v9

លោក កែវ រ៉េមី ថា កីឡា បានរួមចំណែកបញ្ហាសិទ្ធិមនុស្ស និងលើកកម្ពស់កិត្យានុភាពកម្ពុជា

1 month ago​ | ដោយ V-Dr

លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងជាប្រធានសហព័ន្ធកីឡាតេក្វាន់ដូអាយធីអែហ្វកម្ពុជា ផងនោះ បានចាត់ទុកថា សកម្មភាពកីឡា បានរួមចំណែកលើកកម្ពស់បញ្ហាសិទ្ធិមនុស្ស និងបានបង្ហាញពីកិត្យានុភាពកម្ពុជា នៅលើឆាកអន្តរជាតិ។

ការលើកឡើងពីគុណតម្លៃរបស់វិស័យកីឡារបស់លោក កែវ រ៉េមី ត្រូវបានធ្វើឡើង នៅក្នុងទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ ធ្នូ ដែលត្រូវបានធ្វើនៅសាលកោះពេជ្រ កាលពីព្រឹកថ្ងៃចន្ទ ក្រោមវត្តមានរបស់លោក សាយ ឈុំ ប្រធានព្រឹទ្ធសភាព ព្រមទាំងថ្នាក់ដឹកនាំ និងអ្នកចូលរួមជាង៣០០០នាក់ទៀត ហើយក្រុមកីឡាតេក្វាន់ដូអាយធីអែហ្វ និងល្បុក្កតោ សុទ្ធតែត្រូវបានអនុញ្ញាតឲ្យចូលរួមសម្តែង និងបង្ហាញពីសមត្ថភាព នៅក្នុងពិធីដ៏ធំនោះ។

លោក កែវ រ៉េមី បានថ្លែងថា៖ «ដោយសារសន្តិភាព ធ្វើឲ្យវិស័យកីឡារីកចម្រើន ហើយកីឡានេះ បានរួមចំណែកនៅក្នុងបញ្ហាសិទ្ធិមនុស្ស។ កីឡានៅកម្ពុជាយើងបច្ចុប្បន្ន បានបង្ហោះទង់ជាតិ នៅលើឆាកអន្តរជាតិ ដែលធ្វើឲ្យគេស្គាល់កម្ពុជា និងកិត្យានុភាពកម្ពុជា សូមចូលរួមអបអរសាទរលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលលោកបានដឹកនាំប្រទេស ក្នុងសម័យកាលនេះ មានការរីកចម្រើន»។

បន្ថែមលើកនេះ លោក កែវ រ៉េមី ក៏បានចាត់ទុកសកម្មភាពវិស័យកីឡា បានចូលរួមបង្កើតឲ្យមានហេដ្ឋារចនាសម្ព័ន្ធ ឲ្យមានការរីកចម្រើន ក្នុងសម័យកាលនេះផងដែរ។ លោកបានបញ្ជាក់ថា៖ «កីឡាគឺធ្វើឲ្យហេដ្ឋារចនាសម្ព័ន្ធ មានការរីកចម្រើន ផ្លូវថ្នល់ ស្ពាន រីកស្គុះស្គាយ ដែលបងប្អូនយើង បានកាត់បន្ថយការចំណាយទៅលើការធ្វើដំណើរ ព្រោះកាលពីដើម ការធ្វើដំណើរមានការលំបាកណាស់»។

តាមកីឡាករម្ចាស់មេដាយមាស ប៉ាល់ ជីវ័ន ដែលជាគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា បានប្រាប់ថា នេះជាលើកទី២ហើយ ដែលសហព័ន្ធកីឡាតេក្វាន់ដូអាយធីអែហ្វកម្ពុជា ត្រូវបានអនុញ្ញាតឲ្យចូលរួមបង្ហាញសមត្ថភាព ក្នុងទិវាសិទ្ធិមនុស្សអន្តរជាតិ ប៉ុន្តែលើកនេះ មានចំនួនច្រើន គឺរហូតដល់៣៨នាក់ ខណៈឆ្នាំមុនមានតែជិត២០នាក់។

ប៉ាល់ ជីវ័ន ដែលបានចូលរួមបង្ហាញបច្ចេកទេសសម្តែងក្បាច់គុនតេក្វាន់ដូ ITF ក្នុងទិវាសិទ្ធិមនុស្សអន្តរជាតិនោះដែរ បានប្រាប់ក្រោយបញ្ចប់ការសម្តែងថា៖ «សម្រាប់ការសម្តែង ព្រឹកមិញ គឺមានទ្រង់ទ្រាយធំជាងមុន ហើយការចូលរួមនេះ ដើម្បីអបអរសាទរទិវាសិទ្ធិមនុស្សអន្តរជាតិផង និងដើម្បីឆ្លៀតបង្ហាញពីសក្តានុពល និងបច្ចេកទេស ដែលជាការផ្សព្វផ្សាយមួយរបស់ ITF និងជាមោទនភាពរបស់ ITF ដែលបានចូលរួមសម្តែងក្នុងព្រឹត្តិការណ៍ធំនេះ ដោយមានការអញ្ជើញចូលរួមរបស់សម្តេច សាយ ឈុំ»៕

កែសម្រួលដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.