v9

ឈុត សេរីវ៉ាន់ថង ទទួលបានលេខ១ មុនជួបអ្នកជំនួស ឯ រឿង សោភ័ណ្ឌ ប៉ះម្ចាស់ខ្សែក្រវាត់ថៃ

2 weeks ago​ | ដោយ V-Dara

កីឡាករជើងខ្លាំងវ័យក្មេងមកពីជាយដែន ឈុត សេរីវ៉ាន់ថង បានទទួល៣ពិន្ទុដោយស្វ័យប្រវត្តិ ក្នុងការប្រកួតជម្រុះលើកទី៤ចុងក្រោយរបស់គេ ដើម្បីទទួលបានចំណាត់ថ្នាក់លេខ១ ក្នុងវគ្គជម្រុះវិលជុំការប្រកួតដណ្តើមពានអន្តរជាតិកំពូលអ្នកប្រដាល់កណ្តាប់ដៃដែក ISI Palm ទម្ងន់៥៧គីឡូក្រាម នៅសង្វៀន CNC។

ការទទួលបាន៣ពិន្ទុដោយស្វ័យប្រវត្តិនេះ ក៏ព្រោះតែគូប្រកួតរបស់គេជាជនជាតិថៃឈ្មោះ សុផាបណយ មានរបួសបាក់ឆ្អឹងដៃ ក្នុងពេលរូបគេប្រកួតជាមួយ ឡុង ជិន កាលជុំទី៣។ យ៉ាងណាក៏ដោយ នៅរសៀលថ្ងៃអាទិត្យនេះ ឈុត សេរីវ៉ាន់ថង ត្រូវបានដាក់ឲ្យប្រកួតជាមួយថៃ Phit Moha ជំនួសវិញ តែនេះគ្រាន់តែជាការប្រកួតបង្រ្គប់កិច្ច ដើម្បីកំដរ សេរីវ៉ាន់ថង ឆ្ពោះទៅកាន់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

ចំណែកកីឡាករកម្ពុជា ឡុង ជិន ត្រូវប្រកួតដណ្តើម៣ពិន្ទុជាមួយជើងខ្លាំងរបស់ថៃ Thnou Soeklek ហើយការប្រកួតនេះ ឡុង ជិន អាចនឹងមានការលំបាកច្រើន ព្រោះ Thnou Soeklek ដែលបានយកឈ្នះ ធន់ មករា ឈ្នះជើងខ្លាំង សុខ ធី តែបានភ្លាត់ចាញ់សន្លប់ ឈុត សេរីវ៉ាន់ថង នោះ ត្រូវការឈ្នះខ្លាំងបំផុត ដើម្បីធ្វើឲ្យមានភាពប្រាកដថា រូបគេ ទទួលបានឱកាសឡើងទៅប្រកួត នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

បន្ថែមទៅលើការប្រកួតជម្រុះដណ្តើមពានអន្តរជាតិនេះ ជើងខ្លាំង រឿង សោភ័ណ្ឌ បានវិលមកបង្ហាញសមត្ថភាពជាថ្មី នៅលើសង្វៀន CNC នាថ្ងៃអាទិត្យនោះដែរ ជាថ្មីម្តងទៀត ដើម្បីរំឭកឡើងវិញនៅអនុស្សាវរីយ ដែលរូបគេបានបន្សល់ទុក នៅសង្វៀនមួយនេះ ហើយលើកនេះ សោភ័ណ្ឌ ត្រូវបានដាក់ឲ្យប្រកួតមិត្តភាពអន្តរជាតិជាមួយថៃ Phak Lang Chhouk ក្នុងទម្ងន់៦៩គីឡូក្រាម។

គេនៅមិនទាន់ដឹងថា គូប្រកួតរបស់ រឿង សោភ័ណ្ឌ ឈ្មោះ Phak Lang Chhouk មានសមត្ថភាពប្រកួតប៉ុណ្ណា ហើយអាចទប់នឹងកណ្តាប់ដៃធ្ងន់ និងរន្ទះជើងគ្មានមេត្តា របស់សិស្សគណក្លិបមកុដរាជសីហ៍ បានឬក៏យ៉ាងណានោះទេ។ ប៉ុន្តែនៅក្នុងរូបភាពដែល CNC បានបង្ហាញ គឺថៃម្នាក់នេះ មានពាក់ខ្សែក្រវាត់១ ដែលរូបគេដណ្តើមបាន ហេតុនេះសមត្ថភាពប្រកួតរបស់គេ ប្រហែលជាមិនមែនជាមាន់សម្ល ឡើងគ្រាន់តែកំដរ រឿង សោភ័ណ្ឌ ដើម្បីយកតែប្រាក់តម្លៃខ្លួននោះទេ៕

កែសម្រួលដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.