v9
V9BET

សំបូរ សុភណ្ឌ នាំយកមេដាយមាសជើងឯកពិភពលោក មកដល់កម្ពុជា យប់នេះ

3 months ago​ | ដោយ V-Dr

កីឡាករ សំបូរ សុភណ្ឌ នឹងនាំយកមេដាយមាសជើងឯកពិភពលោក ដែលគេដណ្តើមពីការប្រកួតកីឡាវប្បកម្មជ្រើសរើសជើងឯកពិភពលោក លើកទី១០ ឆ្នាំ២០១៨ (10th WBPF World Bodybuilding and Physique Sports Championships and Congress) នៅប្រទេសថៃ មកដល់កម្ពុជាវិញ នៅយប់ថ្ងៃចន្ទនេះ។

បើតាមមន្ត្រីកីឡារបស់សហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណ បានឲ្យដឹងថា សំបូរ សុភណ្ឌ និងប្រតិភូកីឡាកាយវប្បកម្មកម្ពុជា នឹងធ្វើដំណើរពីប្រទេសថៃ មកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នាយប់ម៉ោង ៧:៣៥ ថ្ងៃចន្ទនេះ។ ប៉ុន្តែការឈ្នះបានត្រឹមមេដាយមាស១ ពីការប្រកួតជើងឯកពិភពលោកនេះ វាធ្វើឲ្យកម្ពុជា មានការថយថយនៅចំនួនមេដាយ ព្រោះការប្រកួតជើងឯកពិភពលោក នៅប្រទេសម៉ុងហ្គោលី កាលពីឆ្នាំ២០១៧ កម្ពុជា ឈ្នះបានមេដាយមាស១ ប្រាក់១ និងសំរឹទ្ធ១។

អតីតម្ចាស់មេដាយប្រាក់ តឹក ប៊ុនវី បានសម្តែងការសោកស្តាយ ចំពោះលទ្ធផល ដែលក្រុមកាយវប្បកម្មកម្ពុជា ទទួលបានពីការប្រកួតជើងឯកពិភពលោកលើកនេះ។ លោកបាននិយាយថា៖ «យើងសង្ឃឹមថា អ្នកទៅប្រកួតទាំង៥លើកនេះ ត្រូវតែបានមេដាយគ្រប់គ្នា ប៉ុន្តែយើងបានត្រឹមមេដាយមាស១ ដែលវាជាលទ្ធផលមិនល្អទេ»។

លោក តឹក ប៊ុនវី បានបន្ថែមថា៖ «យើងគួរបានមេដាយមាស២ គឺ សំបូរ សុភណ្ឌ១ និង សំបូរ ណាន ១ទៀត ព្រោះតាមការមើលរបស់ខ្ញុំ សំបូរ ណាន ដែលជាម្ចាស់មេដាយមាស កាលពីឆ្នាំ២០១៧ គឺសាច់គាត់ល្អជាងមុខ ហើយពេលឈរក្បែរគេ មិនចាញ់គេទេ ប៉ុន្តែគណៈកម្មការបែជាទម្លាក់គាត់ចោលរហូតដល់លេខ៤ ហើយនេះជារឿងមិនសមនោះទេ គឺបើមិនបានលេខ១ យ៉ាងណាស់ក៏ សំបូរ ណានជាប់លេខ២ ឬលេខ៣ដែរ»។

តាមរយៈការប្រកួតជើងឯកពិភពលោកលើកនេះ ដែលមានអត្តពលិកចូលរួមសរុប៤៧៤នាក់(ស្រី១៨៤នាក់) មកពី៥១ប្រទេសនោះ កីឡាករទាំង៥នាក់របស់កម្ពុជា បានឆ្លងផុតវគ្គជម្រុះ ឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ៥នាក់ចុងក្រោយដូចគ្នាទាំងអស់។ ប៉ុន្តែមានតែកីឡាករ សំបូរ សុភណ្ឌ ម្នាក់គត់ ដែលបានឈ្នះមេដាយមាសលើការប្រកួតរាងស្អាតលើវិញ្ញាសា Sports Physique up to 170 cm-120។

ផ្ទុយពីនេះ សំបូរ ណាន ដែលប្រកួតការពារមេដាយមាសលើវិញ្ញាសា Athletic Physique Up to 175 Cm (+6Kg) និង សំបូរ នន់ ដែលប្រកួតវិញ្ញាសា Bodybuilding ក្នុងទម្ងន់៨០គីឡូក្រាម សុទ្ធតែបានត្រឹមចំណាត់ថ្នាក់លេខ៤ដូចគ្នា ព្រមទាំងអតីតម្ចាស់មេដាយសំរឹទ្ធជើងឯកពិភពលោក កាលឆ្នាំ២០១៧ ណុំ សុបិន្ត ដែលប្រកួតវិញ្ញាសា Athletic Physique កម្ពស់ក្រោម 167 cm (+4kg) សុទ្ធតែទទួលបានត្រឹមលេខ៤ដូចគ្នា ចំណែកកីឡាករ ត្រឹង ចាន់ ដែលប្រកួតវិញ្ញាសា Sports Physique Up to 175cm-100 ទទួលបានចំណាត់ថ្នាក់លេខ៥៕

កែសម្រួលដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.