v9

ប្រធានកាយសម្ព័ន្ធកម្ពុជា ជំរុញឲ្យអត្តពលិកវ័យក្មេងខំហាត់ ត្រៀមប្រជែងយកមេដាយនៅស៊ីហ្គេម

7 days ago​ | ដោយ V-Dara

ប្រធានសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា លោក ថោង ខុន និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានជំរុញលើកទឹកចិត្តឲ្យអត្តពលិកវ័យក្មេងផ្នែកកីឡាកាយសម្ព័ន្ធ ខំប្រឹងហ្វឹកហាត់បន្ថែមទៀត ដើម្បីមានសមត្ថភាពខ្លាំង អាចប្រកួតដណ្តើមមេដាយឲ្យជាតិ នៅលើឆាកអន្តរជាតិ ពិសេសត្រៀមស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជា ត្រូវធ្វើជាម្ចាស់ផ្ទះ។

លោក ថោង ខុន បានថ្លែងថា៖ «ខ្ញុំសូមឲ្យគ្រូបង្វឹក គណៈកម្មការបច្ចេកទេស ហើយចៅៗទាំងអស់ ជាអត្តពលិកវ័យក្មេង ត្រូវខិតខំដើម្បីត្រៀមខ្លូនហ្វឹកហាត់ឲ្យបានល្អ ព្រោះកីឡាកាយសម្ព័ន្ធ បើយើងហ្វឹកហាត់ល្អ វាងាយនឹងរកបានមេដាយមាស ជូនដល់ប្រទេសជាតិដែរ ហើយទម្រាំដល់ស៊ីហ្គេម ឆ្នាំ២០២៣ យើងនៅសល់ពេលចូល៤ឆ្នាំទៀត»។

ការលើកឡើងរបស់ លោក ថោង ខុន ត្រូវបានធ្វើឡើង នៅពេលលោកចូលរួមនៅក្នុងពិធីបិទការប្រកួតកីឡាកាយសម្ព័នជ្រើសរើសជើងឯកថ្នាក់ជាតិ និងពានរង្វាន់ឯកឧត្តមបណ្ឌិត ថោង ខុន លើកទី២ ឆ្នាំ២០១៨ នៅសាលដំបូលទូក នៃពហុកីឡដ្ឋានជាតិ កាលពីល្ងាចថ្ងៃព្រហស្បតិ៍ សប្តាហ៍មុន ហើយវាក៏ជាពេលដែលលោកបានសុំអំពាវនាវឲ្យមាតាបិតាជាអាណាព្យាបាលរបស់អត្តពលិកទាំងអស់ បន្តបញ្ជូនកូនចៅឲ្យមកហ្វឹកហាត់កីឡាកាយសម្ព័ន្ធ ផងដែរ។

ជាមួយនឹងការអំពាវនាវនេះ លោក ថោង ខុន បានប្រាប់ពីផែនការរបស់សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា ក្នុងការបញ្ជូនអត្តពលិកវ័យក្មេងទៅហ្វឹកហាត់នៅក្រៅប្រទេស ឬការអញ្ជើញគ្រូបង្វឹកពីក្រៅប្រទេសមកបង្វឹកដល់ពួកគេនៅកម្ពុជាផងដែរ ដើម្បីត្រៀមការប្រកួតស៊ីហ្គេម នៅឆ្នាំ២០២៣ និងការប្រកួតនៅលើឆាកអន្តរជាតិ បន្ទាប់ពីស៊ីហ្គេម ឆ្នាំ២០២៣ បានបញ្ចប់។

លោក ថោង ខុន បានមានប្រសាសន៍ថា៖ «ចំពោះកីឡាកាយសម្ព័ន្ធរបស់យើងនេះ គឺមានផ្លូវ២ ទី១ ត្រូវបញ្ជូនអត្តពលិកទៅហ្វឹកហាត់នៅក្រៅប្រទេស និងទី២ អញ្ជើញគ្រូបង្វឹកពីគេ មកបង្វឹកនៅកម្ពុជា គឺយើងត្រូវខំប្រឹងធ្វើយ៉ាងណា បណ្តុះបណ្តាល មិនគ្រាន់តែសម្រាប់ត្រៀមស៊ីហ្គេម មួយនោះទេ ប៉ុន្តែយើងបណ្តុះបណ្តាលសម្រាប់អនាគតនៃវិស័យកីឡាកាយសម្ព័ន្ធ សម្រាប់ត្រៀមទៅឆ្ងាយជាងស៊ីហ្គេម ឆ្នាំ២០២៣ ទៅទៀត ព្រោះយើងមិនមែនឈប់ត្រឹមឆ្នាំ២០២៣ទេ»៕

កែសម្រួលដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.