v9
V9BET

កង់ភ្នំ ចង់ពង្រីកការប្រកួតឲ្យកាន់តែធំ ក្រោយរកឃើញជើងខ្លាំង ប្រចាំឆ្នាំ២០១៨

8 months ago​ | ដោយ V-Dr

ព្រឹត្តិការណ៍ប្រកួតកង់ភ្នំ Cambodia MTB Series 2018 ដែលបានដំណើរការប្រកួត តាំងពីខែមេសា មកនោះ បានរកឃើញម្ចាស់ជើងឯក ទៅតាមប្រភេទវិញ្ញាសា ជាផ្លូវការហើយ ហើយភាពជោគជ័យ សម្រាប់ការប្រកួតនៅឆ្នាំនេះ បានធ្វើឲ្យថ្នាក់ដឹកនាំរបស់សហព័ន្ធខ្មែរកីឡាទោចក្រយាន ចង់ពង្រីកការប្រកួតនេះឲ្យកាន់តែធំ នៅឆ្នាំ២០១៩ ដើម្បីសហព័ន្ធ មានលទ្ធភាពកាន់តែច្រើន ក្នុងការជ្រើសរើសអត្តពលិកមានទេពកោសល្យ និងសមត្ថភាព ត្រៀមការប្រកួតស៊ីហ្គេម ឆ្នាំ២០២៣ ដែលត្រូវធ្វើនៅកម្ពុជា។

សម្រាប់ការប្រកួត នៅឆ្នាំ២០១៨នេះ មានការប្រកួតចំនួន៥ជុំ គឺជុំទី១ ធ្វើនៅព្រែកលៀប ជុំទី២ ធ្វើនៅខេត្តកែប ជុំទី៣ធ្វើនៅភ្នំជាល ខេត្តកំពង់ស្ពឺ ជុំទី៤ ធ្វើនៅភ្នំប្រសិទ្ធ និងជុំទី៥ផ្តាច់ព្រ័ត្រ បានធ្វើនៅគិរីរម្យ កាលពីថ្ងៃអាទិត្យ ដោយមានអ្នកចូលរួមជាង២៥០នាក់ ហើយការកើនឡើងខ្លាំងនៃអ្នកចូលរួមនេះ បានធ្វើឲ្យសហព័ន្ធខ្មែរកីឡាទោចក្រយាន និងអ្នកឧបត្ថម្ភ មានការសប្បាយចិត្ត និងចង់ពង្រីកការប្រកួតនេះឲ្យកាន់តែធំ នៅឆ្នាំ២០១៩។

លោកឧកញ៉ា វង្ស ខាន់ពៅ អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាទោចក្រយាន ដែលជាអ្នកគ្រប់គ្រងការប្រកួតនេះដោយផ្ទាល់ បានថ្លែងប្រាប់ថា៖ «ការប្រកួតជុំទី៥ នៅគិរីរម្យ ដែលមានការបោះតង់ស្នាក់នៅ១យប់ផងនោះ គឺមានអ្នកចូលរួមជាង២៥០នាក់ ច្រើនជាងឆ្នាំមុន ដែលមានតែ១៨០នាក់ ហើយអ្នកចូលរួមទាំងអស់ មានបង្ហាញភាពសប្បាយរីករាយទៅនឹងការប្រកួតប្រជែង ដែលធ្វើឲ្យការប្រកួតរបស់យើង នៅឆ្នាំនេះ បានបញ្ចប់ដោយជោគជ័យ»។

