v9

កីឡាការិនីខ្មែរ-អាមេរិក សុវណ្ណារី ត្រៀមរួចរាល់ឡើងសង្វៀន ONE Championship

2 weeks ago​ | ដោយ V-Dara

ឯម សុវណ្ណារី រង់ចាំពេលវេលាត្រូវឡើងតំណាងកម្ពុជាក្នុងសង្វៀន ONE Championship នៅថ្ងៃសុក្រ ទី០៧ ខែធ្នូ ឆាប់ៗនេះជាយូរមកហើយ។ នាងត្រូវ​បាន​​ផ្គូ​ផ្គង​ឲ្យ​ជួប​ជើង​ខ្លាំងអ៊ុយក្រែន​ Iryna Kyselova ក្នុងការប្រកួតគុនចម្រុះប្រភេទ flyweight នាព្រឹត្តិការណ៍ ONE: DESTINY OF CHAMPIONS ទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។

កីឡាការិនីខ្មែរ-អាមេរិកវ័យ ២៦ ឆ្នាំម្នាក់នេះបានបញ្ចប់ការហ្វឹកហាត់ត្រៀមរួចរាល់ ហើយមានមហិច្ចតាបង្ហាញឲ្យជនរួមជាតិបានឃើញពីសមត្ថភាពរបស់ខ្លួនលើឆាក ONE ឲ្យភ្ញាក់ផ្អែលតែម្តង។ នាង បង្ហើបថា៖ «ចិត្តនិងកាយ ខ្ញុំត្រៀមរួចរាល់ហើយ ខ្ញុំទន្ទឹងចាំតែទៅដល់នោះទេ»។

សុវណ្ណារី បានហ្វឹកហាត់ជាមួយគ្រូបង្វឹកផ្ទាល់ខ្លួនយ៉ាងសកម្មទាក់ទងនឹងស្នៀតយកឈ្នះគូរប្រកួតអ៊ុយក្រែនលើកនេះ គោលបំណងរក្សាកំណត់ត្រារបស់ខ្លួនឲ្យបាន។ ត្រូវរំលឹកផងដែរថា នាងមានកំណត់ត្រាឈ្នះ ២ដងរួចមកហើយ ក្នុងនោះនាងបានផ្តួលដៃគូរឲ្យសន្លប់តែក្នុង ១៨វិនាទី ហើយម្តងទៀតបានអាជ្ញាកណ្តាលឲ្យឈ្នះក្នុងនាទីទី ៧៩ តែប៉ុណ្ណោះ។ នាងជឿជាក់លើខ្លួនឯងខ្លាំងដោយសារបានហ្វឹកហាត់ជាមួយគ្រូបង្វឹកផ្ទាល់លោក Justen Hamilton គ្រូកីឡាជឺជីតស៊ូ ប្រស៊ីល ជើងឯកខ្សែក្រវាត់ត្នោត ក្នុងការប្រកួត Fight Science MMA នៅក្រុងឡូសអេនជ័រលេស សហរដ្ឋអាមេរិក។ «យើងហាត់ជាមួយគ្នាបានល្អណាស់ ដោយសារគាត់មិនត្រូវបង្ហាត់កីឡាករស្រីដ៏ទៃទេ អីចឹងគាត់អាចយកចិត្តទុកដាក់ច្រើនលើការហាត់ក្បាច់គុនរបស់ខ្ញុំ»។ «ក្នុងអំឡុងពេលមួយខែ ពីរខែនេះ ខ្ញុំរីកចម្រើនបានច្រើនណាស់។ ការប្រកួតមួយនេះ គឺជាឱកាសធំមែនទែន មិនមែនតែសំរាប់ខ្ញុំម្នាក់ទេ តែក៏សំរាប់គាត់ដែរ។ ពីរនាក់យើងរំភើបខ្លាំងណាស់»។

