v9

មាជ សុខរ៉ា បានក្លាយជាម្ចាស់ខ្សែក្រវាត់ ក្រោយឈ្នះគូសត្រូវចាស់ Keng Kat ទាំងវេទនា

1 week ago​ | ដោយ V-Dara

កីឡាករជើងចាស់ មាជ សុខរ៉ា បានប្រឹងប្រែងប្រកួតអស់ពីចិត្ត ក្នុងការយកឈ្នះគូសត្រូវចាស់ ដែលជាជើងខ្លាំងមកពីថៃ Keng Kat ទាំងវេទនា ក្នុងវគ្គផ្តាច់ព្រ័ត្រ នៅលើសង្វៀន SEATV កាលពីថ្ងៃអាទិត្យ ម្សិលមិញ ដើម្បីក្លាយជាម្ចាស់ខ្សែក្រវាត់ Wurkz ក្នុងប្រភេទទម្ងន់ ៦៧គីឡូក្រាម អមជាមួយប្រាក់រង្វាន់២០លានរៀល។

នៅមុនការជួបគ្នា ក្នុងវគ្គផ្តាច់ព្រ័ត្រនេះ មាជ សុខរ៉ា ធ្លាប់បានបង្កឲ្យមានភាពមន្ទិលម្តងហើយ នៅពេលរូបគេប្រកួតជាមួយ Keng Kat ក្នុងវគ្គជម្រុះ។ កាលនោះ Keng Kat បានបុក១ជង្គង់ឲ្យ សុខរ៉ា ឆ្អល់ រួចថែម១ជង្គង់ទៀត ស្របពេលក្បាលរបស់ សុខរ៉ា ជាប់ទៅនឹងខ្សែរេញ ហើយពេលនោះ មាជ សុខរ៉ា ធ្វើជាសន្លប់ក្រោកឡើងមករួច ក្នុងបំណងចង់ឈ្នះដោយការស៊ីឡាក់ ប៉ុន្តែអាជ្ញាកណ្តាលនៅតែផ្តល់ជ័យជម្នះទៅឲ្យ Keng Kat។

យ៉ាងណាមិញ សម្រាប់ការជួបគ្នាជាថ្មី ក្នុងវគ្គផ្តាច់ព្រ័ត្រនេះ មាជ សុខរ៉ា បានព្យាយាមវាយលុកទៅលើ Keng Kat ជាបន្តបន្ទាប់ តាមរយៈការម៉ាត់ និងតាមពីក្រោយការវាយកែង។ ក្បាច់នេះបានធ្វើឲ្យ Keng Kat បែកនៅលើថ្ងាសខាងស្តាំហូរឈាមសស្រាក ប៉ុន្តែការចាប់បុកជង្គង់របស់ថៃម្នាក់នេះ បានធ្វើឲ្យ សុខរ៉ា ជួបការលំបាកយ៉ាងខ្លាំង និងបានដួលជាបន្តបន្ទាប់ផងដែរ។

នៅក្រោយការប្រកួតបានបញ្ចប់ទាំង មាជ សុខរ៉ា និង Keng Kat សុទ្ធតែមានទំនុកចិត្តក្នុងការឈ្នះ ខណៈការវាយតម្លៃតាមការប្រកួតឃើញថា ថៃវាយចូលបានច្រើនជាង ពិសេសការបុកជង្គង់ តែទម្ងន់វាយនោះស្រាលជាងការម៉ាត់ និងវាយកែងរបស់ មាជ សុខរ៉ា។ ទោះយ៉ាងណា ចៅក្រោម៣នាក់ បានសម្រេចឲ្យ មាជ សុខរ៉ា ឈ្នះពិន្ទុ Keng Kat ដោយមិនឯកច្ឆន្ទ ៣-២ ដើម្បីក្លាយជាម្ចាស់ខ្សែក្រវាត់ អមដោយទឹកប្រាក់២០លានរៀល ហើយ Keng Kat ទទួលបាន១២លានរៀល ក្នុងនាមជាអ្នកចាញ់៕

កែសម្រួលដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.