លោកបានបន្ថែមថា៖ «ជាមួយការទទួលបានជោគជ័យ កាន់តែធំ សម្រាប់ការប្រកួតនៅឆ្នាំនេះ គឺយើងចង់ពង្រីកការប្រកួតនេះឲ្យកាន់តែធំ ទៅតាមខេត្តផ្សេងៗទៀត ដែលអាចមានច្រើនជាង៥ជុំ ដើម្បីយើងមានលទ្ធភាពកាន់តែច្រើន ក្នុងការជ្រើសរើសអ្នកមានទេពកោសល្យ និងមានសមត្ថភាព ចូលហ្វឹកហាត់ក្នុងក្រុមជម្រើសជាតិ ត្រៀមការប្រកួតស៊ីហ្គេម ឆ្នាំ២០២៣ ហេតុនេះខ្ញុំសង្ឃឹមថា ក្រុមហ៊ុនខ្មែរប៊ែវើរិជីស ដែលជាអ្នកឧបត្ថម្ភធំរបស់យើង និងដៃគូសហការផ្សេងទៀត នឹងបន្តឧបត្ថម្ភកាន់តែច្រើនដល់សហព័ន្ធ ដើម្បីយើងអាចរៀបចំការប្រណាំងកង់ភ្នំនេះឲ្យកាន់តែធំ នៅឆ្នាំ២០១៩»។

ជាមួយនឹងសំណើសុំឲ្យមានការបំប៉ោងលើទឹកប្រាក់ឧបត្ថម្ភនេះ លោក Michael Sovann ជាប្រធានផ្នែកកម្មវិធី នៃក្រុមហ៊ុនខ្មែរប៊ែវើរិជីស (Khmer Beverages) បានប្រាប់ថា៖ «ខ្ញុំមើលឃើញថា ការប្រកួតកង់ភ្នំ នៅឆ្នាំនេះ គឺមានការប្រសើរពី១ទៅ១ជុំ ហេតុនេះនៅឆ្នាំក្រោយ យើងនឹងមើលពីលទ្ធភាពក្នុងការបំប៉ោងកញ្ចប់ថវិកាឧបត្ថម្ភ ព្រោះយើងចង់ធ្វើឲ្យកម្មវិធីនេះ កាន់តែធំទៅៗ ពី១ឆ្នាំទៅ១ឆ្នាំ ដើម្បីលើកទឹកចិត្តឲ្យសហព័ន្ធ ក៏ដូចជាអត្តពលិក អាចពង្រឹងសមត្ថភាព បានកាន់តែប្រសើរ សម្រាប់ត្រៀមការប្រកួតនានា នៅលើឆាកអន្តរជាតិ»។

សម្រាប់ការប្រណាំងកង់ភ្នំ នៅឆ្នាំនេះ មានការប្រកួតប្រជែងនៅលើវិញ្ញាសាចំនួន១២ ហើយតាមរយៈការបូកពិន្ទុទាំង៥ជុំនេះ កីឡាករជម្រើសជាតិ យឿន ភីយុទ្ធ បានឈ្នះពានលេខ១ លើវិញ្ញាសាក្រុមជំនាញខ្លាំងបំផុត (A1) ឯកីឡាករជើងចាស់ Pierre Yves Catry បានក្លាយជាម្ចាស់ជើងឯក លើការប្រកួតក្រុមជំនាញខ្លាំង A2 ដែលមានអាយុ៣០ឡើង ខណៈការប្រកួតក្រុមជំនាញមធ្យមមានអាយុពី១៥ ដល់២៩ឆ្នាំ (B1) លេខ១បានទៅកីឡាករ រិន បូរិទ្ធ ហើយក្រុមជំនាញមធ្យមមានអាយុ៣០ឆ្នាំឡើង (B2) លេខ១បានទៅ រិន សុគន្ធ។

ចំពោះការប្រកួតក្រុមមានជំនាញមធម្យ C1 លេខ១ កីឡាករ ហេង ឈូពង្ស ក្រុមC2លេខ១ ហែម សីហា ក្រុមC3 លេខ១ ស៊ុន បូរី ឯក្រុម Master លេខ១បានទៅលោក Frank Zgozink ការប្រកួតផ្នែកនារី លេខ១បានទៅកីឡាការិនី ស៊ុន ធីដា ក្រុម VIP លេខ១បានទៅកីឡាករ ឈុន យ៉េន រីឯការប្រកួតក្រុមក្មេងៗ K1 លេខ១បានទៅ ស៊ុន រក្សា និងក្រុម K2 លេខ១ បានទៅកីឡាករ Bene Cailas៕

កែសម្រួលដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.