V9BET

ជើងខ្លាំងរបស់កម្ពុជាស្ទើរទាំងអស់ ត្រូវវ៉ៃជាមួយបរទេស ពេលបើកសម្ពោធវិមានឈ្នះឈ្នះ និងកម្មវិធី Khmer Fight

5 months ago​ | ដោយ V-Dr

កីឡាករជើងខ្លាំងរបស់កម្ពុជាស្ទើរតែទាំងអស់ ដែលធ្លាប់បង្ហាញសមត្ថភាពនៅតាមសង្វៀនរៀងរាល់ចុងសប្តាហ៍នោះ ត្រូវបានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងសហព័ន្ធកីឡាជំនាញ រៀបចំដាក់ប្រកួតជាមួយអ្នកប្រដាល់បរទេសចម្រុះជាតិសាស នៅថ្ងៃបើកសម្ពោធវិមានឈ្នះឈ្នះ ហើយការប្រកួតនោះក៏ដើម្បីបើកសម្ពោធជាផ្លូវការនៅឈ្មោះព្រឹត្តិការណ៍ប្រដាល់គុនខ្មែរអន្តរជាតិ «Khmer Fight» របស់កម្ពុជា ផងដែរ។

នៅក្នុងព្រឹត្តិការណ៍ប្រដាល់ដ៏ធំនេះ គណៈកម្មការរៀបចំការប្រកួតនៃសហព័ន្ធកីឡាប្រដាល់គុនខ្មែរអន្តរជាតិ និងសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានផ្គូផ្គងកីឡាករកម្ពុជាសរុបចំនួន៣០នាក់ ឲ្យប្រកួតជាមួយកីឡាករបរទេសមកពី១៥ប្រទេសផ្សេងគ្នា ដោយមានការផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ប៉ុស្តិ៍លេខ៥ ប៉ុន្តែការប្រកួតនេះត្រូវបានចែកជា២ដាច់ដោយឡែកពីគ្នា គឺទី១ការប្រកួតប្រដាល់គុនខ្មែរជើងឯកពិភពលោក (Second World Kun Khmer) និងការប្រកួត Khmer Fight។

នៅក្នុងការប្រកួត Second World Kun Khmer ដែលរៀបចំឡើងដោយ សហព័ន្ធកីឡាប្រដាល់គុនខ្មែរអន្តរជាតិ គឺមានការប្រកួតអន្តរជាតិសរុបចំនួន២៤គូ មានន័យថា កីឡាករកម្ពុជាចំនួន២៤នាក់ ត្រូវប្រកួតជាមួយអ្នកប្រយុទ្ធបរទេសចម្រុះជាតិសាស ដោយប្រើពេលប្រកួតចំនួន៣ថ្ងៃ គឺចាប់ផ្តើមល្ងាចម៉ោង៥ ថ្ងៃសុក្សនេះ រហូតដល់យប់ថ្ងៃអាទិត្យ។

ចំណែកការប្រកួត Khmer Fight ត្រូវនឹងត្រូវធ្វើឡើងនៅល្ងាច និងយប់ថ្ងៃចន្ទ ទី៣១ ខែធ្នូ ឆ្នាំ២០១៨ ដោយក្នុងនោះសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានរៀបចំជើងខ្លាំងរបស់កម្ពុជា៦នាក់ ធឿន ធារ៉ា, ឡៅ ចិត្រា, ឡៅ ចន្ទ្រា, ឃីម ឌីម៉ា, ពេជ្រ ម្ទេស និង ឡុង សំណាង ឲ្យប្រកួតជាមួយកីឡាករបរទេស មានមកប្រទេសថៃ២នាក់ មកពីប្រទេសទុយនីស៊ី២នាក់ និងមកពីម៉ារ៉ុក២នាក់ ហើយការប្រកួតនេះគឺដើម្បីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅឈ្មោះព្រឹត្តិការណ៍ «Khmer Fight»។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC បានថ្លែងប្រាប់ថា៖«ការប្រកួតនេះ ជាពេលវេលា ដែលយើងត្រូវផ្សព្វផ្សាយពីកិត្តិនាម ឬ Brand មួយរបស់គុនខ្មែរអន្តរជាតិ គឺ Khmer Fight។ យើងសម្ពោធ Khmer Fight ជាលើកដំបូង ដើម្បីដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅពេលហ្នឹងនេះ អ៊ីចឹងកំពូលអ្នកប្រយុទ្ធឆ្នើមៗរបស់យើងប្រចាំប្រទេសប្រមូលផ្តុំគ្នា នៅថ្ងៃនោះទាំងអស់ គឺយើងនឹងធ្វើឲ្យកក្រើក ដើម្បីចូលរួមអបអរថ្ងៃសម្ពោធវិមានឈ្នះ និងខួបលើកទី២០ឆ្នាំនៃនយោបាយឈ្នះឈ្នះ»៕

កែសម្រួលដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.