v9
V9BET

ចាន់ រតនា រំលឹកពីជ័យជម្នះផ្តួលជើងខ្លាំងឥណ្ឌូនេស៊ីនៅព្រឹត្តិការណ៍ ONE: DESTINY OF CHAMPIONS

7 months ago​ | ដោយ V-Dr

ក្រោយពីបាត់មុខពីសង្វៀនប្រដាល់ជាងមួយឆ្នាំកន្លះមក ជើងចាស់ខាងគុនខ្មែរ និងគុនចម្រុះ ចាន់ រតនា បានវិលត្រលប់ចូលសង្វៀនវិញដោយបញ្ចេញស្នៀតបំបាក់គូប្រកួតផ្អើលសង្វៀន ONE Championship កាលពីថ្ងៃសុក្រ ទី ០៧ ធ្នូកន្លងទៅ។

ជើងខ្លាំងមកពីឥណ្ឌូនេស៊ី Abro Fernandes រហស្សនាម “The Black Komodo” មិនធ្លាប់មានប្រវត្តិចាញ់ពីមុនមកទេ តែត្រូវចាញ់ក្នុងកណ្តាប់ដៃអ្នកលេងគុនខ្មែរទៅវិញ ក្នុងការប្រកួតទម្ងន់ ៦១,២គ.ក ព្រឹត្តិការណ៍ ONE: DESTINY OF CHAMPIONSនៅឯពហុកីឡដ្ឋាន Axiata Arena ក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។ ថ្វីបើមិនបានប្រកួតយូរមែន ប៉ុន្តែជើងចាស់ ៣២ឆ្នាំរូបនេះ ចូលសង្វៀនវិញជាមួយស្នៀតថ្មីៗខ្លាំងជាងមុន អាចបំបាក់ដៃគូឲ្យចាញ់ក្នុងទឹកទី ២បាន។ ទឹកដំបូងឃើញថា គូប្រយុទ្ធពីរនាក់នេះសម្រុកចូលគ្នាទៅវិញទៅមកមិនដកថយសោះ តែយ៉ាងណា Abro ព្យាយាមចាប់បោក ហើយក្លេរក រតនា ជាប់បិះចាញ់ជាច្រើនដង។ អ្នកណាទៅស្មានថា រតនា បានហាត់ស្នៀតការពារខ្លួនដល់កំពូល រួចដោះខ្លួនបានពីការចាប់សង្គ្រប់របស់ Abro ហើយប្រើក្បាច់ដូនតាគុនខ្មែរ ទាត់លះៗ និងដាល់ចំៗកណ្តាលមុខគូប្រកួតឲ្យវិលខ្ញាល់។ «ពេលឡើងសង្វៀនជាមួយគាត់ ខ្ញុំដូចអត់មានអារម្មណ៍អីផង ទីមួយមកពីខ្ញុំអាចគ្រប់គ្រងស្នៀតបាន ខ្ញុំមើលវីដេអូគាត់ (Abro) ខ្ញុំរកវិធីកាត់ពេលគាត់ទាត់ជើង ហើយទីពីរខ្ញុំរកតិចនិចទាត់ និងវាយបុកពេលគាត់ភ្លេចភ្លាំង»។

ក្នុងទឹកទីពីរ រតនា និង Abro សង្កេតឃើញថាអស់ខ្យល់ទន់ខ្លួនទាំងពីរនាក់ តែសម្រាប់ខាងកីឡាករខ្មែរវិញមិនដកឃ្លាសោះឡើយ គាត់នៅតែឆ្វែលរកឱកាសដើរចូល ដាល់ផង ទាត់ផង ធ្វើឲ្យ Abro ឈឺសាច់មិនអន់ទេ។ សល់ប្រហែលតែមួយនាទីមុនចប់ទឹកទី២ប៉ុណ្ណោះ ខាងកម្ពុជាសម្រុកវាយបុកខាងឥណ្ឌូនេស៊ីឲ្យថយដួលដល់ខ្សែទ្រុង រតនា បានឱកាសល្អក៏គៀបពីលើជាប់ហើយព្រលះកណ្តាប់ដៃដាល់ធ្ងន់ៗ។ Abro ការពារខ្លួនស៊ូលែងរួច ដូចនេះអាជ្ញាកណ្តាល Kemp Chang ក៏សម្រេចបញ្ឈប់ការប្រកួតត្រឹមនាទី ៤:០៦ ទឹកទី២។ រតនា ពន្យល់ពីតិចនិកថា៖ «នៅទឹកទី២ ខ្ញុំស្ទង់កម្លាំងរបស់គាត់បាន អីចឹងដឹងថាអស់កម្លាំងច្រើនដោយសារគាត់ប្រឹងចាប់ខ្ញុំ។ ខ្ញុំក៏បង្កើនការសម្រុកបុក ទាត់ច្រើន ហើយម៉ាត់ដៃដើម្បីផ្តួលគាត់ ទាល់តែបានឱកាសដល់មែន»។

