v9

កីឡាការិនីស្នូកឃ័រដ៏ឆ្នើម ស្រួង ភាវី ឈ្នះពានជើងឯកអាស៊ី មុនវិលមកបើកក្លិបនៅកម្ពុជា

2 weeks ago​ | ដោយ V-Dara

កីឡាការិនីជម្រើសជាតិស្នូកឃ័រ និងប៊ីយ៉ាដ៏ឆ្នើមរបស់កម្ពុជា ស្រួង ភាវី បានកត់ត្រានូវជ័យជម្នះដ៏អស្ចារ្យមួយទៀត គឺការទទួលបានចំណាត់ថ្នាក់លេខ១ ក្នុងការប្រកួតស្នូកឃ័រជើងឯកអាស៊ី នៃព្រឹត្តិការណ៍ The 1st Asian Championship Ladies 3-Cushion 2018 នៅក្រុងសេអូល ប្រទេសកូរ៉េខាងត្បូង។

ស្រួង ភាវី ដែលមានស្វាមីជាជនជាតិកូរ៉េ ហើយបានរស់នៅកូរ៉េនោះ ធ្លាប់បានឈ្នះពាន និងមេដាយមាស ច្រើនលើកមកហើយ នៅក្នុងការប្រកួតស្នូកឃ័រ និងប៊ីយ៉ា នៅលើឆាកអន្តរជាតិ ប៉ុន្តែជ័យជម្នះទាំងនោះ គឺអ្នកស្រីលេងតំណាងឲ្យក្លិបនៅកូរ៉េ ខណៈសហព័ន្ធកីឡាស្នូកឃ័រ និងប៊ីយ៉ាកម្ពុជា មិនទាន់ត្រូវបានបើកឲ្យមានជាផ្លូវការនោះ។

យ៉ាងណាក៏ដោយ ការដណ្ដើមបានតំណែងជើងឯក នៅក្នុងការប្រកួតជើងឯកអាស៊ី The 1st Asian Championship Ladies 3-Cushion 2018 នេះ វាបានក្លាយជាជ័យជម្នះធំថ្មីមួយទៀត បន្ថែមទៅលើការឈ្នះមេដាយសំរឹទ្ធ ក្នុងការប្រកួតជើងឯកពិភពលោក នៅប្រទេសតួរគី កន្លងមកនេះ គឺបន្ទាប់ពី ស្រួង ភាវី បានក្លាយជាកីឡាការិនីជម្រើសជាតិ និងលេងតំណាងឲ្យកម្ពុជា។

ជុំវិញជ័យជម្នះនេះ កីឡាការិនី មានដើមកំណើតនៅខេត្តត្បូងឃ្មុំ ស្រួង ភាវី បានប្រាប់កាសែតក្នុងស្រុកមួយថា៖ «ខ្ញុំមានការសប្បាយចិត្តខ្លាំងណាស់ ដែលប្រកួតឈ្នះតំណែងជើងឯក ក្នុងនាមជាកីឡាការិនីលេងតំណាងឲ្យកម្ពុជា ហើយក្រោយទទួលបានជោគជ័យ នៅចុងឆ្នាំនេះ ខ្ញុំនឹងវិលទៅកម្ពុជា នាខែធ្នូ ខាងមុខនេះ ដើម្បីសហការជាមួយសប្បុរសជន នៅកូរ៉េ បង្កើតក្លិបស្នូឃ័រនិងប៊ីយ៉ា ជួយបណ្តុះបណ្តាលឲ្យក្មេងៗ នៅកម្ពុជា បានហ្វឹកហាត់ ទៅតាមក្តីបំណងរបស់ខ្ញុំ»។

គួរបញ្ជាក់ថា នៅក្នុងការប្រកួតជើងឯកអាស៊ីផ្នែកនារី The 1st Asian Championship Ladies 3-Cushion 2018 ដែលសហព័ន្ធកីឡាស្នូកឃ័រ និងប៊ីយ៉ាអាស៊ី ទើបបានបង្កើតឡើង ជាលើកដំបូងនេះ មានជើងខ្លាំងចំនួន១៦នាក់ចូលរួម ក្នុងនោះមានមកពីជប៉ុន៦នាក់ កូរ៉េ៩នាក់ និង ស្រួង ភាវី របស់កម្ពុជា ហើយជាលទ្ធផល ភាវី បានឈ្នះគ្រប់ការប្រកួតទាំងអស់ មុនទៅផ្តួលកីឡាការិនីម្ចាស់ផ្ទះ ៣០-២២ ដើម្បីទទួលបានចំណាត់ថ្នាក់លេខ១ លើកនេះ៕

កែសម្រួលដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.