សុវណ្ណារី មានជំនឿថាចំនុចខ្លាំងរបស់ខ្លួនគឺខ្លួនពូកែខាងដាល់ចំៗ តែយ៉ាងណាមិញនាងព្យាយាមហ្វឹកហាត់បន្ថែមឲ្យស្ទាត់ស្នៀតទាំងអស់ទាំងការវៃឈរនិងខាងចំបាប់ផងដែរ ដើម្បីតស៊ូយកឈ្នះជើងខ្លាំងអ៊ុយក្រែន។ ថ្វីបើកីឡាការិនីខ្មែរ-អាមេរិក ចង់ផ្តួលដៃគូរម្នាក់នេះឲ្យដួលឆាប់ៗដូចមុន ប៉ុន្តែនាងក៏បានស្ទង់ឃើញថាប្រឈមមុខជាមួយប៉ះអ៊ុយក្រែនលើកនេះ គេជាកីឡាការិនីជើងឯក Europe West Fight Champion ផង មិនងាយនឹងផ្តួលស្រួលៗនោះទេ ព្រោះគេសុទ្ធតែធ្លាប់ឈ្នះរហូតដោយបើមិនគូរប្រកួតគោះសុំចាញ់ទេ ក៏វៃគេឲ្យសន្លប់ដែរ។ នាងថាបើសិនជាចាំបាច់ នាងនិងវៃឲ្យដល់ទឹកទី៣តែម្តង។

សុវណ្ណារី និយាយថា៖ «គ្រូបង្វឹកខ្ញុំគាត់ពូកែសិក្សាវីដេអូរបស់គូរដែលខ្ញុំត្រូវវៃណាស់ គាត់មើលតាំងពីទំលាប់វៃ និងស្នៀតគេចូលចិត្តប្រើជាងគេ»។«ពេលយើងជួបគ្នាចុងសប្តាហ៍ម្តងៗ គឺយើងផ្តោតផ្ចឹតផ្ចង់ទៅលើស្នៀតត្រូវប្រើដើម្បីតទល់ជាមួយ Iryna ហ្នឹង»។

សុវណ្ណារី កំពុងឈានជើងចូលក្នុងវិថីក្បាច់គុនចម្រុះមួយនេះ ដែលនឹងធ្វើឲ្យអាជីពជាអ្នកប្រដាល់កាន់តែខ្ពស់ឡើង ហើយសប្តាហ៍ក្រោយ នៅកូឡាឡាំពួរ ជាការចាប់ផ្តើមមួយ។ ថ្ងៃសៅរ៍ អាទិត្យនេះ នាងនឹងឡើងយន្តហោះទៅប្រទេសម៉ាឡេស៊ី ហើយទុកពេលពីរ បី ថ្ងៃសំរាប់ហាត់បន្ថែមនៅទីនោះ ក៏ដូចជាសំរាកយកកម្លាំងមុនត្រូវបង្ហាញខ្លួនក្នុងសង្វៀនដ៏ធំនៅអាស៊ី ដែលមានជើងខ្លាំងជាង ១៣គូរចាំបង្ហាញរិទ្ធរាងៗខ្លួន។

រីឯថ្ងៃទី ០៧ ធ្នូ គាត់នឹងបំពេញកំណត់ត្រាមួយក្នុងអាជីពប្រដាល់របស់ខ្លួន ពេលឈានជើងចូលសង្វៀនរបស់ ONE។ សំរាប់ សុវណ្ណារី ផ្ទាល់នាងយល់ឃើញថាក្បាច់គុនមិនមែនគិតត្រឹមតែដើម្បីប្រកួត ឬនៅក្នុងទ្រុងនោះទេ វាជារបៀបរបបរស់នៅតាមទស្សនៈត្រឹមត្រូវ និងមានរឹសគល់ជាយូរមកហើយ។ គាត់ ប្រាប់បន្ថែមទៀតថា៖ «នេះជាចំនុចពិសេសរបស់ ONE ពួកគេផ្តោតទៅលើកីឡាករកីឡាការិនីរបស់គេនីមួួយៗថាជាមនុស្សល្អឬទេ តើធ្វើម៉េចអាចជួយគ្នាទៅវិញទៅមកបាន ហើយធ្វើម៉េចឲ្យក្លាយជាគំរូល្អខ្លាំងមួយសំរាប់ខ្លួនឯង»។

នេះហើយជាអ្វីដែលអ្នកប្រដាល់ស្រីខ្មែរ-អាមេរិករូបនេះ គ្រោងបង្ហាញជនរួមជាតិ និងទស្សនិកជនទាំងអស់ឲ្យបានឃើញពីអ្វីដែលខ្លួនព្យាយាមដល់កំរិតកំពូលកន្លងមកនៅព្រឹត្តិការណ៍ DESTINY OF CHAMPIONS នេះឯង។

កែសម្រួលដោយ៖ Cambosport
អត្ថបទ៖ Matias Andres

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.