ជ័យជម្នះផ្តួលជើងខ្លាំងរបស់ឥណ្ឌូនេស៊ីលើកនេះ បញ្ចាក់ថាក្បាច់គុនរបស់ជើងចាស់គុនខ្មែររូបនេះ មិនចុះថយឡើយ រឹតតែរីកចម្រើនខ្លាំងទៅៗ ហើយនៅតែរក្សាកេរ្តិ៍ឈ្មោះខាងផ្តួលដៃគូមុនចប់ទឹកដដែល។ បន្ទាប់ពីឈ្នះការប្រកួត គាត់បង្ហើបប្រាប់ពីឆន្ទះបេះដូងអ្នកប្រយុទ្ធថា៖ «ខ្ញុំសុខចិត្តឲ្យឈឺខ្លួនជាជាងឈឺចិត្ត! កាលចាញ់ប្រកួតមុន ខ្ញុំឈឺចិត្តខ្លាំងជាងឈឺខ្លួនទៅទៀត។ អីចឹងវាយលើកនេះ បើចាញ់ ខ្ញុំចាញ់ឲ្យអស់ពីសមត្ថភាព ឈឺឲ្យអស់ពីខ្លួនក៏បានដែរ។ សម្រាប់ឈឺខ្ញុំអត់យកមកដាក់ក្នុងខ្លួនទេ ខ្ញុំត្រូវដៃរបស់គាត់ច្រើនយ៉ាងណាក៏ដោយ វិលងឺងតែម្តង តែខ្ញុំខាំធ្មេញ ដើរសម្រុកទៅមុខរហូត»។

លោកគ្រូគុនខ្មែរ និងជាម្ចាស់ក្លឹបក្បាច់គុន «សិល្បៈ» ចាន់ រតនា មានកំណត់ត្រាសរុបឈ្នះ ៥ដង ចាញ់៣ដង តែជ័យជន្នះរបស់គាត់សុទ្ធតែឈ្នះដោយអាជ្ញាកណ្តាលបញ្ឈប់មុនចប់ទឹកទាំងអស់។ យ៉ាងណាមិញ រតនា នឹងប្រកួតគុនខ្មែរមួយប្រកួតទៀត មុនបញ្ចប់ឆ្នាំ ២០១៨នេះ។ ថ្វីបើខ្លួនមានមោទនភាពខ្លាំងដោយសារយកបានជោគជ័យធំឲ្យប្រទេសមែន តែគាត់រឹតតែត្រេកអរទៀតដែលខ្លួនអាចឈ្នះដើម្បីអ្នកគាំ្រទទូទាំងប្រទេស ដែលតែងតែអបអរសាទរគាត់ជានិច្ច។ «ទោះប្រកួតក្នុងស្រុក ឬក្រៅស្រុក សុទ្ធតែសំខាន់ខ្លាំងណាស់សម្រាប់ខ្ញុំ។ តែអ្វីដែលសំខាន់ជាងគេគឺអ្នកគាំទ្ររបស់ខ្ញុំ ខ្ញុំមិនចង់ឃើញពួកគាត់កើតទុក្ខពេលខ្ញុំចាញ់ទេ»។

អត្ថបទ៖ Matias Andres

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.