v9

ការប្រណាំងកង់ភ្នំ នឹងត្រូវប្រកួតជុំផ្តាច់ព្រ័ត្រ នៅគិរីរម្យ ដើម្បីរកជើងខ្លាំងប្រចាំឆ្នាំ២០១៨

4 days ago​ | ដោយ V-Dara

ព្រឹត្តិការណ៍ប្រកួតកង់ភ្នំ Cambodia MTB Series 2018 បានកំណត់យកផ្លូវបត់ប៉ែន មានឡើងភ្នំ ចុះភ្នំ និងឆ្លងកាត់ទឹកជ្រោះ ស្ថិតនៅគិរីរម្យ ដែលមានធម្មជាតិ និងបរិកាសយ៉ាងល្អនោះ ជាកន្លែងដែលពួកគេត្រូវធ្វើការប្រកួតជុំទី៥ ផ្តាច់ព្រ័ត្រ ដើម្បីធ្វើការបូកសរុបពិន្ទុរកម្ចាស់ជើងឯកប្រចាំឆ្នាំនេះ។

លោកឧកញ៉ា វង្ស ខាន់ពៅ អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាទោចក្រយាន បានឲ្យដឹងថា គិតត្រឹមពេលនេះ មានអ្នកចុះឈ្មោះ១២០នាក់ ចូលរួមការប្រកួតជុំផ្តាច់ព្រ័ត្រនេះ ហើយម្នាក់ៗមានការចាប់អារម្មណ៍ខ្លាំងលើការប្រកួតនេះ ព្រោះក្រៅពីការប្រកួតប្រជែង យើងមានការបោះតង់ស្នាក់នៅចំនួន១ថ្ងៃ ១យប់ នៅលើភ្នំគិរីរម្យ ដើម្បីត្រៀមការប្រកួត ដែលនឹងត្រូវធ្វើនៅព្រឹកថ្ងៃអាទិត្យ។

លោកឧកញ៉ា បានថ្លែងថា៖​ «ការប្រកួតនេះ គឺមានលក្ខណៈពិសេសជាងការប្រកួត៤ជុំកន្លងមក ព្រោះជាការប្រកួតជុំផ្តាច់ព្រ័ត្រ ដើម្បីបូកសរុបពិន្ទុ រកអ្នកឈ្នះតំណែងជើងឯកប្រចាំឆ្នាំ ហើយយើងក៏មានការបោះតង់ស្នាក់នៅ នៅលើភ្នំគិរីរម្យផងដែរ ដែលធ្វើឲ្យអ្នកចូលរួមប្រកួតមានការចាប់អារម្មណ៍ខ្លាំង ខណៈពេលនេះ មានអ្នកត្រូវបោះតង់ជាង៨០នាក់ហើយ ក្នុងចំណោមអ្នកចុះឈ្មោះជាង១២០នាក់»។

គួរបញ្ជាក់ថា នៅក្នុងការប្រកួតជុំផ្តាច់ព្រ័ត្រ មានការប្រកួតច្រើនវិញ្ញាសា ទៅតាមប្រភេទអាយុ ប៉ុន្តែមានតែ៤វិញ្ញាសាប៉ុណ្ណោះ ដែលត្រូវប្រជែងគ្នារកពិន្ទុបន្ថែម ដើម្បីធ្វើការបូកពិន្ទុទាំង៥ជុំ រកម្ចាស់ជើងឯកប្រចាំឆ្នាំ ក្នុងនោះមានវិញ្ញាសាជំនាញ A1 (ក្រុមជំនាញខ្លាំងបំផុត) A2 (ក្រុមជំនាញខ្លាំង មានពីអាយុ៣០ឡើង) B1 (ក្រុមជំនាញមធ្យមពីអាយុ១៥ ដល់២៩ឆ្នាំ) និង B2 (ក្រុមជំនាញមធ្យមមានអាយុ៣០ឆ្នាំឡើង)។

ទាក់ទងទៅនឹងការប្រជែងគ្នា នៅលើវិញ្ញាសាជំនាញទាំង៤ ក្នុងជុំផ្តាច់ព្រ័ត្រនេះ លោក វង្ស ខាន់ពៅ បានបន្ថែមថា៖ «ដោយសារតែការប្រកួត៤ជុំកន្លងមក មានពិន្ទុប្រកៀកប្រកិតគ្នា អ៊ឺចឹងការប្រកួតជុំទី៥ផ្តាច់ព្រ័ត្រនេះ គឺពួកគាត់ នឹងមានការប្រឹងប្រែងប្រកួតគ្នាកាន់តែខ្លាំង ដើម្បីក្លាយជាម្ចាស់ជើងឯក ប្រចាំឆ្នាំ២០១៨ផង និងឈ្នះជើងឯក ប្រចាំការប្រកួតជុំទី៥នេះផង»។

លោកបានបញ្ជាក់ថា៖ «អ្វីដែលគួរឲ្យចាប់អារម្មណ៍ខ្លាំង ក្នុងជុំផ្តាច់ព្រ័ត្រនេះ គឺក្រុមកង់ភ្នំរបស់យើង ត្រូវប្រកួតនៅលើទីលានដ៏ល្អបំផុត ព្រោះគិរីរម្យ ជាទីតាំងប្រណាំងកង់ភ្នំ ដែលល្អជាងគេ នៅស្រុកខ្មែរ ហើយក្រុមការងារបច្ចេកទេសរបស់សហព័ន្ធ បានរៀបចំឲ្យមានការប្រកួតឡើងភ្នំ ចុះភ្នំ ឆ្លងកាត់ទឹកជ្រោះ និងឆ្លងកាត់ឧបសគ្គ ដូចការប្រកួតនៅស៊ីហ្គេមដែរ»៕

កែសម្រួលដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.