v9

ក្បាច់គុនផ្លាស់ប្តូរ ឯម សុវណ្ណារី ឲ្យឈប់ខ្មាសអៀន

7 days ago​ | ដោយ V-Dara

ប្រសិនបើលោកអ្នកបានមើលកីឡាការិនី ONE Championship ឯម សុវណ្ណារី ពេលហ្វឹកហាត់ និងឡើងប្រកួតម្តងៗ យើងមិននឹកស្មានថាគាត់ចេះភ័យខ្លាច និងមានការខ្មាសអៀនខ្លាំងពីមុនឡើយ។ ជើងខ្លាំងខ្មែរ-អាមេរិករូបនេះ រាល់ពេលត្រូវចូលក្នុងទ្រុងម្តងៗ គាត់តែងតែបង្ហាញពីភាពស្វាហាប់និងមានភាពជឿជាក់ខ្លាំង ហើយនៅថ្ងៃទី ០៧ ខែធ្នូឆាប់ៗនេះផងដែរ នាងនឹងធ្វើឲ្យកក្រើកសង្វៀនដោយបង្ហាញវត្តមាននៅមុខទស្សនិកជនរាប់ពាន់នាក់ក្នុងព្រឹត្តិការណ៍ ONE: DESTINY OF CHAMPIONS ឯទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។

សុវណ្ណារី ត្រូវប៉ះគ្នាក្នុងទ្រុងជាមួយជើងចាស់របស់អ៊ុយក្រែននាង Iryna “Delsa” Kyselova ក្នុងការប្រកួតប្រភេទទម្ងន់ ៦១គីឡូ។ ថ្វីបើកញ្ញាវ័យ ២៦ឆ្នាំងរូបនេះ មើលទៅមានភាពជឿជាក់ខ្លាំងក្នុងការប្រឈមមុខជាមួយដៃគូអ៊ុយក្រែននេះមែន ប៉ុន្តែរាល់ពេលដែលនាងត្រូវចូលក្នុងសង្វៀនប្រកួត អ្វីដែលនាងពិបាកគ្រប់គ្រងជាងគេនោះគឺស្មារតីនឹងធឹងតែម្តង។ នាងសារភាពថា៖ «ក្បាច់គុនគឺជាផ្នែកដ៏សំខាន់មួយរបស់ខ្ញុំ មកពីជាធម្មតាខ្ញុំអៀនច្រើន ហើយមិនចូលចិត្តប្រឈមមុខជាមួយនរណាម្នាក់ទេ និយាយទៅ ខ្ញុំមិនសូវហ៊ានតែម្តង។ ប៉ុន្តែពេលគេឲ្យឡើងសង្វៀន ឬក្នុងទ្រុងម្តងៗ ចង់ឬមិនចង់ក៏ត្រូវបង្ខំខ្លួនឯងឲ្យសំរុកចូលដែរ»។

ការតាំងចិត្តជម្នះលើខ្លួនឯងរបស់ សុវណ្ណារី ត្រួសត្រាយផ្លូវក្នុងអាជីពជាអ្នកប្រដាល់របស់ខ្លួនរហូតដល់បានជោគជ័យក្នុងវិស័យក្បាច់គុនធំជាងគេនៅអាស៊ី ដែលនាង រួមជាមួយកីឡាករល្បីល្បាញម្នាក់ទៀតរបស់កម្ពុជា ចាន់ រតនា នឹងត្រូវឡើងតំណាងឲ្យប្រទេសកម្ពុជានាពេលឆាប់ៗនេះ។

ដោយសារនាងកើតនៅសហរដ្ឋអាមេរិក ដែលឪពុកម្តាយនាងជាជនភៀសខ្លួនខ្មែរក្នុងសម័យនោះ ដូច្នេះការឈានជើងចូលក្នុងទឹកដីអាស៊ីលើកនេះ គឺជាជំហានដំបូងនឹងសំខាន់ខ្លាំងណាស់ក្នុងឆាកជីវិតរបស់នាង ទាំងក្នុងអាជីពជាអ្នកប្រដាល់ ក៏ដូចជាសំរាប់រឿងផ្ទាល់ខ្លួនរបស់នាងផងដែរ។ នាងមានបំណងមកផ្សារភ្ជាប់ឡើងវិញក្នុងនាមជាឈាមខ្មែរមួយរូប ហើយក៏ចង់ចែករំលែកបទពិសោធន៍ផងដែរថាក្បាច់គុនបានជំរុញនាងឲ្យឈប់ភ័យខ្លាច និងខ្មាសអៀនបាន។ នាងធ្លាប់ភ័យខ្លាចក្នុងកំរិតមួយដែលមិនហ៊ាននឹងនិយាយទូរសព្ទ័ផង។

