v9
V9BET

សំបូរ ណាន ហ៊ានលះបង់គ្រប់យ៉ាង ដើម្បីការពារមេដាយមាសជើងឯកពិភពលោក នៅថ្ងៃសៅរ៍

7 months ago​ | ដោយ V-Dr

កីឡាកាយវិប្បកម្មកម្ពុជា សំបូរ ណាន នឹងត្រូវប្រកួតកីឡាវប្បកម្មជ្រើសរើសជើងឯកពិភពលោក លើកទី១០ ឆ្នាំ២០១៨ (10th WBPF World Bodybuilding and Physique Sports Championships and Congress) នៅប្រទេសថៃ ថ្ងៃសៅរ៍នេះ ដើម្បីការពារជាតិតំណែងជើងឯកមេដាយមាស ដែលរូបគេដណ្តើមបានឲ្យកម្ពុជា នៅប្រទេសម៉ុងហ្គោលី កាលពីឆ្នាំ២០១៧។

នៅមុនការចេញទៅប្រកួតនេះ សំបូរ ណាន បានហ្វឹកហាត់ត្រៀមចំនួន៦ខែពេញ ដោយក្នុងនោះរូបគេត្រូវហាត់៦ម៉ោងក្នុង១ថ្ងៃ គឺព្រឹក៣ម៉ោង និងល្ងាច៣ម៉ោង ហើយការប្រឹងប្រែងហាត់យ៉ាងខ្លាំងនេះ សំបូរ ណាន បានប្រាប់ថា រូបគេត្រូវចំណាយពី៦ទៅ៧ម៉ឺនរៀល ដើម្បីទិញសាច់ បន្លែ និងស៊ុត មកបរិភោគ ដើម្បីបំពាក់បំប៉នសាច់ឲ្យបានស្អាត គឺរូបគេបានលះបង់ច្រើន សម្រាប់ការប្រកួតនេះ។

សំបូរ ណាន បានប្រាប់ថា៖«ពេលធ្វើម្តងៗខ្ញុំលះបង់គ្រប់បែបយ៉ាង ព្រោះខ្ញុំចង់ឲ្យវិស័យកីឡាកាយវប្បកម្មកម្ពុជា មានការរីកចម្រើនទៅថ្ងៃខាងមុខ ហើយខ្ញុំព្យាយាមឲ្យបានខ្លាំងបំផុត ដើម្បីការពារមេដាយមាស នៅឆ្នាំនេះ និងដើម្បីជាគំរូដល់ក្មេងៗជំនាន់ក្រោយ ចូលរួមហាត់កីឡានេះឲ្យបានច្រើន ត្រៀមការប្រកួតស៊ីហ្គេម ឆ្នាំ២០២៣ ដែលត្រូវធ្វើនៅកម្ពុជា»។

ម្ចាស់មេដាយមាស សំបូរ ណាន ត្រូវប្រកួតបង្ហាញសាច់ដុំផ្នែក Athletic Physique កម្ពស់ចាប់ពី 175 Cm (+6Kg) ហើយរូបគេនឹងត្រូវប្រកួតនៅថ្ងៃសៅរ៍ ខណៈព្រឹត្តិការណ៍នេះ មានអត្តពលិកជាង៥០ប្រទេសបានចូលរួម ប៉ុន្តែ សំបូរ ណាន បានប្រាប់ថា៖«សម្រាប់ខ្ញុំ គឺមានការបារម្ភតែទៅលើប្រទេសអ៊ីរ៉ុងមួយទេ ចំណែកថៃ គឺសុទ្ធតែអ្នកថ្មី គេមិនអាចឈានដល់កម្រិតយើងនោះទេ ដោយសារសាច់យើងល្អជាងពួកគេ ហេតុនេះខ្ញុំមានសង្ឃឹមរហូតដល់៩០ភាគរយ ក្នុងការការពារមេដាយមាស សម្រាប់ការប្រកួតលើកនេះ»។

ចំណែកកីឡាករកាយវប្បកម្មរបស់កម្ពុជាចំនួន៤នាក់ទៀត ក៏ត្រូវប្រកួតជើងឯកពិភពលោក នៅថៃថ្ងៃសៅរ៍ដែរ ក្នុងនោះ ណុំ សុបិន្ត ប្រកួត Athletic Physique កម្ពស់ក្រោម 167 cm (+4kg) ឯ សំបូរ សុភណ្ឌ ត្រូវប្រកួតផ្នែករាងស្អាត Sports Physique up to 170 cm-120=Max និង ត្រឹង ចាន់ ប្រកួតផ្នែករាងស្អាត Sports Physique Up to 175cm-100=Max ហើយ សំបូរ នន់ ដែលជាបងប្រុសរបស់ សំបូរ ណាន ត្រូវប្រកួតផ្នែក Bodybuilding ក្នុងទម្ងន់៩០គីឡូក្រាម នៅថ្ងៃអាទិត្យ៕

កែសម្រួលដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.