v9
V9BET

ក្រុមវ៉ូវីណាម និងប៉េតង់ បានរួមគ្នាឈ្នះមេដាយមាស បំបែកឯកគ្គទ្ទកម្មឲ្យកម្ពុជា ក្នុងការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ាន

7 months ago​ | ដោយ V-Dr

ក្រុមអត្តពលិកកីឡាវ៉ូវីណាម និងប៉េតង់ បានរួមគ្នាឈ្នះមេដាយមាសចំនួន២ទៀត កាលពីម្សិលមិញ ដើម្បីជួយឲ្យកម្ពុជា ឈ្នះបានមេដាយមាសសរុបចំនួន៥ រួមជាមួយមេដាយប្រាក់១០ និងសំរឹទ្ធ១២ ពីការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ាន លើកទី១៩ (19th ASEAN University Game 2018) នៅប្រទេសមីយ៉ាន់ម៉ា។

នៅក្នុងការប្រកួតថ្ងៃចុងក្រោយ កាលពីថ្ងៃអង្គារ ម្សិលមិញនោះ កីឡាករវ៉ូវីណាមកម្ពុជា ផាន ហូហ៊ីម បានឈ្នះមេដាយមាស លើការប្រកួតក្នុងទម្ងន់៥៤គីឡូក្រាម ហើយកីឡាករ ស៊ីន វង, អៀត សុផាត និងកីឡាការិនី ស្រ៊ាង សុរ៉ាឃីម បានរួមគ្នាឈ្នះមេដាយមាស លើការប្រកួតប៉េតង់វិញ្ញាសាជាក្រុមចម្រុះ។

តាមរយៈលទ្ធផលនេះបានបង្ហាញថា ក្រុមវ៉ូវីណាមកម្ពុជា បានឈ្នះមេដាយមាសឲ្យកម្ពុជាបានច្រើនជាងគេ គឺរហូតដល់៤ រួមជាមួយមេដាយប្រាក់៥ និងសំរឹទ្ធ៨ ដែលធ្វើឲ្យក្រុមវ៉ូវីណាមកម្ពុជា ឈរនៅចំណាត់ថ្នាក់លេខ២ បន្ទាប់ពីក្រុមវ៉ូវីណាមរបស់ម្ចាស់ផ្ទះមីយ៉ាន់ម៉ា ដែលឈ្នះបានមេដាយមាស៥ ប៉ុន្តែប្រទេសវៀតណាម ជាម្ចាស់ក្បាច់គុននេះ ឈរនៅលេខ៣ ដោយបានមេដាយមាស៤ដែរ តែចាញ់មេដាយប្រាក់កម្ពុជា។

ចំណែកក្រុមប៉េតង់កម្ពុជា បានឈ្នះមេដាយមាស១ ប្រាក់៤ និងសំរឹទ្ធ១ ហើយក្រុម រីឯមេដាយប្រាក់១ទៀត រកបានដោយកីឡាករវាយកូនឃ្លីលើតុ សឹង តុលា លើការប្រកួតវាយទោល ហើយក្រុមអត្តពលិកកីឡាការ៉ាតេដូ បានឈ្នះមេដាយសំរឹទ្ធចំនួន៣ ប៉ុន្តែក្រុមកីឡាហែលទឹក និងអត្តពលកម្មរបស់កម្ពុជា ដណ្តើមមិនបានមេដាយ ពីព្រឹត្តិការណ៍នេះទេ។

ជាមួយការឈ្នះបានមេដាយមាសសរុប៥ ប្រាក់១០ និងសំរឹទ្ធ១២ សរុបចំនួន២៧ ពីការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ាន ឆ្នាំ២០១៨នេះ បានក្លាយជាលទ្ធផលដ៏ល្អថ្មីមួយ ដែលបានបំបែកនូវឯកគ្គកម្មចាស់ សម្រាប់ការចូលរួមក្នុងព្រឹត្តិការណ៍កីឡាសាកលវិទ្យាល័យអាស៊ាន សរុបចំនួន៧លើកកន្លងមក។

យោងតាមរបាយការណ៍ស្តីពីតារាងមេដាយ នៃការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ាន ដែលត្រូវបានធ្វើឡើងរយៈពេល២ឆ្នាំម្តងនេះ គឺសម្រាប់ការចូលរួមចំនួន៧លើកចុងក្រោយគិតពីឆ្នាំ២០០៤ ដល់ឆ្នាំ២០១៦ គឺកម្ពុជាដណ្តើមបានមេដាយមាសសរុបត្រឹម៤ ប្រាក់៤ និងសំរឹទ្ធ១១ប៉ុណ្ណោះ។ មានន័យថា លទ្ធផលនៃការប្រកួតប្រចាំឆ្នាំ២០១៨នេះ គឺល្អជាងការប្រកួតសរុបទាំង៧លើក ចំនួន១២ឆ្នាំកន្លងមកនេះទៅទៀត៕

កែសម្រួលដោយ​៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.