v9
V9BET

ONE បើកមុខជើងឯកពិភពលោកដែលត្រូវខាំធ្មេញដាក់គ្នានៅទីក្រុងតូក្យូ

7 months ago​ | ដោយ V-Dr

ONE Championship ទើបប្រកាសជាផ្លូវការថានឹងមានជើងខ្លាំងពិភពលោកល្បីៗចំនួន ៦គូ បង្ហាញខ្លួនឲ្យកក្រើកសង្វៀននៅទីក្រុងតូក្យូ ប្រទេសជប៉ុន សម្រាប់ថ្ងៃអាទិត្យ ទី ៣១ ខែមីនា ឆ្នាំ ២០១៩ខាងមុខ នាព្រឹត្តិការណ៍ ONE: A NEW ERA។

ខ្សែក្រវ៉ាត់ពិភពលោក ONE World Titles ចំនួន ៣ នឹងស្វែងរកម្ចាស់សម្រាប់គ្រង។ ព្រឹត្តិការណ៍សំខាន់គឺនឹងមានការដណ្តើមខ្សែក្រវាត់គ្នារវាងជើងឯកពិភពលោក Eduard “Landslide” Folayang ដែលប្រឈមមុខការពារខ្សែក្រវាត់ខ្លួនពីអតីតម្ចាស់របស់វាគឺ Shinya Aoki។ មួយគូនេះ ធ្លាប់ប៉ះគ្នាកាលពីខែវិច្ឆិកា ឆ្នាំ ២០១៦ ព្រឹត្តិការណ៍ ONE: DEFENDING HONOR រួចមកហើយ កាលនោះ Folayang ក្អះក្អាងផ្តួលយកខ្សែក្រវាត់ពីជើងឯករបស់ជប៉ុនបានសម្រច។ ឥឡូវនេះពួកគេ ចូលទ្រុងម្តងទៀតដើម្បីបង្ហាញថានរណាសាកសមជាម្ចាស់ខ្សែក្រវាត់ ចាកចេញពីសង្វៀននៅ Ryogoku Kokugikan ជាមួយជ័យជន្នះមួយនេះពិតប្រាកដ។

គូសំខាន់មួយទៀត គឺអ្នកលេងក្បាច់គុនដ៏ខ្លាំងរបស់ចិន នាង Xiong Jing Nan ត្រូវភិតភ័យក្នុងការការពារខ្សែក្រវាត់ ONE Women’s Strawweight World Title របស់ខ្លួនពីក្រញ៉ាំដៃនាង Angela Lee ដែលជាជើងឯកខ្សែក្រវាត់ONE Women’s Atomweight World Champion និងក៏ជានិមិត្តរូបជើងខ្លាំងស្រីរបស់សិង្ហបុរីដែរ។ ការប្រកួតគ្នារវាងជើងឯកពិភពលោកស្រីមួយគូនេះ តាមពិតគេត្រូវប៉ះគ្នាតាំងពីព្រឹត្តិការណ៍នៅខែវិច្ឆកា ONE: HEART OF THE LION មកម្ល៉េះ ប៉ុន្តែភាគីខាងសិង្ហបុរី Angela Lee មិនអាចចូលប្រកួតបាន ដោយសារមានរបួស។ ពេលនេះនាងបានជាសះស្បើយ ហើយរាជនីក្បាច់គុនចម្រុះរូបនេះ ត្រៀមសម្តែងរិទ្ធិដើម្បីគ្រងខ្សែក្រវាត់មួយទៀត។ តែដំបូង នាងត្រូវធ្វើយ៉ាងណាផ្តួលនាង Xiong Jing Nan ឲ្យបានសិន ព្រោះថាអ្នកលេងក្បាច់គុនចិនរូបនេះមិនទាន់មានប្រវត្តិចាញ់គេនៅ ONE ទេ។

រីឯព្រឹត្តិការណ៍សំខាន់បន្ទាប់ និងមានវត្តមានជើងខ្លាំងខ្សែក្រវាត់ពីររបស់ភូមា Aung La N Sang ក៏នឹងត្រូវការពារខ្សែក្រវាត់ខ្លួនដែរ ពីអធិរាជក្បាច់គុនរបស់ជប៉ុន Ken Hasegawa ក្នុងការប្រកួតប្រភេទទម្ងន់មធ្យម។ ពីរនាក់នេះ ធ្លាប់ប៉ះគ្នាម្តងដែរពីខែមិថុនា ២០១៨ ដែលអាចនិយាយបានថាជាការប៉ះគ្នាដ៏កក្រើកមួយក្នុងប្រវត្តិសាស្រ្ត និងទទួលបានពានរង្វាន់បន្ទាប់មកថាជា ការប្រយុទ្ធដ៏អស្ចារ្យប្រចាំឆ្នាំ។ កាលនោះជើងខ្លាំងភូមា បានយកឈ្នះភាគីជប៉ុននៅទឹកចុងក្រោយ។ ឥឡូវ យើងចាំមើលភាគបន្តថាគូនេះនឹងទៅជាយ៉ាងណា?

បន្ថែមពីលើនោះដែរ និងមានការប្រយុទ្ធគ្នារវាង Eddie Alvarez សមាជិកថ្មីរបស់ ONE ដែលធ្លាប់ជាអតីតជើងឯកនៅស្ថាប័ន UFC ពេលនេះត្រូវបានឲ្យប្រឈមមុខជាមួយ Demetrious Johnson តែម្តង។ Alvarez មានកេរ្តិ៍ឈ្មោះល្បីស្រាប់ហើយ ដែលគាត់ជាកីឡាករតែម្នាក់គត់ដែលមានខ្សែក្រវាត់ទាំងនៅ UFC និងនៅ Bellator។ គាត់និងត្រូវចាប់ផ្តើមជំពូកថ្មីមួយទៀតដោយត្រូវតែផ្តួល Timofey Nastyukhin ដែលគេស្គាល់ថាជាកំពូលរន្ទះខាងផ្តួលគេឲ្យសន្លប់ភ្លាមៗ ពីរនាក់នេះនឹងមើលមុខគ្នានៅក្នុងវគ្គជម្រុះទី៣ កម្មវិធី ONE Lightweight World Grand Prix ។

រីឯ Johnson មានប្រវត្តិការពារខ្សែក្រវាត់ខ្លួន ១១ដងហើយនៅ UFC Flyweight Title តែក៏ត្រូវឲ្យប៉ះជាមួយភាគីជប៉ុន Yuya Wakamatsu ក្នុងវគ្គជម្រុះទី៣នៃកម្មវិធី ONE Lightweight World Grand Prix ដូចគ្នា។

ប៉ុន្មានគូខាងលើធ្វើឲ្យសង្វៀនកក្រើកស្រាប់ហើយ តែអ្វីដែលធ្វើទស្សនិកជនរឹតតែព្រឺព្រួចទៀតនោះ គឺនឹងមានវត្តមាន Andy Souwer ជើងចាស់ខាងប្រដាល់សេរី និងជាកីឡាករលើកពាននៅ K-1 World Max Champion ត្រូវបានគេរៀបចំឲ្យប្រើជង្គង់មុតរបស់ខ្លួនតទល់ជាមួយវីរជនរបស់ថៃគឺ Yodsanklai IWE Fairtex នៅព្រឹត្តិការណ៍ទីក្រុងនេះផងដែរ។

កែសម្រួលដោយ៖ Cambosport
អត្ថបទ៖ Matias Andres

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.