v9

គ្រូបង្វឹកផ្ទាល់របស់ សុវណ្ណារី ជឿជាក់ថាអាចយកឈ្នះគូប្រកួតមុនទឹក៣

5 days ago​ | ដោយ V-Dara

ថ្ងៃសុ្រក ទី០៧ ខែធ្នូនេះសមាជិកថ្មីរបស់ ONE Championship កីឡាការិនី ឯម សុវណ្ណារី នឹងធ្វើការបង្ហាញមុខលើសង្វៀនក្នុងកីឡដ្ឋាន Axiata Arena ទីក្រុងគួឡាឡាំពួរ នៅប្រទេសម៉ាឡេស៊ី ដែលនឹងមានវត្តមានមនុស្សរាប់លាននាក់ចូលរួមទស្សនាទូទាំងពិភពលោក។

សុវណ្ណារី នឹងត្រូវវាយតទល់បើកឆាកកម្មវិធីក្នុងព្រឹត្តិការណ៍ ONE: DESTINY OF CHAMPIONS ជាមួយអ្នកប្រដាល់ជើងចាស់ស្រីរបស់អ៊ុយក្រែននាង Iryna “Delsa” Kyselova។ មួយគូរនេះ ប្រាកដជាពញ្ញាក់ស្មារតីទស្សនិកជនឲ្យហ៊ោកញ្រៀវជាមិនខាន។ ទាំង សុវណ្ណារី និងគ្រូបង្វឹកផ្ទាល់របស់នាងលោក Justen Hamilton រំភើបញាប់ញ័ររង់ចាំការបង្ហាញស្នាដៃដែលពួកគេទាំងពីរបានហ្វឹកហាត់យ៉ាងខ្លាំងខ្លាំក្នុងជំរុំមុនការប្រកួតនោះ។ Justen ប្រាប់ថា៖ «អ្វីដែលចំបងជាងគេពេលនេះគឺត្រៀម សុវណ្ណារី ឲ្យកាន់តែខ្លាំងកាន់តែល្អ ទោះបីជួបគូប្រកួតមួយណាក៏ដោយក៏អាចស៊ូបានដែរ ហើយយើងជឿថាយើងត្រៀមស្រាច់បាច់ហើយ។ ក្រៅពីនេះ យើងក៏បានគិតយ៉ាងផ្ចឹតផ្ចង់ទៅលើកំពស់គូប្រកួត ស្នៀតវាយរបស់គេ ហើយយើងបានបញ្ចូលគន្លឹះទាំងនេះចូលក្នុងការហ្វឹកហាត់បន្ថែមនៅក្នុងជំរុំផងដែរ»។

ទន្ទឹមពេល សុវណ្ណារី បានកសាងកេរ្តិ៍ឈ្មោះខាងផ្តួលគូប្រកួតឲ្យសន្លប់ប៉ុន្មានដង ឯគូប្រកួតអ៊ុយក្រែននាង Iryna ក៏កំពុងសាងថ្វីដៃបំបាក់គូប្រកួតដល់ទៅ ១៣នាក់ក្នុងទ្រុងរួចមកហើយ ក្នុងនោះ ៩០ ភាគរយនៃការឈ្នះគឺបានដោយវាយឲ្យសន្លប់ ឬក៏គោះសុំចាញ់ដែរ។ Justen Hamilton ជើងឯកខ្សែក្រវាត់ត្នោតខាងកីឡាជឺជីតស៊ូ និយាយថាទោះជាយ៉ាងណាក៏ដោយ កូនសិស្សរបស់ខ្លួនមិនដែលមើលស្រាលគូប្រកួតអ៊ុយក្រែននេះឡើយ។ គាត់ ថា៖ «យើងមានការគោរពខ្ពស់ណាស់លើ Iryna។ កម្លាំងគាត់ខ្លាំង ហើយគាត់មានបទពិសោធន៍ច្រើនផងដែរ អីចឹងមើលទៅការប្រកួតនេះប្រាកដជាមិនស្រួលប៉ុន្មានទេ»។

