v9

ការប្រកួតចំបាប់ថ្នាក់ជាតិ បានបញ្ចប់ ខណៈក្លិបចូលរួមទាំង៨ សុទ្ធតែដណ្តើមបានមេដាយ

2 weeks ago​ | ដោយ V-Dara

ការប្រកួតកីឡាចំបាប់ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០១៨ ដែលបានដំណើរការប្រកួតទាំងពីថ្ងៃចន្ទមកនោះ បានបញ្ចប់កាលពីល្ងាចថ្ងៃពុធ ម្សិលមិញ ហើយជាលទ្ធផលអត្តពលិកតំណាងឲ្យក្លិបទាំង៨ សុទ្ធតែដណ្តើមបានមេដាយ ត្រឡប់ទៅវិញ។

តាមរយៈការប្រកួតប្រជែងយ៉ាងស្វិតស្វាញចំនួន៣ថ្ងៃពេញនេះថ្នាក់ដឹកនាំសហព័ន្ធកីឡាចំបាប់កម្ពុជា បានមើលឃើញថា គុណភាពនៃការប្រកួតរបស់អត្តពលិកទាំង១០៨នាក់ (ស្រី២០នាក់) មានការកើនឡើងទៅលើបច្ចេកទេស ពិសេសក្រុមយុវជនមកពីតាមបណ្តាខេត្ត ហើយសកម្មភាពនេះបានធ្វើឲ្យការប្រកួតបានបញ្ចប់ដោយជោគជ័យ។

លោក Casey Barnett អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា ដែលបានចូលរួមផ្ទាល់ ក្នុងការប្រកួត និងបានបំពាក់មេដាយ ដល់អត្តពលិកឈ្នះបានមេដាយ នៅថ្ងៃចុងក្រោយនេះ បានថ្លែងថា៖ «ការប្រកួតថ្នាក់ជាតិ នៅឆ្នាំនេះ យើងទទួលបានជោគជ័យជាងឆ្នាំមុនៗ ព្រោះឆ្នាំនេះយើងបានបង្ហាត់ក្រុមយុវជនថ្នាល១៥នាក់ ហើយតាមរយៈការ យើងឃើញពួកគេ បានបញ្ចេញសមត្ថភាពល្អ ហើយការលើកទឹកចិត្តដល់ពួកគេក៏បានល្អដែរ»។

ចំណែកលោក ធិន វិចិត្រ អគ្គលេខាធិការសហព័ន្ធកីឡាចំបាប់កម្ពុជា និងជាប្រធានគ្រប់គ្រងការប្រកួតនេះ បាននិយាយថា៖ «ការប្រកួតនៅឆ្នាំនេះ យើងមើលឃើញថា មានលក្ខណៈប្លែក និងចាប់អារម្មណ៍ ព្រោះក្រុមយុវជនពី៧០ទៅ៧៥ភាគរយ ដែលភាគច្រើនមកពីតាមបណ្តាខេត្តនោះ គឺពួកគេមានសមត្ថភាពរីកចម្រើនទាំងលើការប្រកួតចំបាប់បុរាណ និងចំបាប់សម័យសេរី។ ចំណែកក្រុមកីឡាការិនីវ័យក្មេងមកពីខេត្តប្រមាណ១៥ភាគរយ ក៏មានការរីកចម្រើនលើបច្ចេកទេសប្រកួត ខុសប្លែកពីឆ្នាំមុនៗផងដែរ»។

តាមរយៈការប្រកួតទាំង១៥វិញ្ញាសា ក្នុងការប្រកួតកីឡាចំបាប់ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០១៨នេះ ជាលទ្ធផល ក្រុមអត្តពលិករបស់ក្លិបក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឈរនៅលេខ១ ដោយឈ្នះបានមេដាយមាស៦ ប្រាក់៥ សំរឹទ្ធ២ គឺមានប្រៀបលើក្រុមក្រសួងមហាផ្ទៃ តែបន្តិចប៉ុណ្ណោះ ដែលឈ្នះបានមាស៦ ប្រាក់៤ សំរឹទ្ធ៣ និងលេខ៣ រីឯក្លិបបារមីម៉ឺនឯក ខេត្តកណ្តាល ឈរនៅលេខ៣ ដោយឈ្នះបានមេដាយមាស១ ប្រាក់២ និងសំរឹទ្ធ៧។

ចំណែកក្រុមអត្តពលិករបស់ក្លិបយាយព្រីងមានរិទ្ធ បានឈរនៅលេខ៤ ដោយឈ្នះមេដាយមាស១ ប្រាក់១ សំរឹទ្ធ៤ ហើយតាមពីក្រោយដោយក្លិបរិទ្ធីសែនខេត្តកំពង់ឆ្នាំង ឈ្នះបានមាស១ សំរឹទ្ធ២ ក្លិបខេត្តព្រៃវែង ឈ្នះបានប្រាក់៣ សំរឹទ្ធ៥ ក្លិបឃ្លាំងមឿងខេត្តពោធិ៍សាត់ បានមេដាយសំរឹទ្ធ២ និងក្លិបប្រយ៉ាបមានរិទ្ធិ បានមេដាយសំរឹទ្ធ១៕

កែសម្រួលដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.