v9

តើ ឡៅ ចិត្រ្តា និង ចាន់ ប៊ុនហឿន អាចបន្តឈ្នះថៃ និងឡាវ ដើម្បីទៅជួបគ្នាវគ្គផ្តាច់ព្រ័ត្រអត់?

2 weeks ago​ | ដោយ V-Dara

កីឡាករជើងខ្លាំងរបស់កម្ពុជា ឡៅ ចិត្ត្រា និង ចាន់ ប៊ុនហឿន នឹងត្រូវឡើងប្រកួតការពារជ័យជម្នះរបស់ពួកគេ ក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដណ្តើមខ្សែក្រវាត់ភេសជ្ជៈខារ៉ាបាវ ក្នុងប្រភេទទម្ងន់៦១គីឡូក្រាម នៅលើសង្វៀនបាយ័នស្ទឹងមានជ័យ នាល្ងាចម៉ោង៦ ដល់ម៉ោង៨យប់ ថ្ងៃអាទិត្យនេះ ដើម្បីរកអ្នកឈ្នះឡើងទៅជួបគ្នា នៅវគ្គផ្តាច់ព្រ័ត្រ។

នៅក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះជើងខ្លាំង ឡៅ ចិត្ត្រា របស់ក្លិបកងពលតូចទ័ពពិសេសឆត្រយោង៩១១ ដែលជាប្អូនប្រុសបង្កើតរបស់ ឡៅ ស៊ីណាត និង ឡៅ ចន្ទ្រា នឹងត្រូវវិលទៅជួបអ្នកប្រយុទ្ធរបស់ថៃ Khumpichit រីឯ ចាន់ ប៊ុនហឿន របស់ក្លិបនិរោធមានជ័យ ត្រូវប៉ះជាមួយអ្នកប្រដាល់ថៃ Nampetch។

នៅក្នុងដំណាក់កាលដ៏សំខាន់នេះ ឡៅ ចិត្ត្រា ដែលបានឈ្នះទាំង៤ប្រកួត ដើម្បីទទួលបានលេខ១ប្រចាំពូលA ត្រូវបានគេមើលឃើញថា អាចមានភាគរយខ្ពស់ ក្នុងការឈានទៅវគ្គផ្តាច់ព្រ័ត្រ ព្រោះជើងខ្លាំងវ័យក្មេងម្នាក់នេះ មានក្បាច់សម្លាប់ដ៏សម្បូរបែប ហើយអ្វីដែលសំខាន់នោះ ចិត្រ្តា ធ្លាប់បានផ្តួល Khumpichit ឲ្យសន្លប់ត្រឹមទឹកទី៣ ក្នុងពេលប្រកួតជម្រុះវិលជុំ ម្តងទៅហើយ ហេតុនេះ ឡៅ ចិត្ត្រា កាន់តែមានទំនុកចិត្តខ្ពស់ សម្រាប់ការជួប Khumpichit ដែលបានឈ្នះ២ និងចាញ់២ប្រកួត ដើម្បីបានលេខ២ប្រចាំពូលB លើកនេះ។

ចំណែក ចាន់ ប៊ុនហឿន ក៏មានទំនុកចិត្តខ្ពស់ ក្នុងការវិលមកជួបឡាវ Nampetch លើកនេះផងដែរ។ បើទោះបីជា Nampetch បានទទួលលេខ១ប្រចាំពូលបរទេស(ពូលB) ជាមួយការឈ្នះ២ និងចាញ់២ដង ប៉ុន្តែឡាវម្នាក់នេះ ធ្លាប់បានចាញ់ពិន្ទុ ប៊ុនហឿន ក្នុងវគ្គជម្រុះ ហើយលទ្ធផលនោះបានធ្វើឲ្យ ចាន់ ប៊ុនហឿន បានឈ្នះទាំង៤ប្រកួត និងមាន១២ពិន្ទុពេញ ដូច ឡៅ ចិត្ត្រា ដែរ គ្រាន់តែគេចាញ់ប្រៀប ចិត្រ្តា ត្រង់ការផ្តួលគូប្រកួតឲ្យសន្លប់បានតិចជាង ទើបរូបគេបានត្រឹមលេខ២ប្រចាំពូលកម្ពុជា(ពូលA)។

យ៉ាងណាក៏ដោយ ចំពោះលទ្ធផលការប្រកួតជាក់ស្តែង គេនៅមិនទាន់ប្រាកដ១០០ភាគរយថា ឡៅ ចិត្ត្រា និង ចាន់ ប៊ុនហឿន អាចបន្តយកឈ្នះលើ Khumpichit និង Nampetch ម្តងទៀត ដើម្បីឡើងទៅជួបគ្នានៅវគ្គផ្តាច់ព្រ័ត្រ ឬយ៉ាងណានោះទេ? ព្រោះនៅក្នុងការប្រកួត ភាពភ្លាត់ស្នៀតវាអាចនឹងកើតមានឡើង បើសិនជានរណាមានការធ្វេសប្រហែសតែបន្តិចនោះ ហើយការបរាជ័យ ក៏នឹងកើតមានឡើង ក្នុងពេលនោះដែរ៕

កែសម្រួលដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.