v9
V9BET

គ្រូបង្វឹកល្បុក្កតោម្នាក់ បានស្លាប់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ ក្រោយវិលមកពីប្រាប់ធៀបការ

7 months ago​ | ដោយ V-Dr

បុរសវ័យ ២៧ឆ្នាំម្នាក់ ដែលគេស្គាល់ថា ជាគ្រូបង្វឹកល្បុក្កតោ បានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ក្នុងឧបទ្ទហេតុគ្រោះថ្នាក់ចរាចរណ៍ កាលពីវេលាម៉ោង១២:៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃព្រហស្បតិ៍ នៅចំណុចមុខច្រកចូលសាលាសង្កាត់ស្ទឹងមានជ័យ២ (ជិតសាលារៀនភូមិឫស្សី) តាមបណ្តោយផ្លូវ២១៧ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

បុរសដែលបានបាត់បង់ជីវិតនោះ មានឈ្មោះថា និល សីហា ដែលជាគ្រូបង្វឹកល្បុក្កតោម្នាក់ ដោយបច្ចុប្បន្នស្នាក់នៅ ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ និងទីកន្លែងកំណើតនៅភូមិតាព្រះ ឃុំព្រែកតាសរ ស្រុកពោធិ៍រៀង ខេត្តព្រៃវែង ហើយការស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នេះ បានបន្សល់ទុកនូវនារីវ័យ២២ឆ្នាំ ពៅ ពិសិដ្ឋ ក្លាយខ្លួនជាស្រ្តីមេម៉ាយ ទាំងមិនទាន់បានចូលរោងការ ព្រោះអ្នកទាំង២ នឹងត្រូវចូលរោងការ នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០១៩ ខាងមុខនេះ។

លោក អ៊ូ តារា អគ្គលេខាធិការសហព័ន្ធកីឡាល្បុក្កតោកម្ពុជា បាន Shared អត្ថបទដែលបានចុះផ្សាយពីការស្លាប់របស់ និល សីហា នេះ ហើយបានសរសេរថា៖ «យើងបាត់បង់ធនធានគ្រូគុនល្បុក្កតោល្អម្នាក់ និងសមាជិក Stunt ម្នាក់ ដោយសារគ្រោះថ្នាក់ចរាចរណ៍»។

តាមប្រភពពីយុវជនម្នាក់ ដែលរងរបួលស្រាល ហើយបានជិះម៉ូតូជាមួយជនរងគ្រោះ និល សីហា បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយទាំងទឹកភ្នែកថា ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិត គឺជាមិត្តភក្តិជិតស្និតជាមួយគាត់ និងដល់ថ្ងៃចូលរោងការ។ ពួកគេទាំងពីរនាក់ បានជិះម៉ូតូឌុបគ្នាយកធៀបការទៅអញ្ជើញមិត្តភក្តិ និងអ្នកដែលរាប់អានផ្សេងៗទៀត រួចនាំគ្នាចូលផឹកស៊ីនៅម្ដុំស្ទឹងមានជ័យ។

បុរសដដែលនេះ បានបន្តថា លុះបានផឹកស៊ីបន្តិចបន្តួច ពួកគេបាននាំគ្នាជិះម៉ូតូត្រឡប់ទៅផ្ទះវិញ តែមកដល់កន្លែងកើតហេតុ ស្រាប់តែប៉ះដៃចង្កូតម៉ូតូ ជាមួយកង់បីមួយគ្រឿង បណ្ដាលឲ្យពួកគាត់ដួលម៉ូតូ ចំណែកឯរូបគេ ដែលជិះពីក្រោយក៏សន្លប់បាត់ទៅ ក្រោយមកមានបងប្អូនប្រជាពលរដ្ឋមកដាស់ ទើបភ្ញាក់ដឹងខ្លួនឡើងមក ស្រាប់តែឃើញជនរងគ្រោះ ស្លាប់នៅចំពោះមុខយ៉ាងអាណោចអាធ័មបែបនេះ។

បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ ដែលបានឃើញហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នោះ បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះ(ស្លាប់) បានជិះម៉ូតូមួយគ្រឿងម៉ាក Honda Scoopy ស៊េរីឆ្នាំ២០១៨ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1GN-7388 ព្រមទាំងដឹកមិត្តភក្តិម្នាក់ទៀត នៅពីក្រោយ ដោយធ្វើដំណើរតាមបណ្ដោយផ្លូវ២១៧ ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនល្មម។

ប្រភពដដែលនោះ បានឲ្យដឹងទៀតថា លុះជិះម៉ូតូមកដល់ចំណុចកើតហេតុ ស្រាប់តែ ពួកគេ បានទាក់ដៃចង្កូតម៉ូតូ ជាមួយរ៉ឺម៉ក បណ្ដាលឲ្យដួលម៉ូតូ ស្របពេលមានរថយន្តមួយគ្រឿងផ្សេងទៀតមកពីក្រោយ បានកិនចំក្បាលជនរងគ្រោះធ្លាយខួរស្លាប់ភ្លាមៗ នៅនិងកន្លែង និងមិត្តភក្តិម្នាក់អង្គុយពីក្រោយសន្លប់មួយដង្ហើមចង្រិត លុះភ្ញាក់ដឹងខ្លួនឡើងមកក៏ទ្រហោយំ ដង្ហើយហៅមិត្តភក្តិដែលស្លាប់នៅនឹងមុខយ៉ាងអាណោចអាធ័ម។

នៅក្រោយការកើតហេតុដ៏រន្ធត់នោះ ក្រុមគ្រួសារសព និងនារីឈ្មោះ ពៅ ពិសិដ្ឋ បានមកដល់ ហើយបានយំឱបសពគូដណ្តើមដ៏គួរឲ្យសង្វែកបំផុត ចំណែករ៉ូម៉ក់កង់បី និងរថយន្តបង្កហេតុ បានបើកគេចខ្លួនទៅបាត់ មុនសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់៕

កែសម្រួលដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.