប្រកួត នាំឲ្យកីឡាករកម្ពុជា ឈ្នះយ៉ាងផុយស្រួយ និងគ្មានការទាក់ទាញបែបនេះ ហើយបញ្ហានេះ គឺសហព័ន្ធកីឡាប្រដាល់គុនខ្មែរអន្តរជាតិ និងសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានទម្លាក់ការទទួលខុសត្រូវ យកតែរួចខ្លួនរៀងៗខ្លួន។

លោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា៖ «ការរៀបចំការប្រកួតនោះ ខ្ញុំគ្រាន់តែជាផ្នែកមួយ។ ការប្រកួតមើលឃើញថា មានភាពទាក់ទាញល្អណាស់ ប៉ុន្តែលក្ខណៈបច្ចេកទេស ឬការផ្គូផ្គង យើងក៏នៅមានកម្រិតមួយលំបាក ព្រោះយើងចង់ឲ្យមានប្រទេសមួយចំនួន ដែលកំពុងទទួលយកការហ្វឹកហាត់ប្រដាល់គុនខ្មែរ បានចូលរួមឲ្យបានច្រើន»។

យ៉ាងណាក៏ដោយ ប្រភពច្បាស់ការបានឲ្យដឹងថា កិច្ចការផ្ទៃក្នុងរបស់មន្ត្រីសហព័ន្ធកីឡាប្រដាល់គុនខ្មែរ មួយចំនួន ដែលបានចូលរួមបំពេញការងារជាមន្រ្តីបច្ចេកទេសអាជ្ញាកណ្តាល ចៅក្រម ក្នុងការប្រកួតនេះ មានការមិនពេញចិត្ត និងគាំទ្រវត្តមានរបស់លោក ម៉ាម រ៉ា ជាប្រធានសហព័ន្ធកីឡាគុនខ្មែរអន្តរជាតិ ទើបធ្វើឲ្យការប្រកួតមានភាពមិនប្រក្រតី និងនាំឲ្យមានការរិះគន់ពីមហាជន ទៅលើលទ្ធផលបែបនេះ៕

កែសម្រួលដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.