V9BET

ក្លិបវេស្ទើនភ្នំពេញ សម្រេចដកខ្លួនចេញពីលីកកំពូល នៅឆ្នាំ២០១៩

5 months ago​ | ដោយ V-Dr

ខណៈដែលក្លិបបាល់ទាត់ភ្នំពេញក្រោន កំពុងរង់ចាំការដោះស្រាយពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ជុំវិញភាពចម្រូងចម្រាស់លើបញ្ហាកីឡាកររបស់ខ្លួន៥នាក់ បានប្តូរទៅលេងនៅក្លិបវិសាខា ដោយគ្មានការអនុញ្ញាតនោះ គឺនៅពេលនេះសមាជិកក្លិបលីកកំពូលកម្ពុជា១ទៀត គឺវេស្ទើនភ្នំពេញ បានសម្រេចចិត្តដកខ្លួន ចេញពីលីកកំពូល នៅឆ្នាំ២០១៩ ជាផ្លូវការហើយ។

ការសម្រចចិត្តដកខ្លួនចេញពីលីកកំពូលកម្ពុជា នៅឆ្នាំ២០១៩ ខាងមុខនេះ ត្រូវបានលោក តែ ឡូរិន ប្រធានក្លិបបាល់ទាត់វេស្ទើនភ្នំពេញ និងជាសាកលវិទ្យាធិការនៃសាកលវិទ្យាល័យវេស្ទើន បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក នៅក្នុងពិធីបិទការប្រកួតកីឡាគុនដាវថ្នាក់ជាតិ ឆ្នាំ២០១៨ កាលពីចុងសប្តាហ៍មុន។

លោក តែ ឡូរិន បានថ្លែងថា៖ «សម្រាប់បាល់ទាត់វេស្ទើនរបស់យើង គឺខ្ញុំមែនទែន បានចំណាយលុយច្រើនពេក ហើយថវិកាអត់មានខាងណាជួយ ខ្ញុំទៅអត់រួច អ៊ីចឹងនៅក្នុងឆ្នាំ២០១៩នេះ ខ្ញុំប្រហែលជាសុំគេផ្អាក(ពីការប្រកួតលីកកំពូលកម្ពុជា)មួយរយៈសិន ចាំមើលថវិកាបន្តិចទៀត ក្រែងអាចមានពីអ្នកពីណីជួយ»។

លោកបណ្ឌិត តែ ឡូរិន ដែលជាប្រធានសហព័ន្ធកីឡាគុនដាវកម្ពុជា ផងនោះ បានបន្ថែមថា៖ «ខ្ញុំសុំផ្អាកគេមួយរយៈសិន ព្រោះអត់មានថវិកាទប់ទាល់បាន ហើយនេះជាដំណឹងមួយជូនទៅដល់សាធារណៈជនផងដែរ»។

គួរបញ្ជាក់ថា សម្រាប់ការប្រកួតលីកកំពូលកម្ពុជា ឆ្នាំ២០១៨នេះ ក្រុមវេស្ទើនភ្នំពេញ ទទួលបានលទ្ធផលមិនល្អទាល់តែសោះ។ នៅក្នុងការប្រកួតវិលជុំ ដែលសរុបមាន២២ប្រកួត ក្រុមវេស្ទើនភ្នំពេញ រកមិនឃើញការឈ្នះសូម្បីតែ១លើក ដោយបានត្រឹមស្មើ១ និងចាញ់២១ដង មាន១ពិន្ទុប៉ុណ្ណោះ និងឈរនៅបាតតារាងលេខ១២ ក្នុងចំណោមក្រុមទាំង១២៕

កែសម្រួលដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.