v9

ក្រុមយោធភូមិភាគពិសេស ផ្តួលក្រុមរបស់ម្ចាស់ជើងឯកពិភពលោក ដើម្បីលើកពាន ប្រចាំឆ្នាំ២០១៨

5 days ago​ | ដោយ V-Dara

ក្រុមកីឡាករប៉េតង់របស់ក្លិបយោធភូមិភាគពិសេស បានបង្កើតនូវរឿងដ៏គួរឲ្យសរសើរមួយ គឺការរួមគ្នា យកឈ្នះក្រុមរបស់ម្ចាស់ជើងឯកពិភពលោក សុខ ច័ន្ទមាន ដើម្បីលើកពានលើវិញ្ញាសាក្របខ័ណ្ឌក១ នៅក្នុងការប្រកួតកីឡាប៉េតង់ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០១៨ ដែលបានបញ្ចប់កាលពីល្ងាចថ្ងៃពុធ ម្សិលមិញ។

តាមរយៈប្រកួតប្រជែងត្រឹម៣ថ្ងៃ នៅទីលានវាយប៊ូល និងប៉េតង់ ក្នុងពហុកីឡដ្ឋានជាតិ ដោយមានអត្តពលិកចំនួន១៩៥នាក់ចូលរួម ហើយលេងតំណាងឲ្យក្លិបចំនួន២១ នៅទូទាំងប្រទេសកម្ពុជានោះ កីឡាករ ថោង ឈឿន, ហេង ស៊ូមាន, សៅ សុភារ៉ាន់ និង ឈុន សុផាត (បម្រុង២នាក់) បានជម្នះការប្រកួតយ៉ាងតានតឹង នៅវគ្គជម្រុះ ដើម្បីឡើងមកជួបក្រុមម្ចាស់ជើងឯកពិភពលោក សុខ ច័ន្ទមាន នៅវគ្គផ្តាច់ព្រ័ត្រ។

ការឡើងមកជួបគ្នារវាងក្រុមទាំង២នេះ បានធ្វើឲ្យការប្រកួតផ្តាច់ព្រ័ត្រ ដែលត្រូវបានធ្វើឡើង នៅក្នុងពិធីបិទការប្រកួត កាលពីម្សិលមិញ ពោរពេញដោយការចាប់អារម្មណ៍ ព្រោះខាងក្រុមក្រសួងការពារជាតិ របស់ សុខ ច័ន្ទមាន ក៏មានកីឡាករល្អៗដូជា សុខ ច័ន្ទម៉ុល យឹម សោភ័ណ្ឌ និង អៀត សុផាត ផងដែរ ប៉ុន្តែតាមរយៈការប្រកួតនេះក្រុមយោធភូមិភាគពិសេស បានយកឈ្នះយ៉ាងងាយ ជាមួយលទ្ធផល ១៣២ ដើម្បីលើកពានជាក្រុមបុរស ឯក្រុមអគ្គភស្តុភាហិរញ្ញវត្ថុក្រសួងការពារជាតិ បានលេខ៣ និងក្លិបសេនារាជសីហ៍ បានលេខ៤។

បន្ថែមលើលការឈ្នះពានផ្នែកបុរសក្របខ័ណ្ឌក១នេះ កីឡាការិនីជើងខ្លាំង អ៊ុន ស្រីយ៉ា, ដួង ឌីណា និង ពៅ ឈូករ័ត្ន របស់យោធភូមិភាគពិសេស ក៏បានបន្តយកឈ្នះលើក្រុមនារីរបស់ក្រសួងមហាផ្ទៃ ១៣-៨ ដើម្បីគ្រងជើងឯកការប្រកួតជាក្រុមនារីផងដែរ ខណៈលេខ៣បានទៅក្រុមទីស្តីការគណៈរដ្ឋមន្រ្តី និងលេខ៤ក្រុមមជ្ឈមណ្ឌលខ.ភ.ម។

ប៉ុន្តែសម្រាប់ការប្រកួតវិញ្ញាសាជាក្រុម៣នាក់ទល់៣នាក់ក្របខ័ណ្ឌក២ កីឡាករ យ៉ា ច័ន្ទដារ៉ារិទ្ធ, ស៊ិន វង់, ខែម សុភ័ក្ត្រ, និង កិល សុផល របស់ក្រសួងមហាផ្ទៃ បានលើកពាន បន្ទាប់ពីពួកគេបានយកឈ្នះក្រុមនាគរាជ២ នៅវគ្គផ្តាច់ព្រ័ត្រ ខណៈចំណាត់ថ្នាក់លេខ៣ បានទៅក្រុមទីស្តីការគណៈរដ្ឋមន្រ្តី និងលេខ៤ បានទៅក្រុមនាគរាជ១។

ទាក់ទងទៅនឹងការប្រកួតនេះ លោក អ៊ុក សិទ្ធីជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា ដែលជាធិបតីភាព ក្នុងពិធីបិទការប្រកួតនេះ បានថ្លែងថា៖ «ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់គណៈកម្មាធិការប្រតិបត្តិសហព័ន្ធ និងមន្រ្តីបច្ចេកទេសគ្រប់ផ្នែក ដែលបានអនុវត្ត និងផ្តល់ភាពយុត្តិធម៌តាមបទបញ្ជានៃការប្រកួត»។

លោកបានបន្ថែមថា៖ «បន្ថែមលើនេះ ខ្ញុំសូមកោតសរសើរទៅដល់ក្លិប និងអត្តពលិកចូលរួមទាំងអស់ ដែលបានគោរពនូវបទបញ្ជា និងខិតប្រកួតអស់ពីសមត្ថភាព ហើយនេះសមិទ្ធផល ដែលសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា ក៏ដូចជាក្លិបទាំងអស់ បានខិតខំប្រឹងប្រែង រួមគ្នា ដើម្បីដំណើរឆ្ពោះទៅកាន់ការប្រកួតស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា ដែលខិតជិតចូលមកដល់»៕

កែសម្រួលដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.