v9

ក្រុមហ៊ុនខ្មែរប៊ែវើរិជីស គ្រោងបង្កើតព្រឹត្តិការណ៍ថ្មី ដែលមានការបញ្ចូល ៣ប្រភេទកីឡា នៅកម្ពុជា

6 days ago​ | ដោយ V-Dara

ក្រុមហ៊ុនខ្មែរប៊ែវើរិជីស ជាក្រុមហ៊ុនបុត្រសម្ព័ន្ធ ក្រុមហ៊ុនជីប ម៉ុង ដែលជាក្រុមហ៊ុនឯកជន បានចូលរួមគាំទ្រដល់វិស័យកីឡាបានច្រើនជាងគេ នៅកម្ពុជានោះ គ្រោងនឹងបង្កើតឲ្យមានព្រឹត្តិការណ៍កីឡាថ្មីមួយ ដោយមានការដាក់បញ្ជូល៣ប្រភេទកីឡា ឲ្យប្រកួតក្នុងពេលតែមួយ មានហែកទឹក ជិះកង់ និងរត់ម៉ារ៉ាតុងចម្ងាយ៤២គីឡូម៉ែត្រ។

ព្រឹត្តិការណ៍ថ្មី ដែលគ្រោងនឹងបង្កើតឲ្យមាននៅកម្ពុជានេះឈ្មោះថា Ironman ហើយការប្រកួតនេះ តម្រូវឲ្យអត្តពលិកម្នាក់ៗ ត្រូវធ្វើឲ្យបាន នៅការហែលទឹកចម្ងាយ៣,៨៦គីឡូម៉ែត្រ រួចជិះកង់ចម្ងាយ១៨០គីឡូម៉ែត្រ និងចុងក្រោយត្រូវរត់ចម្ងាយ៤២គីឡូម៉ែត្រ ទៅកាន់ទីផ្តាច់ព្រ័ត្រ ដើម្បីក្លាយជាម្ចាស់ជើងឯក។

មហិច្ឆតា ចង់បង្កើតឲ្យមានព្រឹត្តិការណ៍ Ironam នេះ ជាគំនិតផ្តួចផ្តើមរបស់លោក ភីតធើរ លាង (Peter) ដែលជាអគ្គនាយកក្រុមហ៊ុនខ្មែរប៊ែវើរិជីស បន្ទាប់ពីលោក ធ្វើបានសម្រេច នូវការតាំងចិត្តជិះកង់ចម្ងាយ ១១៧គីឡូម៉ែត្រ ក្នុងកម្មវិធីជិះកង់ ដើម្បីកុមារ និងការរត់ចម្ងាយ២១គីឡូម៉ែត្រ នៅក្នុងទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុង នៅអង្គរ កាលពីថ្ងៃអាទិត្យ។

នោះ បានដក់ចិត្តកាន់តែជ្រៅ ទៅក្នុងការចូលរួមអភិវឌ្ឍវិស័យកីឡានៅកម្ពុជា ហើយនៅពេលនេះ បុរសជនជាតិខ្មែរវ័យ៣៨ឆ្នាំរូបនេះ កំពុងតែជំរុញឲ្យក្រុមការងាររបស់លោក ធ្វើការស្ទាបស្ទង់ទៅលើសមត្ថភាពពិតរបស់អត្តពលិកនៅកម្ពុជា ដែលអាចប្រកួតលើប្រភេទកីឡា៣ ក្នុងពេលតែមួយ ដើម្បីលោកអាចឈានទៅដល់ការបង្កើតនូវព្រឹត្តិការណ៍កីឡាថ្មីមួយឈ្មោះថា Ironman។

លោក ភីតធើរ លាង បានមានប្រសាសន៍ថា៖ «តាមរយៈការចូលរួមរត់ក្នុង ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងនៅឆ្នាំនេះ ខ្ញុំសង្កេតឃើញថា ការរៀបចំទាំងផ្នែកបច្ចេកទេសផ្លូវ និង ការផ្សព្វផ្សាយ ជាទូទៅមានលក្ខណៈប្រសើរច្រើន បើប្រៀបធៀបទៅនឹងឆ្នាំមុនៗ ហើយថែមទាំងមានចំនួនអ្នកចូលរួមកើនឡើងច្រើនគួរឲ្យកត់សម្គាល់ គឺប្រហាក់ប្រហែល១១០០០នាក់ឯនោះ»។

លោកបានបន្តថា៖ «ដោយមើលឃើញពីការកើនឡើង នូវការចូលរួមកម្មវិធីកីឡារត់ប្រណាំងនេះ គួរឲ្យកត់សម្គាល់ ខ្ញុំនិងក្រុមការងារភេសជ្ជៈប៉ូវកម្លាំងវើក នឹងចាប់ផ្តើមរៀបចំផែនការមើលទៅលើលទ្ធភាព ដែលអាចទៅរួច ក្នុងការរៀបចំកម្មវិធី Ironman នៅក្នុងប្រទេសកម្ពុជា ជាមួយគោលបំណងសប្បុរសធម៌ និងលើកទឹកចិត្តឲ្យប្រជាជនកម្ពុជាចូលរួមលេងកីឡាឲ្យបានច្រើន និងដកស្រង់បទពិសោធនូវអ្វីដែលថ្មី»។

ក្រុមហ៊ុនខ្មែរប៊ែវើរិជីស នឹងត្រូវសហការជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងសហព័ន្ធកីឡាជាតិ ដែលមានជំនាញ លើការរៀបចំការប្រកួត Ironman នេះ ប៉ុន្តែគិតមកដល់ពេលនេះ ក្រុមហ៊ុនខ្មែរប៊ែវើរិជីស នៅមិនទាន់បានកំណត់ពេលវេលាជាក់លាក់ ក្នុងការរៀបចំព្រឹត្តិការណ៍នេះនូវឡើងទេ។ ពួកគេត្រូវការពេលវេលាពី៥ទៅ៦ខែ ក្នុងការស្ទាបស្ទង់មើលថា តើនៅកម្ពុជា មានកីឡាករ ដែលមានសមត្ថភាពខ្លាំងប៉ុន្មាននាក់ អាចចូលរួមក្នុងកម្មវិធីនេះ? ព្រមទាំងគ្រោងរៀបចំផែនការផ្សេងៗទៀត គឺធ្វើយ៉ាងណាឲ្យរៀបចំការប្រកួត Ironman នេះបាន៕

កែសម្រួលដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.