V9BET

សេរីវ៉ាន់ថង ហាក់បារម្ភស្នៀតជង្គង់ Phou Takvann ចំពោះការប្រជែងគ្នាទៅវគ្គផ្តាច់ព្រ័ត្រ

5 months ago​ | ដោយ V-Dr

កីឡាករកម្ពុជា ឈុត សេរីវ៉ាន់ថង នឹងត្រូវធ្វើការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ពានរង្វាន់អន្តរជាតិកំពូលអ្នកប្រដាល់ កណ្តាប់ដៃដែក ISI Palm ទម្ងន់៥៧គីឡូក្រាម នៅលើសង្វៀន CNC នារសៀលថ្ងៃអាទិត្យនេះ ដោយរូបគេត្រូវវិលមកជួបអ្នកប្រយុទ្ធរបស់ថៃ Pou Takvann។

នៅក្នុងការប្រកួតពានអន្តរជាតិនេះ ឈុត សេរីវ៉ាន់ថង ធ្វើបានយ៉ាងល្អបំផុត ដោយរូបគេ បានឈ្នះដោយពិន្ទុ៣លើក និងផ្តួលគូប្រកួតឲ្យសន្លប់១លើក ដើម្បីឈរនៅចំណាត់ថ្នាក់លេខ១ ក្នុងការប្រកួតវិលជុំ ដែលមានកីឡាករកម្ពុជា៤នាក់ និងថៃ៤នាក់ ដោយក្នុងនោះ សេរីវ៉ាន់ថង ក៏បានយកឈ្នះ Pou Takvann ដោយពិន្ទុផងដែរ។

យ៉ាងណាក៏ដោយ សម្រាប់ការវិលមកជួបគ្នា នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ លោក ឈុត សេរី ដែលជាឪពុក និងជាគ្រូបង្វឹករបស់ ឈុត សេរីវ៉ាន់ថង នៅតែមានការបារម្ភទៅលើឆ្នៀតជង្គង់របស់ Pou Takvann ថាអាចផ្តល់ការលំបាក់ដល់កូនរបស់គាត់ ក្នុងការចូលវ៉ៃកៀក។

លោក ឈុត សេរី បានប្រាប់ថា៖ «ការយកឈ្នះលើកីឡាករថៃ Pou Takvann លើកមុន រាងពិបាកដែរ ដោយសារ វ៉ាន់ថង បានសម្រុកទម្ងន់ខ្លាំងពេក គឺរហូត៤គីឡូក្រាម ដែលធ្វើឲ្យកម្លាំងរបស់គេមិនសូវរឹងមាំល្អ ប៉ុន្តែការជួបគ្នាលើកនេះយើង នៅតែមិនអាចមើលស្រាយគូប្រកួត ដោយសារខ្ញុំមើលឃើញថា Pou Takvann មួយរយៈចុងក្រោយនេះ ប្រកួតល្អជាងមុន»។

គ្រូបង្វឹកមកពីជាយដែនរូបនេះ បានបន្ថែមថា៖ «ចំណុចគ្រោះថ្នាក់ ដែលយើងគួរចាប់អារម្មណ៍នោះ គឺថៃម្នាក់នេះ ល្អជង្គង់ ហើយខ្ពស់ជាង វ៉ាន់ថង អ៊ីចឹងនៅពេលគេខ្ពស់ ហើយល្អជង្គង់ទៀតនោះ វាអាចនឹងធ្វើឲ្យយើងមានការលំបាក ក្នុងការចូលវាយកៀកផងដែរ ប៉ុន្តែយើងបានត្រៀមបច្ចេកទេស និងយុទ្ធសាស្រ្តប្រកួតអស់ហើយ ហើយយើងនឹងវ៉ៃទៅតាមកាលៈទេសៈជាក់ស្តែង ចំណែកក្តីសង្ឃឹមមុនការប្រកួតត្រឹម៦០ភាគរយសិនបានហើយ»។

ចំណែកកីឡាករ តាញ់ មករា នឹងត្រូវប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាមួយថៃ Phit Bunmeiy នៅថ្ងៃអាទិត្យនោះដែរ ដើម្បីរកអ្នកឈ្នះឡើងទៅវគ្គផ្តាច់ព្រ័ត្រ។ តាញ់ មករា ធ្លាប់បានឈ្នះ Phit Bunmeiy ដោយពិន្ទុ ក្នុងការប្រកួតវគ្គជម្រុះ ប៉ុន្តែការវិលមកជួបគ្នាលើកនេះ គេមិនទាន់ដឹងថា តាញ់ មករា អាចធ្វើបានល្អទៀត ឬក៏រូបគេត្រូវចាញ់ក្រោមការវាយសម្រុកមកដកថយរបស់ Phit Bunmeiy វិញម្តងនោះទេ។

កីឡាករកម្ពុជា លី ភា ត្រូវដាក់ឲ្យប្រកួតមិត្តភាពអន្តរជាតិជាមួយថៃ Phet Seila ក្នុងពេលនោះដែរ។ កីឡាករវ័យ២៧ឆ្នាំ លី ភា ធ្លាប់ប្រកួតបាន៦៩ដង ឈ្នះ៤៦ ចាញ់២២ និងស្មើ១ដង ឯ Phet Seila ធ្លាប់ប្រកួត៦៩ ឈ្នះ៤៦ ចាញ់២២ និងស្មើ១ដង ហើយអ្នកទាំង២នេះមានកម្ពស់១,៦៨ម៉ែត្រ ដូចគ្នា៕

កែសម្រួលដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.