v9
V9BET

កម្ពុជា សង្ឃឹមលើកីឡា ៥ប្រភេទ អាចជួយសម្រេចផែនការឈ្នះមេដាយមាស ២ខ្ទង់ នៅស៊ីហ្គេម

8 months ago​ | ដោយ V-Dr

ស្ថានប័នជំនាញផ្នែកកីឡារបស់ម្ពុជាគឺ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានដាក់ក្តីសង្ឃឹមទៅលើកីឡា៥ប្រភេទ ថាសុទ្ធតែឈរនៅក្នុងជំហរឈ្នះបានមេដាយមាសឲ្យកម្ពុជា នៅក្នុងការប្រកួតស៊ីហ្គេម ឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីន ខាងមុខនេះ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC បានថ្លែងប្រាប់ថា៖ «គណៈកម្មការប្រតិបត្តិ បានប្រជុំកំណត់រួចហើយថា ការប្រកួតស៊ីហ្គេម ឆ្នាំ២០១៩ ជាស៊ីហ្គេមយុទ្ធសាស្រ្ត អ៊ីចឹងធ្វើយ៉ាងណាត្រូវស្វែងរកមេដាយឲ្យបានច្រើនជាងស៊ីហ្គេមមុនៗ គឺឲ្យមានការកើនមេដាយមាសរហូតដល់២ខ្ទង់»។

លោកបានបន្ថែមថា៖ «យើងអាចឈានទៅដល់កម្រិត ដែលយើងបានគិតទុកនេះ (ឈ្នះមេដាយមាស២ខ្ទង់) ដោយសារតែយើងដឹងថា ប្រភេទកីឡាមួយចំនួនរបស់យើង ឈានទៅដល់ការឈ្នះបានមេដាយមាស គឺមិនមែនគិតត្រឹមតែមេដាយប្រាក់ និងសំរឹទ្ធនោះទេ ដូចជាកីឡាប៉េតង់ តេក្វាន់ដូWTF និងវ៉ូវីណាម សុទ្ធតែជំហរនៅលើការឈ្នះបានមេដាយមាស គឺអាចបាន១ ២ ឬ៣ ទៅតាមការប្រកួតជាក់ស្តែង រីឯ ជូជិតស៊ូ និងកីឡាគុនខ្មែរ (មួយ) ក៏ស្ថិតក្នុងជំហរមេដាយមាសដែរ»។

ជាមួយការរំពឹងកើនមេដាយមាសដល់២ខ្ទង់នេះ ដោយសារតែកម្ពុជា បានទទួលជោគជ័យ លើការតស៊ូមតិដាក់ប្រភេទកីឡាមានសក្តានុពលរបស់ខ្លួន ចូលទៅក្នុងស៊ីហ្គេមលើកនេះ រួមមាន តេក្វាន់ដូ ប៉េតង់ វ៉ូវីណាម ជូជិតស៊ូ Billiards snooker និងសូហ្វតិន្នីស ហើយក្រោយពីប្រភេទកីឡាទាំង៥ប្រភេទ ដែលស្ថិតក្នុងជំហរឈ្នះមេដាយមាសខាងលើនេះ NOCC ក៏បានផ្តល់ក្តីសង្ឃឹមទៅលើប្រភេទកីឡាមួយចំនួនទៀតផងដែរ។

លោក វ៉ាត់ ចំរើន បានបង្ហើបថា៖ «ចំណែកកីឡាសូហ្វតិន្នីស ក្នុងកម្រិតស៊ីហ្គេមនេះ ក៏អាចឈានដល់វគ្គផ្តាច់ផ្តាច់ព្រ័ត្រដែរ រីឯកីឡាចំបាប់ ដែលធ្លាប់មានស្នាដៃ ក្នុងស៊ីហ្គេមមុនៗ តែត្រូវបានខកខានស៊ីហ្គេម២លើកចុងក្រោយនេះ ក៏នៅតែមានសង្ឃឹមក្នុងការរកបានមេដាយ ហើយកីឡាតេន្នីស និងប្រភេទកីឡាមានប្រភពមកពីក្រៅប្រទេសមួយចំនួនទៀត ក៏អាចនឹងរកមេដាយឲ្យកម្ពុជា នៅស៊ីហ្គេម ឆ្នាំ២០១៩ នោះផងដែរ»៕

កែសម្រួលដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.