v9

ហេតុផល ៣យ៉ាងអ្នកស្នេហាប្រដាល់គួរតាមដាន ONE: DESTINY OF CHAMPIONS

7 days ago​ | ដោយ V-Dara

នៅថ្ងៃសុក្រ ទី០៧ ខែធ្នូនេះ កម្ពុជានឹងបង្ហាញមុខម្តងទៀតលើឆាកក្បាច់គុនអន្តរជាតិ ដែលក្នុងនោះមានវត្តមានអ្នកលេងជើងចាស់ ចាន់ រតនា ព្រមទាំងកីឡាការិនីខ្មែរ-អាមេរិកទើបរះ ឯម សុវណ្ណារី ត្រៀមបញ្ចេញថ្វីដៃដែលខ្លួនសម្លៀងទុកជាយូរមកហើយក្នុងព្រឹត្តិការណ៍ ONE: DESTINY OF CHAMPIONS។

ការប្រកួតដ៏ធំនៅកីឡាដ្ឋាន Axiata Arena ទីក្រុងគួឡាឡាំពួរ ប្រទេសម៉ាឡេស៊ី អាទិត្យនេះ នឹងមានជើងខ្លាំងចំនួន ១៣គូ ត្រៀមខ្លួនដណ្តើមពានរង្វាន់ពីសង្វៀន ONE រីឯកីឡាករប្រដាល់ទាំងពីររូបរបស់កម្ពុជា ក៏បានត្រៀមលក្ខណៈរៀងខ្លួនដើម្បីធ្វើឲ្យកក្រើកសង្វៀនម្តង។ ព្រឹត្តិការណ៍សំខាន់នៅបញ្ចប់កម្មវិធី គឺនឹងជើងខ្លាំងក្បាច់គុនមួយថៃមួយគូផងដែ។

ខាងក្រោមជាហេតុផល ៣យ៉ាងកម្ពុជាគួររង់ចាំមើលប្រដាល់នៅថ្ងៃសុក្រនេះ៖

ការបង្ហាញខ្លួនរបស់តារាប្រដាល់ទើបរះថ្មី

កីឡាការិនីខ្មែរ-អាមេរិក ឯម សុវណ្ណារី មានឱកាសបញ្ចេញស្នាដៃក្នុងព្រឹត្តិការណ៍របស់ ONE ដែលមិនមែនគ្រប់គ្នាអាចធ្វើបាននោះទេ។ ការប្រកួតមុនៗរបស់នាង គឺនាងបានផ្តួលគូប្រកួតឲ្យសន្លប់ត្រឹមតែ ១៨ វិនាទី ប៉ុណ្ណោះ ហើយឥឡូវនេះនាងនឹងត្រូវប្រឈមមុខជាមួួយគូប្រកួតរឹតតែខ្លាំងខ្លាជាងមុនទៀតគឺនាង Iryna “Delsa” Kyselova ជើងឯកស្រីអ៊ុយក្រែន ក្នុងការបើកឆាកកម្មវិធីតែម្តង។ ការប្រកួតប្រភេទទម្ងន់ ៥១ គីឡូនេះ ប្រកដជាអង្រួនបេះដូងអ្នកទស្សនាឲ្យញាប់ញ័រ ដោយសារមួួយគូនេះសុទ្ធសឹងតែជាមានកិត្តិសព្ទខាងវាយសម្រុកផ្តួលកីឡាករផ្សេងៗមិនញញើតឲ្យក្រាបដល់ដីតែម្តង។ និយាយពី Iryna វិញនាងមានបទពិសោធន៍លើសង្វៀនប្រដាល់ច្រើនជាង សុវណ្ណារី ដល់ទៅ ៦ដងឯណោះ។ តែយ៉ាងណាមិញកីឡាការិនីខ្មែរ-អាមេរិក ក៏បានត្រៀមស្នៀតស្រេចបាច់ ហើយនាងបានប្រាប់ដល់ទស្សនិកជនថា៖ «ចិត្តនិងកាយ ខ្ញុំត្រៀមរួចរាល់ហើយ ខ្ញុំទន្ទឹងចាំតែទៅដល់នោះទេ»។

