v9

ចាន់ រតនា និងគុនខ្មែរ បានផ្លាស់ប្តូរជិវិតក្មេងប្រុសម្នាក់

2 weeks ago​ | ដោយ V-Dara

ជើងចាស់គុនខ្មែរ ចាន់ រតនា ប្រចាំ ONE Championship សព្វថ្ងៃកំពុងហ្វឹកហាត់យ៉ាងសស្រាក់សស្រានដើម្បីត្រៀមខ្លួនចូលក្នុងទ្រុងប្រដាល់ ONE: DESTINY OF CHAMPIONS សំរាប់ថ្ងៃសុក្រ ទី ០៧ ខែ ធ្នូខាងមុខនេះ។

ថ្វីបើត្រូវឡើងទៅប្រកួតនៅក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ក៏ពិតមែន តែកីឡាករប្រដាល់វវ័យ ៣២ឆ្នាំរូបនេះ នឹងមានកូនក្រុមពីក្លឹបសិល្បៈ ក៏ដូចជានឹងមានអ្នកគាំទ្រជាច្រើនពីទីក្រុងភ្នំពេញចូលរួមជូនដំណើរផងដែរ។ ក្នុងចំណោមអ្នកគាំទ្រទាំងនោះមានកុមារអាយុ១២ឆ្នាំម្នាក់មានឈ្មោះថា សុខ សាន។ សុខ សាន បានចាប់ផ្តើមចូលហ្វឹកហាត់កីឡារក្បាច់គុនតាំងពីអាយុ ៨ ឆ្នាំមកម្លេះ ហើយក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ គេបានហ្វឹកហាត់ជាមួយលោកគ្រូ ចាន់ រតនា។ សាន រំលឹកថា៖ «ពេលខ្ញុំជិះម៉ូតូជាមួយប៉ាម៉ាក់ ខ្ញុំក៏ឃើញក្លឹប(សិល្បៈ) ហ្នឹង។ ខ្ញុំចូលទៅសួរចង់ដឹងថាគេហាត់ក្បាច់គុនអត់ ហើយនិងព័ត៌មានផ្សេងៗ។ រួចខ្ញុំសុំប៉ាចូលហាត់តែម្តងទៅ គាត់ក៏ជំរុញខ្ញុំឲ្យហាត់ដែរ»។

ឥឡូវ​នេះសុខ សាន មកហាត់ក្បាច់គុននៅក្លឹបសិល្បៈ ៥ ដងក្នុងមួយសប្តាហ៍។ ដោយមានលោកគ្រូ រតនា បង្ហាត់ផ្ទាល់ជាមួយ ឃើញថាសមត្ថភាព សុខ សាន មានការរីកចម្រើនខ្លាំងមិនគួរឲ្យជឿ ជាពិសេសបានជួយដល់សុខភាពគាត់បានគ្រាន់បើជាងមុនឆ្ងាយ។ សាន ពន្យល់៖ «ខ្ញុំកើតជំងឺហឺត ពេលណាខ្ញុំខ្អកម្តងៗខ្ញុំដង្ហក់ខ្លាំងណាស់»។ មិនត្រឹមតែជួយដល់សុខភាពខ្លាំងនោះទេ គាត់បានចេះក្បាច់ការពារខ្លួន និងមានជំនឿចិត្តលើខ្លួនឯងខ្លាំងណាស់ដែរ។

សុខ សាន ត្រូវគេធ្វើបាបដូចក្មេងៗដ៏ទៃអញ្ចឹង ប៉ុន្តែបន្ទាប់ពីបានហាត់រៀនក្បាច់គុនជាមួយគ្រូ ចាន់ រតនា មកគាត់ចេះស្នៀតការពារខ្លួនជាច្រើន ហើយក៏មានសីលធម៌ក្នុងខ្លួនខ្ពស់ណាស់ដែរ។ សាន និយាយបន្ត៖ «នៅសាលា មានក្មេងៗខ្លះធ្លាប់មកបង្អាប់ខ្ញុំ ធម្មតាខ្ញុំមិនដែលនិយាយអីទៅវិញទេ ខ្ញុំដើរចេញតែម្តង។ តែឥឡូវ​វិញ គេអត់ហ៊ានជាមួយខ្ញុំទេ ព្រោះខ្ញុំអត់ខ្លាច»។ ឱកាសដែលបានហ្វឹកហាត់ជាមួយនិមិត្តរូបគុនខ្មែរមួយរូប បានជម្រុញទឹកចិត្តខ្លាំងដល់សុខ សាន។

កូនសិស្សគុនខ្មែរវ័យក្មេងម្នាក់នេះ មានគំរោងដើរតាមគន្លងរបស់និមិត្តរូបរបស់ខ្លួន ហើយក៏ចង់មានអាជីពជាអ្នកគូរប្តង់ម្នាក់ផងដែរ។ យ៉ាងណាក៏ដោយ គាត់មិនទាន់ត្រូវជ្រើសរើសអាជីពណាមួយនាពេលឆាប់ៗឡើយ។ សុខ សាន និយាយថាខ្លួនចូលចិត្តរៀន ហើយសប្បាយពេលបានទៅហាត់សឹងរាល់ថ្ងៃជាមួយបងប្រុសខ្លួននៅក្លឹប សិល្បៈ។ ម្យ៉ាងបានហាត់ជាមួយគ្រូគុនខ្មែរលំដាប់ពិភពលោកទៀត ពិតជាមានតម្លៃខ្លាំងណាស់ក្នុងជីវិតរបស់ខ្លួន។ «ខ្ញុំហាត់ជាមួយគាត់សប្បាយណាស់។ គាត់រាក់ទាក់ ហើយពូកែខាងទាត់ និងដាល់»។សាន លើកទឹកចិត្តឲ្យគ្រប់គ្នាមកហាត់រៀនក្បាច់គុន ហើយទទួលយកអត្ថប្រយោជន៍ច្រើនដូចខ្លួន។

លើសពីនេះ គាត់ក៏ចាត់ទុកវិស័យក្បាច់គុន និងសង្វៀនអន្តរជាតិដូចជា ONE Championship ជាមធ្យោបាយមួយដែលអាចផ្សព្វផ្សាយឲ្យមនុស្សជាច្រើនស្គាល់ពី ព្រះរាជាណាចក្រកម្ពុជា ផងដែរ។ គាត់បន្ថែមថា៖ «ពេលមានមនុស្សច្រើនចេះកីឡារ នឹងមានមនុស្សច្រើនឡើងប្រកួតអន្តរជាតិ។ អញ្ចឹង ពេលនោះ នឹងធ្វើឲ្យគេស្គាល់កម្ពុជាកាន់តែខ្លាំងឡើង»។

កែសម្រួលដោយ៖ Cambosport
អត្ថបទ៖ Matias Andres

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.