v9
V9BET

កម្ពុជា បញ្ជូនអ្នកលេងសាច់ដុំ ៥នាក់ ទៅការពារតំណែងជើងឯកពិភពលោក នៅថៃ

9 months ago​ | ដោយ V-Dr

ខេមរៈសហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណ ដោយមានការអនុញ្ញាតពីក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជូនអត្តពលិកកាយវប្បកម្ម ចំនួន៥នាក់ ទៅកាន់ទីក្រុងឈឿងមៃ ប្រទេសថៃ កាលពីព្រឹកថ្ងៃអង្គារ ដើម្បីចូលរួមដើម្បីទៅចូលរួមការពារមេដាយមាស និងប្រជែងរកមេដាយបន្ថែមទៀត ពីការប្រកួតកីឡាវប្បកម្មជ្រើសរើសជើងឯកពិភពលោក លើកទី១០ ឆ្នាំ២០១៨ (10th WBPF World Bodybuilding and Physique Sports Championships and Congress) ដែលនឹងចាប់ផ្តើមប្រកួតពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែធ្នូ។

ក្រុមអ្នកលេងសាច់ដុំទាំង៥នាក់ ដែលត្រូវបានបញ្ជូនទៅប្រកួតជើងឯកពិភពលោកលើកនេះ មានម្ចាស់មេដាយមាសជើងឯកពិភពលោកឆ្នាំ២០១៧ សំបូរ ណាន ម្ចាស់មេដាយសំរឹទ្ធ ណុំ សុបិន្ត កីឡាករ ត្រឹង ចាន់ ព្រមទាំងបងប្អូនបង្កើតរបស់ សំបូរ ណាន គឺ សំបូរ នន់ និង សំបូរ សុភណ្ឌ ចំណែកលោក ស៊ីម សុកមង្គលរស្មី ជាប្រធានសហព័ន្ធ និងលោកចៅក្រម នុត សុផល ក៏បានទៅចូលរួមការប្រកួតនេះដែរ។

ទាក់ទងទៅនឹងការប្រកួតនេះ លោក តឹក ប៊ុនវី អគ្គលេខាធិការខេមរៈសហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណ ដែលធ្លាប់បានឈ្នះមេដាយប្រាក់ ក្នុងការប្រកួតជើងឯកពិភពលោក កាលឆ្នាំ២០១៧ បានប្រាប់ថា៖ «ការប្រកួតនេះ មានប្រទេសជាង៥០ បានចូលរួម ប៉ុន្តែយើងមានការបារម្ភតែទៅលើប្រទេសថៃ និងអ៊ីរ៉ង់ទេ ចំណែកប្រទេសផ្សេងៗទៀត យើងអត់ខ្លាចទេ ព្រោះយើងធ្លាប់បានចូលរួម ហើយបានដឹងអស់ហើយ»។

លោក តឹក ប៊ុនវី បាននិយាយថា៖ «យើងមានសង្ឃឹមច្រើនថា សំបូរ ណាន អាចនឹងដណ្តើមបានមេដាយមាសទៀត ព្រោះនៅឆ្នាំនេះសាច់របស់គាត់ស្អាតជាងកាលឈ្នះមេដាយមាស ឆ្នាំ២០១៧ ទៅទៀត ហើយកីឡាករ ណុំ សុបិន្ត និងកីឡាករ សំបូរ សុភណ្ឌ អាចនឹងឈានដល់ការឈ្នះបានមេដាយ ពីការប្រកួតនេះផងដែរ។ ជារួមយើងមានលទ្ធភាពច្រើន ក្នុងការឈ្នះបានមេដាយ ពីការប្រកួតជើងឯកពិភពលោកលើកនេះ»។

ចំណែកម្ចាស់មេដាយមាស សំបូរ ណាន បានប្រាប់ថា៖ «សម្រាប់ការចេញទៅប្រកួតលើកនេះ ខ្ញុំមានសង្ឃឹមរហូតដល់៩០ភាគរយ ក្នុងការការពារមេដាយមាស ព្រោះការត្រៀមខ្លួនរយៈពេល៦ខែមកនេះ បានធ្វើឲ្យសាច់របស់ខ្ញុំ ល្អជាងកាលប្រកួតឆ្នាំមុន ទៅ២០ភាគរយ គឺល្អទាំងសាច់ស្មា ពោះ និងសាច់ជើង ហើយកីឡាកររបស់យើង៤នាក់ទៀត ក៏មានសង្ឃឹមឈ្នះបានមេដាយ គឺខ្ញុំសង្ឃឹមថា យើងអាចបានមេដាយទាំងអស់គ្នា»។

គួរបញ្ជាក់ថា សម្រាប់ការប្រកួតជើងឯកពិភពលោក នៅថៃលើកនេះ ម្ចាស់មេដាយមាស សំបូរ ណាន ត្រូវប្រកួតបង្ហាញសាច់ដុំផ្នែក Athletic Physique កម្ពស់ចាប់ពី 175 Cm (+6Kg) និង ណុំ សុបិន្ត ប្រកួតកម្ពស់ក្រោម 167 cm (+4kg)។ ចំណែក សំបូរ នន់ ត្រូវប្រកួតផ្នែក Bodybuilding ក្នុងទម្ងន់៩០គីឡូក្រាម ហើយ សំបូរ សុភណ្ឌ ត្រូវប្រកួតផ្នែករាងស្អាត Sports Physique up to 170 cm-120=Max និង ត្រឹង ចាន់ ប្រកួតផ្នែករាងស្អាត Sports Physique Up to 175cm-100=Max៕

កែសម្រួលដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.