v9

លោក ថោង ខុន បង្ហាញពីមោទនភាពពីភាពជោគជ័យ ក្នុងទិវារត់ប្រណាំងនៅអង្គរ

1 week ago​ | ដោយ V-Dara

រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក ថោង ខុន ដែលជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានបង្ហាញពីមោទភាព ទៅលើភាពជោគជ័យយ៉ាងធំធេង ដែលទទួលបានពីទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុង លើកទី២៣ នៅអង្គរ កាលពីថ្ងៃអាទិត្យ ខណៈព្រឹត្តិការណ៍នេះមានអត្តពលិកជាតិ និងអន្តរជាតិចូលរួមសរុប ១០៥០០នាក់នោះ។

ចំនួនអ្នកចូលមកពី៧៨ប្រទេស សរុប១០៥០០នាក់នេះ គឺមានការកើនឡើងជាង១៥ភាគរយ បើប្រៀបធៀបទៅនឹង ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុង កាលពីឆ្នាំ២០១៧ ហើយក្នុងនោះមានបរទេស ៥២០០នាក់ គឺកើនឡើង ២០ភាគរយ ខណៈជនជាតិអង់គ្លេស មានចំនួនច្រើនជាងគេ ដោយឈរនៅលេខ១, អាមេរិក ឈរនៅលេខ២ បារាំង ឈរនៅលេខ៣ ជប៉ុន ឈរនៅលេខ៤ និងជនជាតិអូស្រ្តាលី ឈរនៅលេខ៥។

លោក ថោង ខុន បានចាត់ទុក ការកើនឡើងនៃចំនួនអ្នកចូលរួមយ៉ាងច្រើន នៅឆ្នាំនេះ ថា ជាជោគជ័យ ដែលទទួលបានមក ដោយសារប្រទេសជាតិ មានសុខសន្តិភាព។ លោកបានថ្លែងថា៖ «ការកើនឡើងនៅចំនួនអ្នករត់ជាតិ និងអន្ដរជាតិពេលនេះ ដោយសារកម្ពុជាមានសន្ដិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍន៍ទូទាំងប្រទេស ពិសេសការគាំទ្ររបស់រាជរដ្ឋាភិបាលកម្ពុជាលើវិស័យកីឡា និងទេសចរណ៍ពេញទំហឹង ទើបធ្វើឲ្យព្រឹត្តិការណ៍លក្ខណៈអន្ដរជាតិធំៗទទួលបានការទាក់ទាញ និងការចូលរួមកាន់តែច្រើនពីភ្ញៀវបរទេសនៅលើពិភពលោក»។

លោករដ្ឋមន្ដ្រី បានបន្ដថា៖ «ទិវារត់ប្រណាំងអន្ដរជាតិឆ្នាំនេះ បានបង្កើតនូវកំណត់ត្រាថ្មី ដែលជាមោទនភាព និងបានលើកកិត្តិយសជាតិទាំងមូល ដោយមានភ្ញៀវទេសចរចូលរួមច្រើន ជាពិសេសភ្ញៀវបរទេស ដែលមានការកើនឡើងជាង ២០ភាគរយ បើធៀបទៅនឹងឆ្នាំ២០១៧ អ៊ីចឹងវាឆ្លុះបញ្ជាំងឲ្យឃើញថា បើស្រុកទេសយើង គ្មានសន្ដិភាព គ្មានស្ថេរភាពនយោបាយ និងការអភិវឌ្ឍន៍នោះ គេមិនមែននាំទាំងគ្រួសារគេមកចូលរួមទេ ដូច្នេះនេះគឺជាមោទនភាពមែនទែន សម្រាប់ប្រទេសជាតិ និងប្រជាជនយើង»។

តាមរយៈការប្រកួត ដោយពោរពេញដោយសប្បាយរីករាយ នៅអង្គរ កាលពីព្រឹកថ្ងៃអាទិត្យនោះ កីឡាករបារាំង Cuzzucoli Valentin បានរត់មកដល់ទីផ្តាច់ព្រ័ត្រមុនគេ ដើម្បីទទួលបានចំណាត់ថ្នាក់លេខ១ ក្នុងការប្រកួតពាក់កណ្តាលម៉ារ៉ាតុងចម្ងាយ២១គីឡូម៉ែត្រ ឯលេខ២ បានទៅកីឡាករជប៉ុន Daisuke Yamauchi និងលេខ៣ កីឡាករចិន Chap Manjackey។

ចំណែកការរត់ចម្ងាយ ២១គីឡូម៉ែត្រ ផ្នែកនារី លេខ១ កីឡាការិនីអូស្ដ្រាលី Rosel Bec លេខ២ កីឡាការិនីអៀកឡង់ Maire Nic Amhlacibh និងលេខ៣ បានទៅកីឡាការិនីអាហ្វ្រិកខាងត្បូង Small Bronuyn។

ចំពោះការរត់ចម្ងាយ១០គីឡូម៉ែត្របុរស លេខ១ បានទៅកីឡាករកម្ពុជា វ៉ាន់ ភារ៉ា លេខ២ កីឡាករកម្ពុជា ជា សម្ភស្ស និងលេខ៣ កីឡាករអូស្ដ្រាលី Happell James ខណៈផ្នែកនារី លេខ១ កីឡាការិនីអង់គ្លេស Clarke Lyndsay លេខ២កីឡាការិនីជប៉ុន Watanabe Chiharu និងលេខ៣ កីឡាការិនីបារាំង Geyercarles Maeva។ ក្រៅពីនេះ ក៏មានការរត់ចម្ងាយ២១គីឡូម៉ែត្រ និង ១០គីឡូម៉ែត្រជនពិការ ព្រមទាំងការរត់បែបកម្សាន្តលក្ខណៈគ្រួសារចម្ងាយ៣គីឡូម៉ែត្រ ផងដែរ៕

កែសម្រួលដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.