នាង រំលឹកថា៖ «កាលពីមុន គ្រាន់តែតេទៅកម្មង់ភីហ្សាសោះ ក៏ខ្ញុំភ័យអន្ទះអន្ទែងដែរ»។ រស់នៅជិតកូនស្រីរបស់សង្សានាងរឹតតែជួយឲ្យនាងបានយល់កាន់តែច្បាស់ពីភាពវិជ្ជមាននៃក្បាច់គុនដែលជួយជាគ្រឹះសំខាន់ក្នុងជិវិតមនុស្សម្នាក់ មិនប្រកាន់អាយុឡើយ។ ដោយមើលឃើញពីអត្ថប្រយោជន៍ល្អៗ ថ្មីៗនេះ នាងបានចាប់ដៃជាមួយជើងខ្លាំងខាងគុនចម្រុះ Yves Edwards ដែលពីរនាក់គាត់បានសរសេរបោះពុម្ភផ្សាយសៀវភៅសំរាប់ក្មេងៗ ដែលជាមេរៀនគ្រឹះដ៏មានតម្លៃ។

នាងបកស្រាយថា៖ «វាទាក់ទងនឹងការបង្រៀនក្មេងៗអំពីបំនិនជីវិតតាមរយៈការហាត់ក្បាច់គុន។ មនុស្សជាច្រើន គេគិតថាក្បាច់គុនមិនល្អទេ។ ឪពុកម្តាយភាគច្រើនយល់ឃើញថាក្បាច់គុនពោពេញដោយហិង្សា ឬក៏គិតថាកូនៗអាចនឹងយកទៅធ្វើបាបអ្នកទទៃ»។ កូនស្រីរបស់សង្សា សុវណ្ណារី ក៏កំពុងប្រឡូកក្នុងវិស័យក្បាច់គុនដែរ ប៉ុន្តែជាក្បាច់គុនប្រភេទផ្សេងទៀត យ៉ាងណាមិញ អ្នកប្រដាល់ស្រីរូបនេះ គាត់ប្រាប់ថាគាត់រំភើប និងសប្បាយចិត្តក្រៃលែងពេលឃើញក្មេងស្រីម្នាក់នេះមានការផ្លាស់ប្តូរច្រើន។

សុវណ្ណារីរៀបរាប់ពីកូនស្រីសង្សាខ្លួនថា៖ «ជំនឿចិត្តរបស់នាងឥឡូវនេះ គឺកើនឡើងខ្លាំងណាស់តាំងពីគាត់ចាប់ផ្តើមហាត់តៃក្វាន់ដូមក។ និយាយទៅបើប្រៀបធៀបគឺដូចថ្ងៃនឹងយប់អីចឹង គាត់ផ្លាស់ប្តូរខ្លាំងមែនទែន!»។ បើសិនការប្រកួតនៅទីក្រុងគូឡាឡាំពួរខាងមុខនេះ នាងអាចយកជ័យជម្នះមកផ្ទះវិញបាន នោះកេរ្តិ៍ឈ្មោះរបស់នាងប្រាកដជាបានល្បីដ៏កំពូលមិនខាន ប៉ុន្តែសំរាប់នាងវិញទោះជាលទ្ធផលយ៉ាងណាក៏ដោយ នាងបានលើកឡើងថាតាមរយៈការប្រឡូកក្នុងវិស័យក្បាច់គុន នាងទទួលបានអត្ថប្រយោជន៍ជាច្រើនក្នុងជីវិតរបស់នាងរួចមកហើយ។

«ការហាត់ក្បាច់គុនចម្រុះគឺជាអ្វីដែលខ្ញុំធ្វើដើម្បីខ្លួនឯង ដើម្បីរីកចម្រើនជាបុគ្គលខ្លាំងមួយរូប។ ហើយខ្ញុំពិតជាមានអារម្មណ៍ថាវាបានជួយខ្ញុំប្រាកដមែន»។

អត្ថបទ៖ Matias Andres

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.