v9

មហាផ្ទៃ បន្តឈ្នះបានមេដាយច្រើនជាងគេ ក្នុងការប្រកួតកាយសម្ព័ន្ធ ប្រចាំឆ្នាំ២០១៨

2 weeks ago​ | ដោយ V-Dara

ក្រុមអត្តពលិករបស់សមាគមកីឡាក្រសួងមហាផ្ទៃ នៅតែអាចរក្សាបានភាពខ្លាំងរបស់ខ្លួន ក្នុងការប្រជែងយកមេដាយមាស ប្រាក់ និងសំរឹទ្ធ បានច្រើនជាងគេ នៅក្នុងការប្រកួតកីឡាកាយសម្ព័នជ្រើសរើសជើងឯកថ្នាក់ជាតិ និងពានរង្វាន់ឯកឧត្តមបណ្ឌិត ថោង ខុន លើកទី២ ឆ្នាំ២០១៨ ដែលបានបញ្ចប់កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ដើម្បីបន្តការពារតំណែងជើងឯក ដែលពួកគេដណ្តើមបាន កាលពីឆ្នាំមុន។

តាមរយៈការប្រកួតប្រជែងចំនួន៤ថ្ងៃ លើវិញ្ញាសាចំនួន១៣ នៅសាលដំបូលទូក នៃពហុកីឡដ្ឋានជាតិ ហើយបានឈានដល់ទីបញ្ចប់ កាលពីល្ងាចថ្ងៃម្សិលមិញនេះ ក្រុមអត្តពលិករបស់ក្រសួងមហាផ្ទៃ ធ្វើបានល្អទាំងការប្រកួតកាយសម្ព័ន្ធអាទីស្ទីក និងកាយសម្ព័ន្ធអាអេរ៉ូប៊ិក ដើម្បីឈ្នះបានមេដាយមាសសរុបចំនួន៤ ប្រាក់៦ និងសំរឹទ្ធ៣។

យ៉ាងណាក៏ដោយ ការបន្តទទួលបានលេខ១ ក្នុងនាមជាអ្នកឈ្នះបានមេដាយច្រើនជាងគេនេះ ក្រសួងមហាផ្ទៃ មានប្រៀបលើក្រុមអត្តពលិកខេត្តកំពង់ឆ្នាំង ត្រឹមមេដាយប្រាក់៣ប៉ុណ្ណោះ ព្រោះនៅក្នុងការប្រកួតនេះ ខេត្តកំពង់ឆ្នាំង បានឈ្នះមេដាយមាស៤ ដូចមហាផ្ទៃដែរ តែពួកគេដណ្តើមបានមេដាយប្រាក់ត្រឹម៣ និងសំរឹទ្ធ៣ ធ្វើឲ្យពួកគេ ឈរនៅចំណាត់ថ្នាក់លេខ២។

ចំណែកក្រុមអត្តពលិកខេត្តក្រចេះ ដណ្តើមបានមេដាយមាស៣ ប្រាក់៤ សំរឹទ្ធ៦ ហើយខេត្តតាកែវ បានមេដាយមាស២ និងសំរឹទ្ធ២ គឺមានន័យថា សម្រាប់ការប្រកួតនៅឆ្នាំនេះ អត្តពលិកទាំង៧៤នាក់ ដែលបានចូលរួម សុទ្ធតែដណ្តើមបានមេដាយមាស ជូនដល់ខេត្ត និងសមាគមរបស់ពួកគេរៀងៗខ្លួន។ រីឯប្រាក់រង្វាន់ដែលទទួលបាន ក៏មានការកើនឡើងច្រើនជាងឆ្នាំមុនផងដែរ គឺអ្នកលេខ១ បាន៥០ម៉ឺនរៀល លេខ២បាន៤០ម៉ឺនរៀល និងលេខ៣ បាន៣០ម៉ឺនរៀល ខណៈការប្រកួតជាក្រុម មានគ្នា៦នាក់ លេខ១បាន៣លានរៀល។

ទាក់ទងនឹងការប្រកួតនេះ លោក ផាន់ណា បានថ្លែងថា៖ «ការប្រកួតនៅឆ្នាំនេះ មានលក្ខណៈប្រសើរច្រើនណាស់ គឺសូម្បីតែចៅក្រម ក៏មានការកើនឡើង ក្នុងការយល់ដឹង ទៅបទបញ្ជាថ្មីមួយចំនួន ដែលយើងបានយកមកអនុវត្ត ក្នុងការប្រកួតនេះផងដែរ»។

លោកបានបញ្ជាក់ថា៖ «នៅក្នុងការប្រកួតនេះ អត្តពលិករបស់យើង មានការប្រកួតប្រជែងគ្នាខ្លាំងមែនទែន និងសុទ្ធតែដណ្តើមបានមេដាយជូនខេត្ត និងសមាគមរបស់ពួកគេ ហើយការប្រជែងគ្នាខ្លាំងនេះ គឺទី១ ដោយសារការកើនឡើងបច្ចេកទេសរបស់គាត់ និងទី២ពាក់ព័ន្ធ នឹងកញ្ចប់ថវិកាលើកទឹកចិត្ត ដែលឯកឧត្តមបណ្ឌិតប្រធាន ថោង ខុន បានបង្កើនការផ្តល់ប្រាក់រង្វាន់ច្រើន។ រីឯចៅក្រម ក៏មានការកើនឡើង និងមានភាពវៃឆ្លាត ដែលធ្វើឲ្យការដាក់ពិន្ទុ និងចាប់នូវរាល់សកម្មភាពប្រកួតរបស់អត្តពលិករបស់ពួកគាត់ គឺស្ទើរតែគ្មានកំហុស»៕

កែសម្រួលដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.