v9

គ្រូតាក្រមាមាស សាន គឹមស៊ាន និងកូនប្រុស បានក្លាយជាតួឯកក្នុងខ្សែភាពយន្តថ្មី

2 weeks ago​ | ដោយ V-Dara

លោកគ្រូតាក្រមាមាស ស៊ាន គឹមស៊ាន ដែលគេស្គាល់ថា ជាអ្នកចងក្រងប្រវត្តិក្បាច់គុនល្បុក្កតោ បានចំណាយពេលជាង១០ឆ្នាំ និងកូនប្រុសរបស់គាត់ឈ្មោះ ស៊ាន អង្គរាជជីវ័ន្ត បានក្លាយជាតួឯក នៅក្នុងការផលិតខ្សែភាពយន្តឯកសារមួយ មានចំណងជើងថា «ព្រលឹងល្បុក្កតោ»។

ខ្សែភាពយន្ត «ព្រលឹងល្បុក្កតោ» នេះ គឺជាស្នាដៃនិពន្ធដោយផ្ទាល់របស់លោក សាន គឹមស៊ាន ដែលលោកបានចំណាយពេលអស់ជាច្រើនឆ្នាំក្នុងការស្រាវជ្រាវផង និងនិពន្ធផង ហើយខ្សែភាពយន្តនេះ គ្រោងចំណាយពេលថតចំនួន៥ខែ និងបានដំណើរការថត កាលពីដើមខែវិច្ឆិកា កន្លងមកនេះ។

ជុំវិញការការផលិតបានជាខ្សែភាពយន្តនេះ លោក សាន គឹមស៊ាន បានប្រាប់កាសែតក្នុងស្រុកមួយ កាលពីថ្ងៃអង្គារថា៖ «ភាពយន្តព្រលឹងល្បុក្កតោ គឺជាស្នាដៃរបស់ខ្ញុំ បានប្រឹងប្រែងចងក្រង និងសរសេរអស់រយៈពេល៥ឆ្នាំ ហើយថ្មីៗនេះលោក តឹក ង៉ូយ បានផ្តល់ប្រាក់ទាំងស្រុង ដើម្បីផលិតឯកសារភាពយន្ត ជាប្រវត្តិសាស្ត្រមួយនេះ ខណៈអ្នកដឹកនាំសម្តែង គឺខ្ញុំ ហើយតួឯកក្នុងរឿងនេះ គឺខ្ញុំ និងកូនប្រុសរបស់ខ្ញុំ ស៊ាន អង្គរាជជីវ័ន្ត»។

បើតាមការរៀបរាប់របស់លោក សាន គឹមស៊ាន បានឲ្យដឹងថា ខ្សែភាពយន្ត «ព្រលឹងល្បុក្កតោ» នេះ ត្រូវចំណាយប្រាក់អស់ខ្ទង់ជាង៥ម៉ឺនដុល្លារ ហើយក្នុងសាច់រឿង នឹងបង្ហាញឲ្យឃើញនូវក្បាច់គុនប្រពៃណីជាតិខ្មែរ ជាមរតកវប្បធម៌ដ៍ថ្លៃថ្លា គឺខ្មែរជាម្ចាស់ដើមនៃក្បាច់គុន។

ជាមួយគ្នានេះ សាច់រឿងបានបង្ហាញនូវអ្នកចេះក្បាច់គុនខ្មែរបុរាណ មានល្បុក្កតោនេះច្បាស់លាស់ គឺយកទៅប្រើប្រាស់ក្នុងផ្លូវគុណធម៌ និងទទួលបានផលល្អ សំណាងល្អ ហើយ តួអង្គសម្តែងផ្សេងទៀត ក្នុងសាច់រឿងនេះ គឺ១០០ភាគរយជាគ្រូ និងអត្តពលិក ដែលជាក្រុមគ្រួសារកីឡាល្បុក្កតោតែម្តង ដែលធ្វើឲ្យការថត មិនសូវមានការលំបាកទេ៕

កែសម្រួលដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.