v9
V9BET

មនុស្សរាប់ពាន់នាក់ នឹងត្រូវនាំគ្នាជិះកង់ ទៅរកប្រវត្តិសាស្រ្ត នៅថ្ងៃសុក្រស្អែកនេះ

3 months ago​ | ដោយ V-Dr

អ្នកនិយមការជិះកង់កម្សាន្តរាប់ពាន់នាក់នៅក្នុងប្រទេសកម្ពុជា ត្រូវបានគេរំពឹងថា នឹងចូលរួមជិះកង់ នៅព្រឹកថ្ងៃសុក្រស្អែកនេះ ដោយត្រូវចេញដំណើរពីពហុកីឡដ្ឋានជាតិ ឆ្ពោះទៅវិមានឈ្នះឈ្នះ តាមផ្លូវជាតិ៦A ដែលមានចម្ងាយជាង ២០គីឡូម៉ែត្រ ហើយលោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល លោករដ្ឋមន្រ្តី ប៉ាន់ សូសក្ត័ និងលោករដ្ឋមន្រ្តី សុខចិន្តា សោភា រួមទាំងថ្នាក់ដឹកនាំមួយចំនួនទៀត ក៏នឹងចូលរួមនៅក្នុងព្រឹត្តិការណ៍នេះផងដែរ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បានចាត់ទុកការជិះកង់កម្សាន្ត ឆ្ពោះទៅវិមានឈ្នះឈ្នះ នៅថ្ងៃសុក្រស្អែកនេះ ថាជាការជិះកង់ទៅរកប្រវត្តិសាស្រ្ត ដើម្បីអបអរសាទរថ្ងៃសម្ពោធវិមានឈ្នះឈ្នះ និងខួបទី២០នៃនយោបាយឈ្នះឈ្នះរបស់កម្ពុជា។

លោក វ៉ាត់ ចំរើន បានថ្លែងថា៖ «នៅថ្ងៃសុក្រទី២៨ ខែធ្នូនេះ យើងនឹងនាំគ្នាជិះកង់ឆ្ពោះទៅវិមានឈ្នះឈ្នះ គឺយើងជិះកង់ទៅរកប្រវត្តិសាស្រ្ត ដូចខាងសហភាពសហព័ន្ធយុវជនកម្ពុជា រៀបចំការដើរទៅរកប្រវត្តិសាស្រ្តអ៊ីចឹងដែរ ហើយព្រឹត្តិការណ៍នេះដើម្បីសុខភាពផង និងដើម្បីអបអរសាទរខួបទី២០ឆ្នាំ នៃនយោបាយឈ្នះឈ្នះ ដោយភ្ជាប់ព្រលឹងរបស់យើងទៅនឹងវិរបុរសរបស់យើង»។

បើតាមថ្នាក់ដឹកនាំរបស់សហព័ន្ធខ្មែរកីឡាទោចក្រយាន ដែលជាអ្នកសហការយ៉ាងសំខាន់ជាមួយ NOCC ក្នុងការរៀបចំការជិះកង់នេះ បានឲ្យដឹងថា ព្រឹត្តិការណ៍ជិះកង់កម្សាន្តជាលក្ខណៈបើកជំហរនេះ អាចនឹងមានអ្នកចូលរួមរាប់ពាន់នាក់។

លោកឧកញ៉ា វង្ស ខាន់ពៅ អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាទោចក្រយាន បានថ្លែងប្រាប់នៅថ្ងៃព្រហស្បតិ៍នេះថា៖ «ការជិះកង់នៅថ្ងៃសុក្រស្អែកនេះ អាចមានអ្នកចូលរួមចូលជាង១ពាន់នាក់ ព្រោះម្នាក់ៗមានការចាប់អារម្មណ៍ខ្លាំង និងបានត្រៀមខ្លួន ក្នុងការជិះបែបកម្សាន្តនេះ ហើយយើងត្រូវជុំគ្នា នៅពហុកីឡដ្ឋានជាតិអូឡាំពិក ព្រឹកម៉ោង ៥:៣០ នឹងចេញដំណើរនៅម៉ោង៦ ឆ្ពោះទៅកាន់វិមានឈ្នះឈ្នះ ដែលមានទីតាំង នៅទល់មុខនឹងពហុកីឡដ្ឋានមរតកតេជោ»៕

កែសម្រួលដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.