កម្ពុជា បញ្ជូនកីឡា ៦ប្រភេទ ទៅប្រជែងរកមេដាយ ក្នុងការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ាន
ប្រតិភូកីឡាកម្ពុជា ចំនួន៧៧នាក់ មកពីប្រភេទកីឡាចំនួន៦ ត្រូវបានក្រសួងអប់រំ យុវជន និងកីឡា បញ្ជូនឲ្យទៅចូលរួមក្នុងការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ាន នៅប្រទេសមីយ៉ាន់ម៉ា ដែលនឹងចាប់ដំណើរការប្រកួតពីថ្ងៃទី៩ ដល់ទី២០ ខែធ្នូ ខាងមុខនេះ ដើម្បីប្រជែងរកមេដាយជូនជាតិ។
ចំពោះប្រភេទកីឡាទាំង៦ ដែលត្រូវដាក់ឲ្យទៅចូលរូមការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ាន នៅប្រទេសមីយ៉ាន់ម៉ា លើកនេះ រួមមានកីឡាករវ៉ូវីណាម វាយកូនឃ្លីលើតុ ការ៉ាតេដូ ហែលទឹក អត្តពលកម្ម និងប៉េតង់ ដោយមានកីឡាករ កីឡាការិនីសរុបចំនួន៤៩នាក់ និងគ្រូបង្វឹក១២នាក់ និងអាជ្ញាកណ្តាលកម្រិតអន្តរជាតិ៣នាក់។
បើតាមខ្លឹមសារ ដែលត្រូវប្រកាស នៅក្នុងពិធីសំណេះសំណាល កាលពីព្រឹកថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងថា ក្រុមកីឡាវ៉ូវីណាម មានគ្រូបង្វឹក៥នាក់ កីឡាករ១០នាក់ និងកីឡាការិនី៦នាក់ ឯក្រុមប៉េតង់ មានគ្រូបង្វឹក២នាក់ កីឡាករ៦នាក់ និងកីឡាការិនី៧នាក់ ហើយពួកគេត្រូវប្រកួតប្រជែងនៅលើវិញ្ញាសាវាយយកពិន្ទុ(បុរស-នារី) ប្រកួត១ទល់១(បុរស-នារី) ៣នាក់ទល់៣នាក់(បុរស-នារី) និងវិញ្ញាសាវាយចម្រុះបុរសនារី (Mix Triple)។
ចំណែក កីឡាវាយកូនឃ្លីលើតុ មានគ្រូបង្វឹក២នាក់ កីឡាករ៥នាក់ និងកីឡាការិនី៣នាក់ ដោយពួកគេត្រូវប្រកួតលើវិញ្ញាបុរស១ទល់១ បុរស២នាក់ទល់២នាក់ និងប្រកួតជាក្រុមបុរស។ រីឯកីឡាអត្តពលកម្ម មានគ្រូបង្វឹក១នាក់ កីឡាករ២នាក់ និងកីឡាការិនី១នាក់ ត្រូវប្រកួតលើវិញ្ញាសារត់ល្បឿន១០០ម៉ែត្រ (បុរស-នារី) រត់ល្បឿន២០០ម៉ែត្រ(បុរស-នារី) រត់ល្បឿនមធ្យម៨០០ ម៉ែត្របុរស និងរត់ល្បឿនមធ្យម១៥០០ម៉ែត្របុរស។
ចំពោះកីឡាការ៉ាតេដូ មានគ្រូបង្វឹក២នាក់ អាជ្ញាកណ្តាលអន្តរជាតិ ITOs ២នាក់ កីឡាករ៤នាក់ កីឡការិនី២នាក់ ត្រូវប្រកួតលើវិញ្ញា Kunmite ទម្ងន់៥០គ.ក្រ ទម្ងន់៥៥គ.ក្រផ្នែកនារី និងទម្ងន់៦០គ.ក្រ ៦៧គ.ក្រ ៧៥គ.ក្រ ផ្នែកបុរស ព្រមទាំងប្រកួត Kunmite Team (បុរស-នារី) ខណៈកីឡាហែលទឹក គ្រូបង្វឹក១នាក់ កីឡាករ៣នាក់ ត្រូវប្រកួតលើវិញ្ញាសាហែលសេរី២០០ម៉ែត្រ ហែលមេអំបៅ៥០ម៉ែត្រ ហែលមេអំបៅ១០០ម៉ែត្រ ហែលកង្កែប១០០ម៉ែត្រ និងហែលកង្កែប២០០ម៉ែត្រ។
យ៉ាងណាក៏ដោយ នៅក្នុងចំណោមប្រភេទកីឡាទាំង៦ខាងលើនេះ ត្រូវបានគេមើលឃើញថា មានតែប្រភេទកីឡា២ប៉ុណ្ណោះ ដែលមានសក្តានុពលខ្ពស់ ក្នុងការប្រជែងបានមេដាយ មានក្រុមវ៉ូវីណាម និងប៉េតង់ ចំណែកការ៉ាតេ និងវាយកូនឃ្លីលើតុ ក៏អាចមានសង្ឃឹមខ្លះដែរ តែក្រុមហែលទឹក និងអត្តពលិក ពិបាកនឹងស្វែងរកមេដាយណាស់៕
កែសម្រួលដោយ៖ Cambosport
សាកលវិទ្យាល័យអាស៊ាន