Justen ធ្លាប់មានបទពិសោធន៍បង្វឹកកូនសិស្សច្រើនហូរហែក្នុងអាជីពរបស់ខ្លួនរួចមកហើយ លើកនេះបានបង្វឹកសុវណ្ណារី វ័យ ២៦ ឆ្នាំផ្ទាល់ គាត់ប្រាប់ថាគាត់ពេញចិត្តហ្វឹកហាត់ជាមួួយនាងណាស់។ គាត់មានទំនុកចិត្តខ្ពស់ថាកូនសិស្សខ្លូនមានសមត្ថភាពដល់កម្រិតដែលអាចប្រឈមមុខជាមួួយ Iryna បានទាំងស្នៀតវាយឈរ និងបោកចំបាប់។ Justen ពន្យល់ថា៖ «សុវណ្ណារីមានក្បាច់ផ្ទាល់ខ្លួនស្រាប់សំរាប់តទល់គូប្រកួតនេះ ដែលខ្ញុំជឿថានាងនឹងអាចប្រើបាន (ជាមួយ Iryna)។ បើនិយាយទៅ នាងអាចធ្វើការបង្ហាញខ្លួនលើឆាកប្រយុទ្ធបាន ងាយស្រួលបញ្ចេញស្នៀតណាមួយដែលនាងគិតថាអាចប្រើបានក្នុងពេលនោះ ហើយអាចសម្តែងក្បាច់គុនបានល្អ។ ប្រសិនបើអ្វីៗប្រព្រឹត្តិទៅរលូន ខ្ញុំគិតថាទស្សនិកជននឹងឃើញនាងផ្តួលដៃគូមុនទឹកទី៣ មិនខាន»។

មុននឹងត្រូវឡើងសង្វៀនក៏កក្រើករបស់នាងខាងមុខនេះ ទាំង សុវណ្ណារី និង Justen យកពេលទំនេរពីរ​ ទៅ ៣ថ្ងៃ សំរាប់លំហែកាយបន្តិចនៅប្រទេសម៉ាឡេស៊ី ទាន់ខ្លួនមានឱកាសដើរមើលក្រុងគួឡាឡាំពួរ រួចក៏បានជួបគ្នាជាមួយ ចាន់ រតនា ដែលជាកីឡាករតំណាងកម្ពុជាផងដែរក្នុងព្រឹត្តិការណ៍ ONE: DESTINY OF CHAMPIONS ជាមួយគ្នា។ ដោយទទួលបានឱកាសមិនងាយរកបានដើម្បីចូលប្រកួតឲ្យស្ថាប័នធំជាងគេនៅអាស៊ីនេះ សុវណ្ណារី មានបំណងធំមួយគឺចង់ផ្សាផ្ជាប់ខ្លួនជាមួួយឈាមខ្មែរ ដែលមានដក់ជាប់ក្នុងបេះដូងនាងជាយូរមកហើយ។ Justen បង្ហើបទៀតប្រាប់ថា ពួកគេសង្ឃឹមថាបានមកលេងព្រះរាជាណាចក្រកម្ពុជាឆាប់ៗ៖ «ខ្ញុំដឹងថា សុវណ្ណារី គាត់មានមោទនភាពខ្លាំងណាស់ដែលបានឡើងតំណាងឲ្យកម្ពុជាក្នុងការប្រកួតមួយនេះ។ យើងពិតជារង់ចាំយូរហើយ ដើម្បីមកលេងនៅកម្ពុជាថ្ងៃណាមួួយ»។

តែយ៉ាងណាមិញ អ្វីដែលពួកគាត់កំពុងផ្តោតឥឡូវ​នេះ គឺការប្រកួតខាងមុខនៅប្រទេសម៉ាឡេស៊ី សំរាប់ Justen វិញ គាត់រំពឹងថាកូនសិស្សគាត់អាចបញ្ចេញសមត្ថភាពដ៏ខ្លាំងរបស់នាង ដើម្បីយកស្នាដៃក្នុងការបង្ហាញខ្លួនលើកទីមួយនេះបាន។ គាត់ បន្ថែមថា៖ «ខ្ញុំមានទំនុកចិត្តខ្ពស់ណាស់ថា សុវណ្ណារី នឹងមិនធ្វើឲ្យទស្សនិកជនខកបំណងទេថ្ងៃសុក្រនេះ»។

កែសម្រួលដោយ៖ Cambosport
អត្ថបទ៖ Matias Andres

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.