ការទន្ទឹងរង់ចាំយូរបស់ ចាន់ រតនា បានមកដល់ហើយ

តារាប្រដាល់ប្រចាំដួងចិត្តកម្ពុជា ចាន់ រតនា ស្រេកឃ្លានដើម្បីចូលប្រកួតសង្វៀន ONE វិញជាយូមកហើយ លើកនេះរូបគេពុះកញ្រ្ជោលជាងពេលណាៗទាំងអស់ក្នុងការបញ្ចេញស្នៀតថ្មីៗដែលខ្លួនបានសំងំហាត់ជាយូរមកហើយ អ្នកគាំទ្រទាំងអស់ប្រាកដជាមិនខកបំណងឡើយ។ ត្រូវរំលឹកផងដែរថា អ្នកដឹកនាំក្លឹប«សិល្បៈ» មួួយរូបនេះ មិនមានវត្តមានក្នុងការប្រកួតប្រហែល ជាងមួយឆ្នាំមកហើយ ប៉ុន្តែគាត់បន្តការហ្វឹកហាត់បន្ថែមវិជ្ជាគុនរង់ចាំឱកាសល្អជានិច្ច។ ថ្ងៃសុក្រនេះ ចាន់ រតនា នឹងត្រូវប៉ះជាមួយជើងខ្លាំងរបស់ឥណ្ឌូនេស៊ី Abro Fernandes ដែលយើងជឿជាក់ថាមួយគូនេះ នឹងធ្វើឲ្យការប្រយុទ្ធក្នុងរាត្រីថ្ងៃសុក្រ ដានជាប់ស្មារតីទស្សនិកជនជាក់ជាមិនខាន។ ក្រលេកមើលពីស្នាដៃភាគីខាងឥណ្ឌូនេស៊ីវិញ ចាប់តាំងពីចូលក្នុងទ្រុង ONE ៧ដងមក មិនទាន់មានប្រវត្តិចាញ់ម្តងឡើយ។ រីឯ ចាន់ រតនា វិញលើជ័យជម្នះនីមួួយៗ សុទ្ធសឹងបានដោយផ្តួលគូប្រកួតមុនទឹកទី ៣ទាំងអស់។ តារាប្រដាល់កម្ពុជាលើកឡើងថា៖ «ខ្ញុំចង់បង្ហាញអ្វីដែលថ្មីទៅ ONE Championship ឱ្យគេចាប់អារម្មណ៍ខ្ញុំច្រើនជាងនេះទៀត។ ខ្ញុំប្រកួតមិនសម្រាប់តែខ្លួនឯងទេ ប៉ុន្តែខ្ញុំប្រកួតសម្រាប់អ្នកគាំទ្ររបស់ខ្ញុំទាំងអស់ផងដែរ។ តាមពិតខ្ញុំសប្បាយចិត្តជាង ពេលឃើញអ្នកគាំទ្រខ្ញុំសប្បាយចិត្ត»។

ការប៉ះគ្នារវាងជើងខ្លាំងពិភពលោក

ONE: DESTINY OF CHAMPIONS បានចាប់គូប្រយុទ្ធកំរិតពិភពលោកមួយគូ ដើម្បីដណ្តើមគ្រងខ្សែរក្រវាត់ពិភពលោកក្នុងរាត្រីនោះ។ រហូតមកដល់សព្វថ្ងៃមានជើងខ្លាំងមិនច្រើនទេ ដែលមានថ្វីដៃខ្លាំងដូចជើងឯកក្បាច់គុនមួយថៃ Yodsanklai IWE Fairtex និងគូប្រយុទ្ធជនជាតិអូស្ត្រាលី Luis Regis។ Yodsanklai ជើងឯកខ្សែក្រវាត់ពិភពលោក Muay Thai World Champion នៅពហុកីឡដ្ឋាន Lumpinee បានកសាងកេរ្តិ៍ឈ្មោះដណ្តើមពានរង្វាន់ធំៗជាហូហែក្នុងអាជីបរួចមកហើយ ការប្រកួតខាងមុខនេះខ្លួនមានបំណងផ្តួលគូប្រកួតអូស្រ្តាលីឲ្យផ្អើលសង្វៀនតែម្តង។ ចំពោះជើងខ្លាំង Regis ដើមកំណើតនៅប្រទេសប្រស៊ីល តែរស់នៅប្រទេសអូស្ត្រាលីវិញ បានឲ្យដឹងថាខ្លួនបានដាក់ទាំងចិត្តនិងកាយធ្វើជាអ្នកប្រដាល់រហូតដល់ សព្វថ្ងៃគាត់មានកំណត់ត្រាជាជើងឯងប្រដាល់មួយថៃកំរិតពិភពលោកម្នាក់ប្រចាំ WORLD FIGHT ORGANISATION ហើយអាទិត្យនេះផងដែរ គាត់នឹងបន្ថែមកំណត់ត្រាធំមួយទៀតក្នុងអាជីពខ្លួន។ គាត់ថា៖ «បើមើលកំណត់ត្រាផ្ទាល់របស់ខ្ញុំ វាមិនធំដំប៉ុន្មានទេ ប៉ុន្តែការឈ្នះទាំង ២៥ដងនោះ សុទ្ធតែបានដោយវាយភាគីឲ្យសន្លប់ដល់ដីទាំងអស់»។ «ពេលគេកំពុងឈរវៃតទល់ពីមុខខ្ញុំ បើសិនខ្ញុំចាប់គេជាប់ ខ្ញុំដឹងថាខ្ញុំអាចបង្រ្កាបគេក្រោមកណ្តាប់ដៃរបស់ខ្ញុំបាន»។

ក្នុងប្រវត្តិសាស្រ្តរបស់ស្ថាប័ន ONE ទើបតែមានគូខ្លាំងខាងក្បាច់គុនមួួយថៃ ONE Super Series មួយគូនេះ ទេដែលនឹងបិទឆាកជាគូសំខាន់បំផុតក្នុងព្រឹត្តិការណ៍ទាំងមូល នេះរឹតតែធ្វើសង្វៀនដ៏ធំនៅអាស៊ី ONE កាន់តែពិសេសថែមទៀត។ អ្នកឈ្នះក្នុងការប្រយុទ្ធ នឹងចាឈ្មោះក្នុងសៀវភៅប្រវត្តិសាស្រ្តជារៀងរហូត។

អត្ថបទ៖ Matias Andres

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.