v9

ស៊ឹម ប៊ុនស្រ៊ន់ ជឿជាក់ខ្លាំងឡើងប្រដាល់នៅបាងកកខាងមុខនេះ

4 days ago​ | ដោយ V-Dara

អ្នកលេងក្បាច់គុនប្រចាំ ONE Championship ស៊ឹម ប៊ុនស្រ៊ន់ មិនបានឡើងប្រកួតអស់រយៈពេលជាងមួយឆ្នាំហើយ មិនមានន័យថាគាត់យកពេលឈប់សំរាកនោះទេ ប៉ុន្តែតាមពិតគាត់សម្ងំហាត់បន្ថែមវិជ្ជាគុនទៀត។

នៅថ្ងៃអាទិត្យទី០៩ ខែធ្នូនេះ ប៊ុនស្រ៊ន់ នឹងវិលត្រឡប់ចូលក្នុងសង្វៀនវិញម្តងទៀត ដែលលើកនេះប៉ះជាមួយអ្នកប្រដាល់ថៃ ឯទីក្រុងបាងកក ក្នុងកម្មវិធី Muay Thai Super Cham។ មុនត្រូវប្រកួត គាត់ប្រាប់ពីអារម្មណ៍ត្រេកអរខ្លាំងថា៖ «គ្រប់យ៉ាង ត្រៀមអស់ហើយ! ខ្ញុំបានហ្វឹកហាត់អស់រយៈពេលពេញមួយខែរួចមក ហើយខ្ញុំជឿថា ខ្ញុំអាចយកឈ្នះការប្រកួតនេះបាន។ ខ្ញុំមិនបានឡើងវាយយូរ អីចឹងអ្នកគាំទ្រខ្ញុំចាំមើលនូវអ្វីដែលខ្ញុំបង្ហាញទៅ។ ពេលដែលអត់ទាន់មានគូរប្រកួត ខ្ញុំយកពេលផ្តោតទៅលើផ្នែកកសិកម្ម ប៉ុន្តែយ៉ាងណាខ្ញុំនៅតែមកហាត់មួយអាទិត្យ ៥ថ្ងៃដែរ ដើម្បីកុំឲ្យស្រកសាច់ដុំ និងឲ្យកំលាំងថេរ។ ខ្ញុំចង់ត្រៀមខ្លួនឲ្យរួចរាល់មុននឹងគេហៅឲ្យប្រកួត។ តែឥឡូវ គេចាប់គូរឲ្យខ្ញុំ អីចឹងខ្ញុំមកហ្វឹកហាត់រាល់ថ្ងៃតែម្តង»។

ឥឡូវនេះ ប៊ុនស្រ៊ន់ កំពុងស្នាក់នៅនឹងហ្វឹកហាត់នៅទីក្រុងបាងកក រង់ចាំដល់ថ្ងៃត្រូវឡើងសង្វៀនឆាប់ឆាប់នេះ។ គាត់ អំពាវវនាវថា៖ «ហើយបើទៅដល់ថៃ ខ្ញុំដឹងថាមានអ្នកគាំទ្រខ្មែរជាច្រើននៅទីនោះ ខ្ញុំសង្ឃឹមថានឹងមានប្រជាពលរដ្ឋជាច្រើនមកមើលការប្រកួតរបស់ខ្ញុំ»។

ប៊ុនស្រ៊ន់ បើកចំហរថាខ្លួនចង់ចូលប្រកួតលើសង្វៀនឲ្យបានច្រើនជាងនេះ អាចនិយាយថា ៤ ទៅ ៥ដងក្នុងមួយឆ្នាំក៏បាន។ គាត់ក៏បានបង្ហើបដែរថា ធ្វើជាកីឡាករប្រដាល់អាជីពនៅកម្ពុជា ពិតជាលំបាកបន្តិច តែយ៉ាងណាខ្លួនតាំងចិត្តតស៊ូ និងផ្តល់ភាពវិជ្ជមានដល់ខ្លួនឯងជានិច្ច។ គាត់ជឿជាក់ថា វាយនៅបាងកកថ្ងៃទី ០៩ ឆាប់នេះ នឹងយកជ័យជម្នះឲ្យប្រទេសកម្ពុជាឲ្យបាន។

«អ្នកប្រដាល់នៅថៃ គេខ្លាំងៗជាងយើង មកពីគេបានហូបចុក និងសម្រាកគ្រប់គ្រាន់ ហើយគេមានពេលសំរាប់ហាត់រាល់ថ្ងៃ។ និយាយទៅមិនដូចកីឡាករស្រុកយើងទេ គេមិនចាំបាច់យកពេលធ្វើអីក្រៅពីហ្វឹកហាត់ឡើយ។ ប៉ុន្តែយើងវិញ ត្រូវយកពេលហាត់ត្រៀមផង ហើយក៏ត្រូវឆ្លៀតពេលរកស៊ីក្រៅដើម្បីចិញ្ចឹមផង។ ខ្ញុំគិតថាខ្ញុំហ្វឹកហាត់ត្រៀមបានសព្វគ្រប់ហើយ ដើម្បីវាយថៃលើកនេះ។ ការឈរវាយសេរីខ្ញុំ មានលក្ខណៈធ្ងន់ៗជាងមុន ទាំងជើងធាក់ ទាំងដាល់ ហើយនឹងតិចនិចប្រើកែងក៏មុតស្រួចជាងមុុន។ បើឲ្យផ្តួលគេឲ្យសន្លប់គិតថាមិនអាចទៅរួចទេ ប៉ុន្តែអាចជឿជាក់ថាយកឈ្នះលើពិន្ទុបាន។ ម្តងនេះ ខ្ញុំអត់ខ្លាចសោះតែម្តង មានទំនុកខ្លាំងលើខ្លួនឯង»។

កែសម្រួលដោយ៖ Cambosport
អត្ថបទ៖ Matias Andres

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.