v9
V9BET

ការរត់ប្រណាំងចម្ងាយឆ្ងាយបំផុត នៅអង្គរ ប្រកាសពីការកើនឡើងនៃចំនួនអ្នកចូលរួម

4 months ago​ | ដោយ V-Dr

អ្នករៀបចំការរត់ប្រណាំងចម្ងាយឆ្ងាយបំផុត នៅអង្គរ និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានរួមគ្នាប្រកាសពីភាពវិជ្ជមាននៃចំនួនអ្នកបានមកចុះឈ្មោះចូលរួមការរត់ប្រណាំងចម្ងាយឆ្ងាយ Angkor Ultra Trail លើកទី៤ ឆ្នាំ២០១៩ ដែលគ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២០ ខែមករា ខាងមុខនេះ។

តាមការប្រកាស ក្នុងសន្និសីទសារព័ត៌មាន នៅទីស្នាក់ការ NOCC កាលពីថ្ងៃអង្គារ ម្សិលមិញ បានឲ្យដឹងថា គិតត្រឹមពេលនេះ មានអត្តពលិកជាតិ និងអន្តរជាតិប្រមាណជា១ពាន់នាក់ មកពី ៤២ប្រទេស បានចុះឈ្មោះចូលរួមរត់ប្រណាំងចម្ងាយឆ្ងាយ Angkor Ultra Trail Angkor ដោយចំនួននេះ មានការកើនឡើងជាងឆ្នាំមុន ដែលមានអ្នកចូលរួមជិត៨០០នាក់់។ ចំនួនអ្នកចូលរួមនៅឆ្នាំនេះ អាចនឹងមានការកើនឡើងទៀត ព្រោះគណៈកម្មការរៀបចំ នឹងបើកការទទួលចុះឈ្មោះរហូតដល់មុនការប្រកួតចាប់ផ្តើម២ថ្ងៃ។

លោក Edouard George ប្រធានគណៈកម្មការរៀបចំព្រឹត្តិការណ៍ Angkor Ultra Trail បានចាត់ទុកការកើនឡើងនៃចំនួនអ្នកចូលរួមនេះថាជាជោគជ័យមួយរបស់កម្ពុជា។ លោកបានថ្លែងក្នុងសន្និសីទសារព័ត៌មាននោះថា៖ «នេះជាឆ្នាំជោគជ័យមួយរបស់កម្ពុជា ដែលព្រឹត្តិការណ៍រត់ប្រណាំងចម្ងាយឆ្ងាយរបស់យើង ទទួលបានការគាំទ្រច្រើនពីអត្តពលិកអន្តរជាតិ»។

ជាមួយគ្នានេះ លោក Edouard George នឹងបំពាក់ឧបករណ៍វាស់ចម្ងាយនៅតាមតំបន់សំខាន់ៗមួយចំនួន ដើម្បីឲ្យលទ្ធផលនៃការប្រកួតមានភាពសុក្រិត និងយុត្តិធម៌ ស្របតាមស្តង់ដារអន្តរជាតិ ខណៈព្រឹត្តិការណ៍នេះ មានការប្រកួតចំនួន៤ប្រភេទ គឺរត់ចម្ងាយ១២៨គីឡូម៉ែត្រ ចម្ងាយ៦៤គីឡូម៉ែត្រ ចម្ងាយ៣២គីឡូម៉ែត្រ និងចម្ងាយ១៦គីឡូម៉ែត្រ។

ចំណែកលោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការ NOCC បានចាត់ទុកព្រឹត្តិការណ៍នេះ ធ្វើឡើងដើម្បីប្រមូលនិធិសប្បុរសធម៌ផង ពិសេសផ្សព្វផ្សាយ ដើម្បីទាក់ទាញភ្ញៀវទេសចរឲ្យមកទស្សនាតំបន់ប្រវត្តិសាស្ត្រនៅខេត្តសៀមរាប ព្រោះកីឡា និងទេសចរណ៍ មិនអាចកាត់ផ្តាច់ពីគ្នាបាន។

លោក បានថ្លែងថា៖ «Angkor Ultra Trail ជាព្រឹត្តិការណ៍កីឡា និងទេសចរណ៍មួយដ៏ធំប្រចាំឆ្នាំ ដែលគិតមកដល់ពេលនេះ ទទួលបានការគាំទ្រពីមហាជន ក៏ដូចជាស្ថាប័នរាជរដ្ឋភិបាលជាបណ្តើរៗ ហើយព្រឹត្តិការណ៍បែបនេះ គឺមានការទំនាក់ទំនងគ្នាជាប់ជានិច្ច រវាងវិស័យកីឡា និងទេសចរណ៍ ដែលមិនអាចកាត់ផ្តាច់ពីគ្នាបានឡើយ ដោយមានការសហការរវាង NOCC ក្រសួងទេសចរណ៍ អាជ្ញាធរអប្សរា អាជ្ញាធរខេត្តសៀមរាប ដើម្បីជួយធានារ៉ាប់រងសុវត្ថិភាពជូនអ្នកចូលរួម ដែលពួកគាត់ត្រូវប្រកួតទាំងយប់»៕

កែសម្រួលដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.