v9
V9BET

គង់ សំបូរ និយាយមិនចេញពេលចុះកុងត្រាជាមួយ ONE Championship

6 months ago​ | ដោយ V-Dr

អ្នកប្រដាល់របស់កម្ពុជា គង់ សំបូរ មួយរូបទៀតហើយ កំពុងត្រៀមបោះសំលេងក្នុងសង្វៀនដ៏ល្បីរបស់អាស៊ី ONE Super Series ក្នុងឆ្នាំនេះ។ ជើងខ្លាំងវ័យ ២៣ឆ្នាំរូបនេះ បានចាប់ផ្តើមប្រឡូកក្នុងវិស័យកីឡារតាំងពីនៅក្មេងក្តីមកម្ល៉េះ ដោយកាលនោះគាត់មានទឹកចិត្តកោតស្ញប់ស្ញែងពីទេពកោសល្យ ក៏ដូចជាក្តីក្លាហានរបស់កីឡាករជើងចាស់ៗរបស់កម្ពុជាជាច្រើនរូបដែលធ្លាប់ប្រកួតល្បីល្បាញកក្រើកពេញផ្ទៃប្រទេស។

តែឆាប់ៗ សំបូរ នឹងមានឱកាសបញ្ចេញស្នាដៃរបស់ខ្លួននៅពីមុខទស្សនិកជនរាប់លាននាក់ដែរហើយ ព្រោះគាត់ទើបបានចុះកុងត្រាថ្មីៗជាមួយសង្វៀនប្រកួតអន្តរជាតិដ៏ធំជាងគេលើពិភពលោក។
«កាលនៅពីតូចខ្ញុំស្រលាញ់ប្រដាល់! ពីជំនាន់នោះមានលោកគ្រូ អេ ភូថង និងធន់ សុភា ជាដើមពួកគាត់ល្បីពេលឡើងវាយតាមទូរទស្សន៍ កាលនោះយូៗមានប្រដាល់អន្តរជាតិម្តង ខ្ញុំចូលចិត្តមើលពួកគាត់ប្រដាល់ណាស់ ហើយខ្ញុំក្នុងចិត្តខ្ញុំស្រម៉ៃចង់ហាត់ដូចពួកគាត់ដែរ»។

គង់ សំបូរ គ្រោងបង្ហាញខ្លួនលើសង្វៀនធំដំបូងរបស់ខ្លួនគឺ ONE Super Series ដែលយើងដឹងហើយថាជាព្រឹត្តិការណ៍ប្រមូលផ្តុំទៅដោយជើងខ្លាំងមកពីទូទាំងពិភពលោក។ កម្ពុជាទើបបានបញ្ចូល សុខ ធី មកពីក្លឹប Cambodian Top Team ហើយឥឡូវនេះបាន គង់ សំបូរ ម្នាក់ទៀតហើយឡើងតំណាងប្រទេសទាំងមូល គាត់មានឆន្ទះយកជ័យជម្នះដើម្បីកម្ពុជាឲ្យបាន។ «ខ្ញុំទៅវាយនៅក្រៅប្រទេស គឺដើម្បីឲ្យគេទទួលស្គាល់ថាក្បាច់គុនខ្មែរយើងមានឈ្មោះបោះសំលេងដូចគេដូចឯងអីចឹង។ លោកគ្រូខ្ញុំគាត់ចង់ឲ្យខ្ញុំឈ្នះ ហើយឲ្យមានឈ្មោះល្បី គាត់ឲ្យខ្ញុំប្រឹងហាត់ ព្យាយាមឲ្យកាន់តែល្អជាងមុនៗ»។

សំបូរ បានហាត់គុនខ្មែរ ចាប់តាំងពីឆ្នាំ ២០០២មក គាត់មានក្តីរីករាយដោយបានការគាំទ្រពីសំណាក់គ្រួសារ ទាំងនៅក្លឹបហាត់ក្បាច់គុន និងអ្នកគាំទ្រជាច្រើន។ និយាយទៅ នៅពេលមានដំណឹងពី ONE ថាឲ្យចូលប្រកួតភ្លាម ទាំងសំបូរ នឹងគ្រួសាររបស់គាត់រំភើបរកពាក្យថ្លែងមិនបាន។ «ខ្ញុំសប្បាយចិត្ត លក្ខណៈនិយាយមិនចេញ! បើម៉ាក់ខ្ញុំពេលគាត់លឺថាខ្ញុំបានទៅវាយនៅស្រុកក្រៅអីចឹង វិញគាត់យំតែម្តង។ ម៉ាក់ជាមួយប៉ា គាត់តែងលើកទឹកចិត្តខ្ញុំរហូត ពេលដែលខ្ញុំវាយជាមួយអ្នកណាក៏ដោយ គាត់តែងប្រាប់ឲ្យខ្ញុំប្រឹងហាត់ប្រកួតឲ្យបានល្អ កុំឲ្យចាញ់គេ»។

ទោះជាមានការគាំទ្រច្រើនពីសំណាក់គ្រួសារបងប្អូនជាហូរហែក៏ដោយ គាត់ក៏បានប្រមូលអារម្មណ៍ប្រាប់ទៅអ្នកដែលតែងតែសើចចំអកខ្លួនពីមុនមកថា៖ «ខ្ញុំចង់ឲ្យអ្នកដែលធ្លាប់មើលងាយខ្ញុំពីមុន ទទួលស្គាល់ថាខ្ញុំអាចមានសមត្ថភាពអាចទៅវាយក្រៅប្រទេសមែន។ គេថាខ្ញុំគ្មានសំណាងបានទៅប្រកួតនៅក្រៅដូចគេទេ ឥឡូវក្តីស្រម៉ៃខ្ញុំក្លាយជាការពិតហើយ មានអីត្រូវនិយាយទៀត?»

ថ្វីបើពេលនេះគាត់មិនទាន់បានដំណឹងច្បាស់ថាត្រូវបង្ហាញខ្លួនប្រកួតពេលណា ក៏កីឡាកររូបនេះបានហ្វឹកហាត់ត្រៀមកម្លាំងរួចជាស្រេច ដើម្បីរង់ចាំមើលគូប្រកួតដែលគេរៀបចំឲ្យជានិច្ច។ គាត់ប្រាប់ថា៖ «ខ្ញុំត្រៀមរួចតាំងពីមួយខែមុនម្លេះ! ខ្ញុំត្រៀមរួចហើយ!»

កែសម្រួលដោយ៖ Cambosport
អត្ថបទ៖ Matias Andres

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.