v9

ព្រឹត្តិការណ៍កីឡាដ៏ធំ អបអរថ្ងៃសម្ពោធវិមានឈ្នះឈ្នះ នឹងចាប់ផ្តើមនៅថ្ងៃនេះ

3 weeks ago​ | ដោយ V-Dr

ព្រឹត្តិការណ៍កីឡាដ៏ធំនៅចុងឆ្នាំ២០១៨ ដែលត្រូវដាក់ឲ្យប្រកួត នឹងសម្តែងអបអរសាទរថ្ងៃម្ពោធវិមានឈ្នះឈ្នះ នឹងចាប់ដំណើរការ ពីថ្ងៃសុក្រនេះ រហូតដល់ថ្ងៃចន្ទ ទី៣១ ខែធ្នូ ដែលជាថ្ងៃឆ្លងឆ្នាំចាស់២០១៨ ហើយស្វាគមន៍ឆ្នាំ២០១៩ ដែលនឹងឈានចូលមកដល់ នៅថ្ងៃអង្គារបន្ទាប់។

នៅក្នុងព្រឹត្តិការណ៍កីឡាដ៏ធំ នៅចុងឆ្នាំ២០១៨នេះ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានអនុញ្ញាតឲ្យសហព័ន្ធកីឡាជាតិ ជាង១០ រៀបចំក្រុមអត្តពលិករបស់ខ្លួន ឲ្យចូលរួមប្រកួត និងសម្តែង ដើម្បីអបអរសាទរថ្ងៃសម្ពោធវិមានឈ្នះឈ្នះ និងខួបលើកទី២០ឆ្នាំនៃនយោបាយឈ្នះឈ្នះ។

បើតាមកម្មវិធីប្រកួត ដែលផ្តល់ឲ្យដោយ NOCC គឺមានការដាក់ឲ្យប្រកួត និងសម្តែង នៅលើប្រភេទកីឡាចំនួន១២ ក្នុងនោះមានប្រដាល់គុនខ្មែរ (Khmer Figt) ជិះកង់កម្សាន្ត កីឡាប្រណាំងកង់(ជំនាញ) វាយកូនហ្គោល អុកចត្រង្គ ចំបាប់បុរាណ ការប្រកួតរកបុរសខ្លាំង(Strongest Man) ប្រណាំងក្របី-រទេះគោ និងសេះ កីឡារត់ប្រណាំងកម្សាន្ត កាយវប្បកម្ម(អ្នកលេងសាច់ដុំ) កីឡាល្បុក្កតោ និងការសម្តែងយុទ្ធគុនចម្រុះ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC និងជាសមាជិកអនុគណៈកម្មការកីឡា ក្នុងព្រឹត្តិការណ៍កីឡានេះ បានប្រាប់ថា នៅក្នុងប្រភេទកីឡានេះ គឺការប្រកួតកីឡាអុកចត្រង្គ និងប្រណាំងកង់ ជាការប្រកួតផ្លូវការ ដោយក្នុងនោះប្រណាំងកង់ ជាការប្រកួតថ្នាក់ជាតិ ដើម្បីរកអត្តពលិកមានសមត្ថភាព ប្រចាំឆ្នាំ២០១៨ រីឯកីឡាអុកចត្រង្គ ប្រកួតដើម្បីរកជើងខ្លាំងដណ្តើមបានរង្វាន់សម្តេច ហ៊ុន សែន ឆ្នាំ២០១៨។

ចំណែកការសម្តែងយុទ្ធគុនចម្រុះ ដែលត្រូវធ្វើ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ថ្ងៃទី៣១ ខែធ្នូ មានការចូលរួមរបស់ប្រភេទកីឡាចំនួន១៤ទៀត រួមមានល្បុក្កតោ កូបូដូ ហាប់គីដូ សូរិនហ្ស៊ិកាំបូ ចំបាប់បុរាណ តុងហ្គីលម៉ូតូ បញ្ចសិលា តេក្វាន់ដូ (ITF) ការ៉ាតេ យូដូ Kendo វ៉ូវីណាម អៃគីដូ និងតេក្វាន់ដូ (WTF)។

ជាមួយគ្នានេះ ក្រុមល្បុក្កតោ នឹងធ្វើការសម្តែងជាលក្ខណៈទ្រង់ទ្រាយធំ។ លោក វ៉ាត់ ចំរើន បានបញ្ជាក់ថា៖ «ល្បុក្កតោ នឹងមានការសម្តែងជាទ្រង់ទ្រាយធំ ដើម្បីបង្ហាញ និងផ្សព្វផ្សាយឲ្យកាន់តែខ្លាំង ដោយសារអង្គការយូណេស្កូ កំពុងតែត្រៀមលក្ខណៈបញ្ចូលគុនល្បុក្កតោ ទៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ បន្ទាប់ពីល្ខោនខោល ដែលទទួលបាបជោគជ័យហើយ»៕

កែសម្រួលដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.